ជាតិ
ភ្នំទំព័រ ជាភ្នំខ្ពស់លំដាប់លេខ៣ នៅកម្ពុជា ដែលមានសម្រស់ស្អាត តែខ្សត់ទេសចរ
29, May 2023 , 8:59 am        
រូបភាព
 រូបភាពពី៖ លោក ម៉េង បញ្ញា
រូបភាពពី៖ លោក ម៉េង បញ្ញា
ភ្នំពេញ៖ សហគមន៍ភ្នំទំព័រ  ជាតំបន់ទេសចរណ៍ដែលពេញនិយមសម្រាប់អ្នកដែលចូលចិត្តឡើងភ្នំបោះតង់។ ភ្នំទំព័រ ជាជួរភ្នំមានកម្ពស់ប្រមាណ ១ ៥៥១ម៉ែត្រត្រូវបានគេចាត់ទុកជាភ្នំខ្ពស់ជាងគេលំដាប់លេខ៣ នៅកម្ពុជា។ បច្ចុប្បន្នចំនួនអ្នកឡើងភ្នំទំព័រមិនសូវមាននោះឡើយដោយសារផ្លូវធ្វើដំណើរមានឧបសគ្គច្រើន ចំណែកអាកាសធាតុក៏ក្តៅខ្លាំង។

 
ភ្នំទំព័រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចម្ងាយ១១៩គីឡូម៉ែត្រ ពីទីរួមខេត្ត។
 
ភ្នំទំព័រ សម្បូរធនធានធម្មជាតិជីវ:ចម្រុះជាច្រើនដូចជា សត្វ ព្រៃឈើ និងមានកន្លែងទេសចរណ៍ជាច្រើន រួមមាន ទឹកធ្លាក់អូរស្ងួតជ្រោះផ្តាច់ព្រលឹង ទឹកធ្លាក់អូរក្រាំង ទឹកធ្លាក់ម៉ែអាស្មី
ទឹកធ្លាក់រូងអ្នកតាជាដើម។
  
ដើម្បីឡើងទៅដល់កំពូលភ្នំ ទេសចរត្រូវឆ្លងកាត់ដំណាក់កាលចំនួន២។ជាដំបូង ទេសចរត្រូវជិះគោយន្តចេញពីសហគមន៍ចម្ងាយ ១,៥គីឡូម៉ែត្របន្ទាប់មកត្រូវដើរថ្មើរជើងរហូតដល់ពាក់កណ្តាលភ្នំ ឬជំរំទី១ ហៅថា «ពួរភ្នំ» ដែលមានរយៈកម្ពស់ ៦៦០ម៉ែត្រ។
 
លោក តេស ថន ប្រធានសមាគមតំបន់ការពារធម្មជាតិភូមិទំព័រ លើកឡើងថាមុនជំងឺកូវីដ-១៩ ទេសចរដែលចាប់អារម្មណ៍ឡើងភ្នំទំព័រ គឺមានចំនួនភ្ញៀវច្រើនក្នុងនោះក៏មានវត្តមានភ្ញៀវបរទេសផងដែរ។ អ្នក ដែលឡើងភ្នំ ពួកគេមកលក្ខណៈជាក្រុមការងារនិងគ្រួសារជាដើម។ ក្រោយពីជំងឺកូវីដ-១៩ បានធូរស្រាល ចំនួនទេសចរបែរជាចុះថយទៅវិញ។

លោក តេស ថន​ ប្រធានសមាគមតំបន់ការពារធម្មជាតិភូមិទំព័។ រូបភាព៖ កញ្ញា ហេង​ ស្រីលីន

«អ្នកទេសចរជាចំណែកមួយ ដែលបានជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ភ្នំទំព័រនេះ។ ពួកគេរីករាយ និងជួយផ្សព្វផ្សាយ រីឯប្រជាជននៅតំបន់នេះក៏មានមុខរបរថ្មីមួយគឺអ្នកនាំភ្ញៀវឡើងភ្នំ។ បើទោះ ចំណូលដែលទទួលបានពីភ្ញៀវទេសចរមិនបានច្រើន ក៏អ្នកនាំផ្លូវទាំងនោះសប្បាយចិត្តហ្នឹងការងារនេះដែរ។» ប្រធានសមាគមតំបន់ការពារធម្មជាតិភូមិទំព័រ លោក តេស ថន ប្រាប់ដូច្នេះ។
 
លោក បន្ថែមថា បច្ចុប្បន្នចំនួនភ្ញៀវដែលឡើងភ្នំ នៅតែមានប៉ុន្តែមិនច្រើនដូចពីមុន ដោយសារកត្តាឧបសគ្គមួយចំនួន ដូចជាអាកាសធាតុក្តៅខ្លាំងបណ្តាឱ្យទឹកដែលហូរតាមតំបន់ជួរភ្នំទំព័រ មិនសូវសម្បូរ។
 
ដោយឡែកតំបន់ខ្លះ គឺមានទឹកជ្រោះ ដែលអាចឱ្យទេសចរប្រើប្រាស់ និងកម្សាន្តយ៉ាងសប្បាយ។លោក ម៉េង បញ្ញា ជាអ្នកមានបទពិសោធជាង ៧ឆ្នាំ និងជាអ្នកនាំផ្លូវភ្ញៀវឡើងភ្នំបែបផ្សេងព្រេងជាច្រើនតំបន់ ដែលជាកន្លែងទាក់ទាញទេសចរគ្រប់ទិសទី។
 
លោក ម៉េង បញ្ញា និងសមាជិក បានឡើងដល់កំពូលភ្នំដោយជោគជ័យ ក្នុងឆ្នាំ២០២១។ រូបភាពពី៖ លោក ម៉េង បញ្ញា

ម្ចាស់ផេក «ទេសចរណ៍ ព្រៃខ្មែរ»រូបនេះ លើកឡើងថា កន្លងមកនេះលោកបានដឹកនាំទេសចរឡើងទៅភ្នំទំព័រ គឺមានចំនួន ៣ក្រុម សរុបចំនួន ២២នាក់។ ដោយឡែក ថ្មីៗនេះ ទេសចរដែលចាប់អារម្មណ៍ឡើងភ្នំនេះ គឺមិនសូវមានដូចមុនឡើយ ប៉ុន្តែតំបន់ទេសចរណ៍ និងភ្នំដទៃទៀត គឺឃើញមានអ្នកទៅដដែល។
 
 
«មួយរយៈនេះ មិនសូវមានភ្ញៀវកក់សេវាកម្មឡើងភ្នំទំព័រទៀតទេដោយសារស្ថានភាពផ្លូវឡើងភ្នំពិបាកខ្លាំង អាចនិយាយបានជាភ្នំដែលពិបាកឡើងជាងគេក្នុងចំណោមភ្នំខ្ពស់ៗក្នុងប្រទេសកម្ពុជា ទោះវាជាជួរភ្នំខ្ពស់លំដាប់ទី៣ក៏ដោយ។ផ្លូវពិបាក និងមានឧបសគ្គច្រើននេះហើយ ទើប មិនសូវមានភ្ញៀវកក់ឡើងភ្នំនេះ។ » នេះជាការបញ្ជាក់របស់លោក ម៉េង បញ្ញា។
 
អ្នកឡើងភ្នំ ត្រូវត្រៀមសម្ភារៈសំខាន់ៗ និងប្រុងប្រយ័ត្ន ពីឧបសគ្គមួយចំនួន អំឡុងពេលធ្វើដំណើរ។ រូបភាពពី៖ លោក ម៉េង បញ្ញា។

ជាអ្នកមានបទពិសោធឡើងភ្នំច្រើនឆ្នាំ លោក បញ្ញាបានប្រាប់ដល់អ្នកសារព័ត៌មានThmeyThmey25 ថា អ្នកចង់ឡើងភ្នំទំព័រទាមទារឱ្យមានបទពិសោធឡើងភ្នំ។ អ្នកធ្វើដំណើរ
ត្រូវប្រើពេលវេលាចាប់ពី ៣ថ្ងៃឡើងទៅ ដើម្បីអាចមានពេលធ្វើដំណើរទាំងចុះ និងឡើង។ជាទូទៅ ភ្នំទំព័រ ទេសចរអាចធ្វើដំណើរឡើងនៅចន្លោះខែឧសភា ដល់ខែមិថុនានិងចន្លោះខែវិច្ឆិកា ដល់ខែកុម្ភ: ព្រោះអាកាសធាតុអំណាយផល មិនសូវក្តៅខ្លាំង និងភ្លៀងខ្លាំង។ យ៉ាងណាក៏ដោយអ្នកឡើងភ្នំ ត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់អំឡុងពេលធ្វើដំណើរដូចជា ភ្លៀងដីរអិលឬស្រុតដី ឈើបាក់ និងហានិភ័យផ្សេង។
 
លើសពីនេះ លោក ក៏បានលើកទឹកចិត្តឱ្យទេសចរ ដែលមានបំណងទទួលបានបទពិសោធថ្មីៗ អំពីការឡើងភ្នំនានា ក្នុងស្រុកខ្មែរ ជាពិសេសភ្នំទំព័រ ដែលជាភ្នំខ្ពស់លំដាប់ថ្នាក់ទី៣ ស្រុកខ្មែរនេះផងដែរ៕
 

Tag:
 ThmeyThmey25
 ទេសចរណ៍
 ភ្នំទំព័រ
 អ្នកឡើងភ្នំទំព័រ
© រក្សាសិទ្ធិដោយ thmeythmey.com