ពោធិ៍សាត់៖ «ក្រវាញ» គឺសម្រាប់សម្គាល់ជួរភ្នំក្រវាញ នៅក្នុងខេត្តពោធិ៍សាត់ និងសម្រាប់សម្គាល់សិល្បៈរបាំបេះក្រវាញនិងសម្គាល់ដំណាំ ក្រវាញ ផងដែរ។ ដោយឡែក របាំបេះក្រវាញ
ជារបាំប្រពៃណីរបស់ជនជាតិដើមភាគតិច ដែលស្ថិតនៅតំបន់ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ របាំនេះ បានបង្ហាញពីភាពសម្បូរបែបនៃ រុក្ខជាតិក្រវាញនៅតាមជួរភ្នំក្រវាញ។
ងាកមកចាប់អារម្មណ៍ពីអ្នកហាត់របាំបេះក្រវាញវិញម្តង កញ្ញា ចាន់ថាស្រីនាង អ្នករាំរបាំបេះក្រវាញ ដែលមានស្រុកកំណើតនៅ ស្រុកបាកាន ខេត្តពោធិ៍សាត់។
កញ្ញា ស្រីនាង ចាប់ផ្តើមហាត់របាំនេះនៅវ័យ១៧ឆ្នាំ ដោយសារការស្រឡាញ់សិល្បៈតាំងពីក្មេង។ ក្រៅពី ស្រីនាង ក៏នៅមានបងប្អូនស្រីចំនួន២នាក់ទៀតដែលជាអ្នករាំរបាំប្រពៃណីដូចគ្នា ដោយរបាំដែលពួកគេចេះមានដូចជារបាំបេះក្រវាញ ស្រីនាង ក៏ចេះរាំរបាំជូនពរ នារីជាជួរ របាំក្ងោក និងរបាំផ្សេងទៀតផងដែរ។
កញ្ញា ចាន់ថា ស្រីនាង ជាសមាជិករាំរបាំបេះក្រវាញ ជាមួយកញ្ញា ស្រីនិច។ រូបភាពពី៖ កញ្ញា សែម ប្រាក់ដាវ
កញ្ញា ស្រីនាង បានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួនមុនពេលចូលហាត់ថា៖ «របាំនេះពេលរាំទៅបង្កឱ្យមានភាពសប្បាយ។ខ្ញុំឃើញគេរាំទំនង ទើបចាប់អារម្មណ៍ចង់ចូលហាត់ ណាមួយរបាំនេះបានបង្ហាញពីដើមក្រវាញដែលស្ថិតនៅស្រុកក្រវាញ ខេត្តពោធិ៍សាត់។»
របាំនេះពិបាកហាត់ ធ្វើឱ្យយុវតីវ័យ ២០ រូបនេះ ត្រូវហ្វឹកហាត់ពត់ខ្លួននិងរាំតាមរបៀបក្រឡារបាំឱ្យត្រូវចង្វាក់ ប្រសិនជាដើរក្រឡាខុសត្រូវដើរក្រឡាសារជាថ្មី។
អ្នកហាត់របាំវ័យ២០ឆ្នាំរូបនេះ បានប្រើរយៈពេលជាង២ខែទម្រាំហាត់ស្ទាត់ និងអាចឡើងសម្តែងបាន។ បើគិតមកដល់ពេល ស្រីនាង បានឡើងសម្តែងមិនក្រោម៣០ដងនោះឡើយ។
កញ្ញា ពឿន ស្រីនិច អ្នករាំរបាំបេះក្រវាញ នៅស្រុកបាកាន។ រូបភាពពី៖ កញ្ញា សែម ប្រាក់ដាវ
ក្រៅពីការសម្តែងក្នុងខេត្តពោធិ៍សាត់ កញ្ញា ក៏ធ្លាប់ទៅសម្តែងនៅខេត្តផ្សេងៗដូចជាខេត្តកំពង់ឆ្នាំង បាត់ដំបង និងទីក្រុងភ្នំពេញជាដើម។
មិនខុសពីកញ្ញា ចាន់ថា ស្រីនាង នោះឡើយដែលស្រឡាញ់របាំនេះ កញ្ញា ពឿនស្រីនិច មានអាយុ២០ឆ្នាំរូបនេះ ក៏ជាអ្នកស្រឡាញ់របាំប្រពៃណីខ្មែរផងដែរ។
ចាប់ផ្តើមចូលហាត់ក្នុងឆ្នាំ២០១៦ យុវតីញញឹមស្រស់រូបនេះ បានស្រវាស្រទេញហាត់រៀនដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន។ មេរៀនដំបូងរបស់ កញ្ញា ស្រីនិច ត្រូវហាត់នោះគឺ
ហាត់ក្បាច់បាត រៀនដើរក្រឡា និងយល់ដឹងពីអត្ថន័យនៃរបាំ។
ក្រុមរាំរបាំបេះក្រវាញ សម្តែងក្នុងកម្មវិធីយុទ្ធនាការ អន្ទាក់សូន្យ ដំណាកកាលទី២ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
ស្លៀកសម្លៀកបំពាក់អ្នករាំរបាំបេះក្រវាញ កញ្ញា ស្រីនិចបានរៀបរាប់ដូច្នេះថា៖ «សម្លៀកបំពាក់ដែល ខ្ញុំស្លៀកនេះវាបង្ហាញពីការរស់របស់អ្នកនៅក្នុងព្រៃដើរបេះក្រវាញ អមជាមួយសត្វព្រៃជាដើម។
គ្រឿងរាំរបាំបេះក្រវាញនេះមាន កន្រ្តា បំពង់ឫស្សីដាក់ទឹក មួកធ្វើពីស្លឹកក្រវាញចំណែកការស្លៀកពាក់ គឺដើរតួជាពលរដ្ឋជនជាតិដើមភាគតិច ដែលរស់នៅតាមតំបន់ជួរភ្នំក្រវាញ។»
ជាអ្នករាំរបាំជាង ៤ឆ្នាំមកនេះ បានបង្ហាញពីគោលបំណងរបស់ខ្លួនចង់ធ្វើជាគ្រូបង្ហាត់របាំបេះក្រវាញ។ កញ្ញា ចង់បង្ហាញពីអត្តសញ្ញាណនៃពីដើមក្រវាញដែលសម្បូរជាងគេនៅក្នុងខេត្តពោធិ៍សាត់។ ជាពិសេស ការចែករំលែកពីសិល្បៈខ្មែរយ៉ាងសម្បូរបែបទៅកាន់អ្នកជំនាន់ក្រោយ ក្នុងន័យចូលរួមថែរក្សារបាំបុរាណ ដែលមានវ័យចំណាស់ទាំងនោះ។
ជាមួយគ្នានេះ អ្នកស្រី ស៊ុំ សៅរដ្ឋាគឺជាគ្រូបង្ហាត់របាំដល់យុវសិស្សជំនាន់ក្រោយ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ រយៈពេលជាង៦ឆ្នាំមកហើយ ។ វត្តបាកាន ក្នុងស្រុកបាកាន គឺជាទីតាំងដែលអ្នកស្រី សៅរដ្ឋាបង្ហាត់កូនសិស្ស នៅរៀងរាល់ថ្ងៃអាទិត្យ បន្ទាប់ពីពួកគេទំនេរពីការសិស្ស។ អ្នកគ្រូសៅរដ្ឋា ជាគ្រូបង្ហាត់របាំប្រពៃណីដូចជា របាំក្ងោក របាំបេះក្រវាញ របាំជូនពរ
របាំនារីជាជួរ របាំនេសាទ របាំគោះត្រឡោក ជាដើម។
អ្នកស្រី ស៊ុំ សៅរដ្ឋា គ្រូបង្ហាត់របាំបេះក្រវាញ នៅស្រុកបាកាន ខេត្តពោធិ៍សាត់។ រូបភាពពី៖ កញ្ញា សែម ប្រាក់ដាវ
អ្នកស្រី សៅរដ្ឋា លើកឡើងថាពីមុនមិនសូវមានអ្នកចាប់អារម្មណ៍ហាត់របាំច្រើននោះទេ ព្រោះតម្រូវឱ្យអ្នកហាត់ ពត់ពែននិងអត់ធ្មត់ខ្លាំង ប៉ុន្តែបច្ចុប្បន្ន អ្នកស្រីមើលឃើញមានអ្នកចាប់អារម្មណ៍ច្រើន។
បើគិតក្នុងឆ្នាំ ២០២៣នេះ សិស្សដែលហាត់ជាមួយអ្នកស្រី គឺមានចំនួន ៣០នាក់បើធៀបនឹងឆ្នាំមុនគឺកើនប្រមាណ ៥០ភាគរយ។ «ពេលពួកគាត់ចូលហាត់ដំបូងៗ គឺរៀងពិបាកនិយាយគ្នាបន្តិច ព្រោះពួកគាត់នៅក្មេង។
ប៉ុន្តែនៅពេល ពួកគាត់រឹងមាំ ទើបពួកគាត់ចេះទទួលខុសត្រូវជាងមុនរៀបចំខ្លួនមុនពេលឡើងសម្តែងដោយខ្លួន មិនពិបាកដូចមុនឡើយ។» នេះជាបញ្ជាក់របស់អ្នកស្រីស៊ុំ សៅរដ្ឋា គ្រូបង្ហាត់របាំប្រពៃណី។
គ្រូបង្ហាត់របាំរូបនេះ បានប្រាប់អ្នកសារព័ត៌មានថ្មីៗ២៥ថារបាំបេះក្រវាញ គឺតំណាងឱ្យតំបន់ជួរភ្នំក្រវាញ ដែលសម្បូរទៅដោយរុក្ខជាតិក្រវាញ។
ក្រៅពីការបង្ហាញពីភាពសម្បូរបែបនៃដើមក្រវាញ របាំនេះ ក៏មានអ្នកសម្តែងជាហ្វូងសត្វព្រៃដូចជាសត្វ ក្ងោក ទន្សោង សេះ រាំជុំគ្នាក្នុងព្រៃ។ យ៉ាងណាមិញអ្នកស្រី សៅរដ្ឋា តែងរំពឹងជានិច្ចថា ធាតុដើមនៃរបាំបេះក្រវាញ ខេត្តពោធិ៍សាត់ នៅតែរក្សាធាតុដើមជានិច្ចព្រោះបច្ចុប្បន្ន យុវជនជំនាន់ក្រោយ បានចាប់អារម្មណ៍លើរបាំប្រពៃណីខ្មែរច្រើន៕