ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
​សួត​កំពុង​មាន​បញ្ហា អាច​នឹង​មាន​សញ្ញា​ទាំងនេះ​
23, May 2023 , 10:59 pm        
រូបភាព
ខណៈ​ពេល​ដែល​យើង​ដឹង​ហើយ​ថា សរីរាង្គ​ណា​ដែល​សំខាន់ និង​ត្រូវ​ថែរក្សា​នោះ តែ​យើង​ក៏​ត្រូវ​យកចិត្តទុកដាក់​បន្ថែម ទៅ​លើ​សុខភាព​សួត​ផង​ដែរ​។ រាល់​ការ​បង្ក​រោគ ឬ​របួស​នៅ​សួត មិន​គ្រាន់តែ​ប៉ះពាល់ ដល់​ការ​ដកដង្ហើម​ទេ តែ​ក៏​បង្កើន​ការ​ប្រឈម នឹង​ជំងឺ​ផ្លូវដង្ហើម​ជា​ច្រើន​ទៀត ដូច​ជា ជំងឺហឺត និង​ជំងឺរបេង​ដែរ​។ ខាងក្រោម​នេះ គឺជា​អាកា​រៈ​មួយ​ចំនួន​តូច ដែល​អាច​បញ្ជាក់​ថា សួត​អ្នក​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់ និង​ត្រូវការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

 
ពិបាក​ដកដង្ហើម​រយៈពេល​យូរ
មិន​ខ្វល់​ថា ការ​ឡើង​កាំជណ្តើរ ឬ​ការ​ធ្វើ​ការងារ​ធម្មតា​ទេ បើសិនជា​អ្នកមាន​អារម្មណ៍​ថា ពិបាក​ដកដង្ហើម ក្រោយ​ពី​ធ្វើ​ការងារ​ធម្មតា​ៗ​ទាំងនេះ វា​អាច​បញ្ជាក់​អំពី បញ្ហា​ណាមួយ​ហើយ​។ ជាមួយ​គ្នា​នេះ​ដែរ បើសិនជា​អ្នក​ពិបាក​ក្នុង​ការ​រត់ ឬ​ពិបាក​ដកដង្ហើម​គ្រប់ពេលវេលា​ទាំងអស់ សូ​ម្បី​តែ​គេង​ដែរ នោះ មាន​ន័យ​ថា អាច​ជា​បញ្ហា​លើ​សួត​ហើយ​ដូច​ជា ជំងឺ​រលាក​ទងសួត ជំងឺហឺត ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ឬ​ជំងឺ​ទាក់ទង​នឹង​បេះដូង​។
 
មាន​ស្លេស​ច្រើន
ការ​ដែល​ក្អកមាន​ស្លេស ឬ​កំហាក តែ​មនុស្ស​ភាគច្រើន​មើល​រំលង​។ យ៉ាងណាមិញ បើសិនជា​អ្នកមាន​អាកា​រៈ​បែប​នេះ លើស​ពី​បី​ខែ ចូរ​ពិគ្រោះ​ជាមួយ​ពេទ្យ​ទៅ ព្រោះ​វា​អាច​ជា​សញ្ញា របស់​ជំងឺ​រលាក​ទងសួត​រ៉ាំរ៉ៃ​។ បើសិនជា​រឿង​នេះ កើតឡើង​ជាមួយនឹង​ការ​ដកដង្ហើម លឺ​សូរដូច​ហួច ឬ​ពិបាក​ដកដង្ហើម​ទៀត​នោះ វា​អាច​ជា​សញ្ញា​របស់ ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​វិញ​។ ដូច្នេះ​ហើយ បើសិនជា​អ្នក​ក្អក​រយៈពេល​យូរ អ្នក​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។
 
ឈាម​ក្នុង​កំហាក
សញ្ញា​គន្លឹះ​មួយ​ផ្សេង​ទៀត ដែល​បញ្ជាក់​អំពី ជំងឺ​សួត​នោះ គឺ​វត្តមាន​របស់​ឈាម​ក្នុង​កំហាក​។ ខណៈ​ពេល​ដែល​ការ​ប្រែប្រួល ពណ៌​របស់​កំហាក​អាច​បង្ហាញ​ច្រើន អំពី​សុខភាព​នោះ វត្តមាន​របស់​ឈាម​ក្នុង​កំហាក អាច​ជា​សញ្ញា​របស់​ជំងឺរបេង​។
 
ឈឺទ្រូង
បើសិនជា​អ្នក​គិត​ថា ការ​ឈឺទ្រូង តែងតែ​បញ្ជាក់​ពី ជំងឺ​គាំងបេះដូង​នោះ អ្នក​ពិតជា​គិត​ខុស​ហើយ​។ បើសិនជា​អ្នកមាន​អាកា​រៈ​ឈឺទ្រូង ដូច​មាន​អ្វីមួយ​ស្រួច​ចាក់​ក្នុង​ទ្រូង នៅ​ពេល​ដកដង្ហើម ក្អក ឬ​កណ្តាស វា​អាច​ដោយសារ​តែ ការ​បង្ក​រោគ​នៅ​សួត ដែល​បង្ក​ឡើង​ដោយ​បាក់តេរី ឬ​វីរុស​។ ករណី​ដ៏​កម្រ​គឺថា វា​អាច​មាន​កំណក​ឈាម ក្នុង​សរសៃឈាម​អាក់ទែ​របស់​សួត ដែល​នាំ​ឲ្យ​ស្ទះ​ដល់​លំហូរ​ឈាម ឬ​ហៅ​ថា Pulmonary Embolism​។
 
ដកដង្ហើម​លឺ​ដូច​ហួច
ការ​លឺ​សម្លេង​ដូច​ហួច​ពេល​ដកដង្ហើម អាច​ជា​សញ្ញា​បញ្ជាក់​ថា មុខងារ​សួត​ថយ​ចុះ​។ រឿង​នេះ​បញ្ជាក់​ថា សួត​កំពុង​តែ​មានការ​ពិបាក​ដកដង្ហើម ដោយសារ​តែ​ផ្លូវដង្ហើម​រួម​តូច ឬ​សរសៃឈាម​ស្ទះ ដោយសារ​កម្ទិចកម្ទី មក​ពី​ខាងក្រៅ​រាង​កាយ​។ ករណី​ភាគច្រើន ការ​ដកដង្ហើម​លឺ​សូរដូច​ហួច មាន​ជាប់​ពាក់ព័ន្ធ នឹង​ការ​រលាក​ដោយសារ​ជំងឺហឺត រលាក​ទងសួត រលាក​សួត ប្រតិកម្ម​អា​លែ​ក​ស៊ី ឬ​ការ​ស្ទះ​ក្នុង​រាង​កាយ ដោយសារ​ដុំ​សាច់ ឬ​កំទិចកំទី​ពី​ខាងក្រៅ​រាង​កាយ​។
 
ក្អក​រ៉ាំរ៉ៃ
សញ្ញា​ដ៏​សំខាន់​បំផុត ដែល​បញ្ជាក់​ថា​សួត កំពុង​ស្ថិត​ក្នុង​សភាព​គ្រោះថ្នាក់ គឺ​ការ​ក្អក​រ៉ាំរ៉ៃ​។ ខណៈ​ពេល​ដែល​ការ​ក្អក អាច​បណ្តាល​មក​ពី ការ​បង្ក​រោគ​ដោយ​វីរុស ឬ​ជំងឺ​ផ្តាសាយ វា​គួរតែ​ធូរស្រាល​ទៅ​វិញ នៅ​រយៈពេល​ពីរ ទៅ​បី​ស​ប្តា​ហ៍​ក្រោយ​។ យ៉ាងណាមិញ បើសិនជា​បន្ត​រយៈពេល​យូរ​ជាង​នេះ ឬ​រហូត​ដល់ ច្រើន​ជាង ៨ ស​ប្តា​ហ៍ វា​អាច​ជា​រឿង​ត្រូវ​បារម្ភ​ហើយ​។ ដូច្នេះ អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ជំនាញ​ផ្លូវដង្ហើម​ដើម្បី​រក​មើល​មូលហេតុ​របស់​វា​។ មូលហេតុ​មួយ​ចំនួន នៃ​ការ​ក្អក​រ៉ាំរ៉ៃ អាច​ជា​ការ​រលាក​ទងសួត ជំងឺហឺត ជំងឺ​រលាក​សួត និង​របេង​៕

© រក្សាសិទ្ធិដោយ thmeythmey.com