ជាតិ
សម្ដេច ហ៊ុន សែន សម្រេចជួបមេដឹកនាំបក្សភ្លើងទៀន នៅចុងខែកក្កដា
14, May 2023 , 10:30 am        
រូបភាព
សម្ដេច ហ៊ុន សែន សម្រេចយកថ្ងៃទី៣០ កក្កដា ជួបសំណេះសំណាលជាមួយមេដឹកនាំគណបក្សភ្លើងទៀន ។ ការកំណត់ថ្ងៃជួបគ្នានេះ ធ្វើឡើងក្រោយពីគណបក្សភ្លើងទៀន ស្នើសុំជួបជាមួយសម្ដេច ដើម្បីពិភាក្សាកិច្ចការមួយចំនួន ក្នុងនោះមានរឿងនយោបាយផងដែរ។



ក្នុងលិខិតគណបក្សភ្លើងទៀន នៅថ្ងៃទី១៣ ឧសភា បានសុំជួបសម្ដេច ហ៊ុន សែន ដើម្បីបង្ហាញការគួរសម និងអបអរចំពោះរដ្ឋាភិបាល ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្តកម្ពុជា ដោយរលូន និងជោគជ័យ។ មួយវិញទៀត គណបក្សភ្លើងទៀន ក៏ចង់ពិភាក្សាគ្នាជាមួយសម្ដេច ពីដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ផងដែរ។
 
ថ្នាក់ដឹកនាំបក្សភ្លើងទៀន សុំជួបសម្ដេច ហ៊ុន សែន មាន៥រូបរួមមាន លោក ទាវ វណ្ណុល ប្រធានបក្ស, លោក ចេប គឹមអ៊ាង និងលោក សុក ហាច អនុប្រធានបក្ស, លោក កែត ឃី និងលោក ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស។ លោក ជា ប៉ូច ជាអ្នកយកលិខិតនេះ ទៅដាក់ខុទ្ធកាល័យសម្ដេច ហ៊ុន សែន។ 
 
ការដាក់លិខិតសុំជួបប្រមុខរដ្ឋាភិបាល ធ្វើឡើងក្រោយពីសម្ដេច ហ៊ុន សែន ព្រមានចាត់វិធានការផ្លូវច្បាប់ ក្រោយពីគណបក្សភ្លើងទៀន ប្រកាសអំពាវនាវឱ្យពលរដ្ឋចូលរួមសកម្មភាពជាមួយបក្សខ្លួន ប្រឆាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងករណីបើស្ថាប័នជាតិមួយនេះ មិនចុះបញ្ជីឈ្មោះបោះឆ្នោតឱ្យបក្សខ្លួន សម្រាប់ការបោះឆ្នោត។
 
មុនឆ្លើយតបនឹងលិខិតនេះ សម្ដេច ហ៊ុន សែន បានលើកជាសំនួរចោទវិញថា តើ ភ្លើងទៀន ចង់បានអ្វីពិតប្រាកដបានជាបញ្ជូនសារដ៏ច្របូកច្របល់បែបនេះ? បង្កចលាចលមុនការបោះឆ្នោត? បំផ្លាញការបោះឆ្នោត? ពហិការមិនចូលរួមការបោះឆ្នោតតែទម្លាក់កំហុសឲ្យ គ.ជ.ប ឬ ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងករណីស្ថាប័នទាំងពីរបដិសេដ្ឋមិនឲ្យចុះឈ្មោបោះឆ្នោត ដែលវាជាកំហុសរបស់គណបក្សផ្ទាល់។
 
«សម្រាប់លិខិតសុំជួប បែរជាប្រើ ជា បូច ដែលជាមនុស្សទើបបានប្តេជ្ញាចិត្តផ្តួលរំលំខ្ញុំប្រហែល២ខែមុននេះ។ (សូមស្តាប់សម្លេង ជា ប៉ូច ដែលបាននិយាយនិងផ្សព្វផ្សាយកន្លងមក)។ ខ្ញុំក៏ចង់បានការពន្យល់ពី ជា ប៉ូច តើរបៀបទម្លាក់ ហ៊ុន សែន ដោយវិធីណា?។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល។
 
ចោទជាសំនួរបែបនេះហើយ សម្ដេច ក៏កំណត់យកថ្ងៃចុងខែកក្កដា ជួបគណបក្សភ្លើងទៀនវិញ។«អាស្រ័យដោយភាពមិនច្បាស់លាស់និងដោយខ្ញុំជាប់រវល់ផងខ្ញុំសូមកំណត់យកម៉ោង៩ថ្ងៃ៣០កក្កដា២០២៣នៅវិមាន  សន្តិភាពគឺជួបគ្នាក្រោយការបោះឆ្នោត» សម្ដេច ផ្ញើសារក្នុងតេឡេក្រាមបែបនេះ នៅថ្ងៃទី១៤ ឧសភា៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com