ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ភេសជ្ជៈប៉ូវកម្លាំង អាចប៉ះពាល់ដល់ចង្វាក់បេះដូង 
×![]()
តើអ្នកពិតជាមានបំណង ចង់ឲ្យមានកម្លាំងឡើងវិញ តាមរយៈការញ៉ាំ ភេសជ្ជៈប៉ូវកម្លាំងមែនទេ? អ្នកគួរតែគិតរក វិធីអ្វីមួយផ្សេងវិញទៅ ព្រោះវា ជាតិកាហ្វេអ៊ីនដ៏ខ្ពស់ របស់ភេសជ្ជៈមួយនេះ អាចធ្វើឲ្យបេះដូងដើរខុសចង្វាក់បាន។ មានសេចក្តីរាយការណ៍មួយ ដែលទាក់ទងនឹងផលរំខាន នៃការញ៉ាំភេសជ្ជៈប៉ូវកម្លាំង ថាវាអាចបណ្តាលឲ្យមានបញ្ហា ដល់ចង្វាក់បេះដូង។ អ្នកជំងឺត្រូវបានបញ្ជូន ទៅបន្ទប់សង្គ្រោះបន្ទាន់ ក្រោយពីកើតអាការៈក្អួតឈាម។
តាមការពិនិត្យរបស់គ្រូពេទ្យរកឃើញថា អ្វីដែលមិនធម្មតានោះ គឺចង្វាក់បេះដូងលោតលឿនបំផុត រហូតដល់ ១៣០ ដងក្នុងមួយនាទី។ តាមការថតចង្វាក់បេះដូង ECG ឃើញថា មានបញ្ហាបេះដូងញាក់ជាប់ ឬហៅថា Atrial Fibrillation ដែលវាអាចបណ្តាលឲ្យមាន ផលវិបាកធ្ងន់ធ្ងរបាន បើសិនជាមិនស្វែង រកការព្យាបាល។
អ្នកជំងឺបាននិយាយថា គាត់បានញ៉ាំភេសជ្ជៈប៉ូវកម្លាំងប្រភេទ Monster ចំនួនពីរកំប៉ុងក្នុងមួយថ្ងៃ ដែលមានជាតិកាហ្វេអ៊ីនសរុបចំនួន ៣២០ មីលីក្រាម ជាមួយនឹងស្រាបៀរពីរទៅបីកំប៉ុងថែមទៀត។ ក្រោយពីប្រើថ្នាំព្យាបាលហើយ អាការៈជំងឺ Atrial Fibrillation ក៏ធូរស្រាលមកវិញក្នុងរយៈពេល ៤៨ ម៉ោងក្រោយ។ ចំពោះការឆ្លុះក្រពះវិញឃើញថា មូលហេតុនាំឲ្យក្អួតឈាម គឺបណ្តាលមកពី ការខំប្រឹងក្អួតពេក ទើបធ្វើឲ្យរហែកក រហូតដល់ចេញឈាម។ ក្រោយពីអ្នកជំងឺស្រួលបួលវិញហើយ ក៏គ្រូពេទ្យឲ្យចេញទៅផ្ទះ ព្រមទាំងតាមដានបន្តទៀតផងដែរ ប៉ុន្តែគាត់ក៏លែងមាន រោគសញ្ញាជំងឺបេះដូង ដើរខុសចង្វាក់ទៀតដែរ។ ថ្វីបើមានកត្តាជាច្រើន នាំឲ្យអ្នកជំងឺកើតបញ្ហា Atriall Fibrillation ក៏ដោយ ក៏ការញ៉ាំភេសជ្ជៈប៉ូវកម្លាំង ដើរតួនាទីសំខាន់ចំពោះរឿងនេះដែរ។ ជាតិកាហ្វេអ៊ីនរហូតដល់ ១៦០ មីលីក្រាមរបស់ភេសជ្ជៈប៉ូវកម្លាំង Monster មានចំនួនខ្ពស់ជាងភេសជ្ជៈធម្មតាៗ ដែលមានជាតិកាហ្វេអ៊ីនដែរនោះ រហូតដល់ ៤ដងឯណោះ។ ការសិក្សានេះត្រូវបានចុះផ្សាយ ក្នុងសារព័ត៌មាន Journal of Addiction Medicine។
ក្រោយពីបងប្អូនអានអំពីរឿងនេះរួចហើយ សូមចាំថា ការសិក្សានេះបានធ្វើទៅលើភេសជ្ជៈប៉ូវកម្លាំងមួយប្រភេទប៉ុណ្ណោះ ហើយភេសជ្ជៈនេះ ក៏មិនមានក្នុងស្រុកយើងដែរ ប៉ុន្តែ អ្វីដែលត្រូវយល់ដឹងនោះគឺថា ឲ្យតែភេសជ្ជៈប៉ូវកម្លាំង សុទ្ធតែដូចគ្នាទាំងអស់ ដូច្នេះ សូមបង្កើនការប្រុងប្រយ័ត្នផង រាល់ការញ៉ាំភេសជ្ជៈប៉ូវកម្លាំងនានា ដែលមានក្នុងស្រុកយើង។
© រក្សាសិទ្ធិដោយ thmeythmey.com