កំពត៖ ស្ត្រីមានពិការភាពដែលរស់នៅប៉ែកជាយសមុទ្រកម្ពុជា ទទួលបានការបណ្តុះបណ្តាលការរៀបចំផែនការអាជីវកម្ម។ ការបណ្តុះបណ្តាលនេះ ជួយដោះស្រាយស្ត្រីមានពិការភាព លើបញ្ហាកង្វះចំណេះដឹង និងជំនាញអាជីវកម្មពាក់ព័ន្ធ។
កញ្ញា ស៊ីន តុភក្តី ជាស្ត្រីមួយរូបក្នុងចំណោមស្ត្រីមានពិការភាពទាំង១២នាក់ ដែលទទួលបានការបណ្តុះបណ្តាល« អាជីវកម្មថ្នាក់មូលដ្ឋានសម្រាប់សហគ្រិនស្ត្រីមានពិការភាពប៉ែកជាយសមុទ្រ» ពីសហគ្រាសសង្គម អ៊ែដ្យាយល៍ (Agile Development Group) សហការជាមួយអង្គការ អេដ អេ អាកស្យុង (AEA) ក្រោមគម្រោង «សមាជិកនៃសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED)។ បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលបានរយៈពេល៥សប្តាហ៍មក កញ្ញា តុភក្តី មានគំនិតពង្រីកការចិញ្ចឹមមាន់ពីលក្ខណៈគ្រួសារទៅជាអាជីវកម្មវិញ។
កញ្ញា ស៊ីន តុភក្តី ឡើងធ្វើបទបង្ហាញពីគំរូអាជីវកម្មចិញ្ចឹមមាន់ស្រែរបស់ខ្លួន។
មូលហេតុដែលស្រ្តីមានពិភាពភ្នែកពីកំណើតរូបនេះ សម្រេចពង្រីករបរចិញ្ចឹមមាន់ ក៏ព្រោះតែនាង យល់ឃើញថា តម្រូវការទីផ្សារមាន់ស្រែ មានកម្រិតខ្ពស់។ សព្វថ្ងៃ តុភក្តី កំពុងចិញ្ចឹមមាន់ស្រែប្រមាណ៥០ក្បាល។ ក្នុងវេទិកាស្តីពី ធុរកិច្ចស្ត្រីដែលមានពិការភាព និងបញ្ចប់ការបណ្តុះបណ្តាល នាព្រឹកថ្ងៃទី២៦ឧសភា តុភក្តី បានរៀបរាប់ពីផែនការអាជីវកម្មរបស់ខ្លួនយ៉ាងដូច្នេះ៖ «ខ្ញុំជ្រើសរើសទិញមាន់ស្រែជំទង់ៗ ព្រោះមាន់ដែលស្ថិតក្នុងវ័យនេះ គឺងាយស្រួលចិញ្ចឹម និងថែទាំ។ មាន់ស្រែជំទង់ ខ្ញុំទិញក្នុងតម្លៃ១៥,០០០រៀលក្នុងមួយគីឡូក្រាម។ ខ្ញុំទិញ៥០គីឡូក្រាមដែលទទួលបានមាន់ស្រែចំនួន១០០ក្បាល ដើម្បីយកមកចិញ្ចឹម ដោយចំណាយអស់៧០ម៉ឺនរៀល»។
កញ្ញា ចំណាយលើការចិញ្ចឹម និងថែទាំមាន់ក្នុងរយៈពេល៥ខែ ទើបមាន់ទាំងនោះអាចដាក់លក់ទីផ្សារបាន។ មាន់ដែលកញ្ញាដាក់លក់ទីផ្សារមានទម្ងន់ចាប់ពី១,៥គីឡូក្រាមឡើងទៅ ជាមួយតម្លៃ១៧,០០០រៀលក្នុងមួយគីឡូក្រាម។ តុភក្តី បានបញ្ជាក់ថា មាន់ស្រែដែលពេញគីឡូត្រូវលក់ គឺមានឈ្មួញកណ្តាលមកទិញដល់ផ្ទះតែម្តង ដោយមិនពិបាកក្នុងការស្វែងរកទីផ្សារឡើយ។
ជាមួយគ្នានេះ អ្នកស្រី សែស សំផាត ដែលមានពិភាពជើង ក៏មានគំនិតផ្លាស់ប្តូរអាជីវកម្មរបស់ខ្លួន ពីការដេរកន្ទេលកក់ ទៅប្រកបរបរលក់គុយទាវនៅផ្ទះវិញ ផងដែរ។ មានគំនិតផ្លាស់ប្តូរអាជីវកម្មបែបនេះ ក៏ព្រោះតែអ្នកស្រីទទួលបានការបណ្តុះបណ្តាលផ្នែកគ្រប់គ្រងហិរញ្ញវត្ថុលើការកត់ត្រាចំណូលចំណាយ, ផ្នែកទំនាក់ទំនង និងការផ្សព្វផ្សាយជាដើម។
អ្នកស្រី សែស សំផាត ធ្វើបទបង្ហាញពីគំរូអាជីវកម្មលក់គុយទាវ
«ខ្ញុំចង់បង្កើតអាជីវកម្មនេះ ដើម្បីកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរ។ ខ្ញុំមានផែនការបើកតូបលក់គុយទាវនេះនៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៣»។ លោកស្រី សំផាត បានថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗ ដោយគ្រោងចំណាយជាង៣លានរៀល ក្នុងការបើកអាជីវកម្មនេះឡើង។
ជុំវិញនៃការបណ្តុះបណ្តាល «អាជីវកម្មថ្នាក់មូលដ្ឋានសម្រាប់សហគ្រិនស្ត្រីមានពិការភាពប៉ែកជាយសមុទ្រ» លោក កេត បូរ៉ាវីន មន្ត្រីសម្របសម្រួលកម្មវីធីនៃសហគ្រាសសង្គម អ៊ែដ្យាយល៍ (Agile Development Group) បានលើកឡើងថា ក្នុងរយៈពេល៥សប្តាហ៍នៃការបណ្តុះបណ្តាលនេះ គឺផ្ដោតទៅលើការបង្កើតគម្រោងអាជីវកម្ម។ ក្នុងនោះមានការបង្រៀននូវជំនាញទន់ និងការស្គាល់ខ្លួនឯង សម្រាប់ស្រ្តីមានពិការភាពទាំងនោះ។ ជាពិសេសការបង្រៀននូវគំនិតបង្កើតអាជីវកម្ម, បង្រៀនជុំវិញនៃការធ្វើទីផ្សារ និងបង្រៀននូវការគ្រប់គ្រងហិរញ្ញវត្ថុ។
បើតាមលោក បូវ៉ាវីន ការបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋាន សម្រាប់សហគ្រិនស្ត្រីមានពិការភាពប៉ែកជាយសមុទ្រ គឺបានជួយស្រ្តីដែលមានពិការភាពទាំងនោះ ឱ្យមានឯករាជ្យភាពនៅក្នុងការរស់នៅប្រចាំថ្ងៃខ្លួនឯង។ លោកបន្តនិយាយថា៖ «ពេលដែលពួកគាត់មានសមត្ថភាព មានចំណេះដឹងទាក់ទងនឹងការរកស៊ី គឺពួកគាត់អាចធ្វើខ្លួនឯងបាន ដោយឥតចំបាច់ត្រូវការជំនួយ ឬពឹងផ្អែកគេខ្លាំងដូចពីមុនឡើយ។ ដូច្នេះ! គឺវាធ្វើឱ្យជីវភាពរបស់គាត់កាន់តែឯកភាពក្នុងការរកលុយដោយខ្លួនឯងបាន»។
លោក កេត បូរ៉ាវីន មន្ត្រីសម្របសម្រួលកម្មវីធីនៃសហគ្រាសសង្គម អ៊ែដ្យាយល៍ (Agile Development Group)
ការបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋាន សម្រាប់សហគ្រិនស្ត្រីមានពិការភាពប៉ែកជាយសមុទ្រនេះ ត្រូវបានធ្វើឡើង ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជារស់នៅក្នុងសហគមន៍ក្បែរឆ្នេរសមុទ្រ ដែលពឹងផ្អែកលើការនេសាទជាប្រភពចំណូលចម្បង។ លោក ម៉ៅ យេ នាយកគម្រោង CO-SAVED នៃអង្គការ AEA បានលើកឡើថា ស្ត្រីពិការទាំង១២នាក់ ដែលទទួលបានការបណ្តុះបណ្តាលរយៈពេលខ្លីនេះ នឹងទទួលបានថវិកាចំនួន៥០០ដុល្លារក្នុងម្នាក់ៗ ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួននៅផ្ទះ។
បើតាមលោក ម៉ៅ យេ នេះជាគម្រោងដំបូងគេដែលអង្គការ AEA សហការអនុវត្តជាមួយ Agile សម្រាប់ស្ត្រីមានពិការ នៅក្នុងខេត្តកំពត និងខេត្តកោះកុង លើការបង្តើតអាជីវកម្មខ្នាតតូចរួមមាន៖ ការចិញ្ចឹមមាន់, ការចាប់ហួយ និងលក់ចំណីអាហារនានា ជាដើម។ លោកបានបញ្ជាក់ថា៖ «ក្នុងគម្រោងជាមួយ Agile គឺមានយើងមានរយៈពេល៦ខែ»។

លោក ម៉ៅ យេ នាយកគម្រោង CO-SAVED នៃអង្គការ AEA
ជនដែលមានពិការភាពនៅកម្ពុជា មានភាគច្រើនគឺមិនទទួលបានឱកាសសេដ្ឋកិច្ច ដោយសារកង្វះខាតផ្នែកអប់រំ និងកត្តារួមផ្សំនានា។ លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិយាយថា សម្រាប់គម្រោង CO-SAVED គឺជាជំហានដ៏សំខាន់មួយ ក្នុងការជួយជនពិការភាពស្វែងរកការងារ និងជួយអភិវឌ្ឍអាជីវកម្មខ្នាតតូចនៅផ្ទះ ដល់អ្នកមានពិការភាពទាំងនេះ។
លោក រតនា បានកត់សម្គាល់ឃើញថា ស្រ្តីពិការភាពក្នុងគម្រោងCO-SAVED ក្រៅពីទទួលបានការបណ្តុះបណ្តាលអាជីវកម្មថ្នាក់មូលដ្ឋានពីអង្គការហើយនោះ ក៏ទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុក្នុងទំហំណាមួយ សម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួនបាន ផងដែរ។ លោកបានបញ្ជាក់ថា គម្រោងនេះគឹមានទិសដៅស្របទៅនឹងក្រសួងសង្គមកិច្ច ក្នុងការជួយជនមានពិការភាពនៅទូទាំងប្រទេស ជាពិសេសតាមរយៈការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារ។

លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
យោងតាមការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ២០២១ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ អត្រាជនមានពិការភាពមាន៥,៣ភាគរយ គឺស្មើនឹង៨៧២ ៥២៧នាក់ នៃចំនួនប្រជាជនសរុប (ស្រីចំនួន៤៧,៦ភាគរយ)។ ដោយឡែក ក្នុងឆ្នាំ២០២២ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយជូនជនពិការក្រីក្រនៅតាមសហគមន៍បានចំនួន៦០ ក្រុង-ស្រុកក្នុង២៥រាជធានីខេត្ត ដែលមានជនពិការសរុប១៩ ៨៧៤នាក់។ ក្នុងនោះ ជនពិការទទួលបានរបប ២៤ម៉ឺនរៀល(១២ខែ) មានចំនួន ១២៦៣៨នាក់ និងជនពិការទទួលបានរបប ១២ម៉ឺនរៀល(៦ខែ) មានចំនួន ៧ ២៣៦៕