ជាតិ
សង្គមជាតិ
សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ដែលផ្សាយវីដេអូកុហកអំពីការចាប់ក្មេងវះក្រលៀន 
×![]()
វីដេអូមួយដែលផ្សព្វផ្សាយថា មានកាចាប់ក្មេងវះក្រលៀន ទទួលបានការចែករំលែករាប់ពាន់ និងទស្សនាជាង១លាន តែត្រឹមរយៈពេលប៉ុន្មានថ្ងៃ។ តាមពិត វាគ្រាន់តែជាវីដេអូកាត់តរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ra Vuth ក្នុងគោលបំណងបង្កើនប្រជាប្រិយភាពទំព័រហ្វេសប៊ុករបស់ខ្លួនតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២៨ ខែឧសភា កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការនគរបាលជាតិ បានឃាត់ខ្លួនបុគ្គលឈ្មោះ សយ រ៉ាវុធ ម្ចាស់គណនីហ្វេសប៊ុក Ra Vuth ដែលបានបង្ហោះវីដេអូ រួមទាំងរូបភាព ថាមានស្ត្រីចិនម្នាក់ដើរចាប់ក្មេងលក់វះយកក្រលៀន។
«សាម៉ីខ្លួន បានសារភាពថា ខ្លួនពិតជាបានយកវីដេអូ មកកាត់ត និងបង្ហោះពិតមែន ក្នុងគោលបំណងចង់បង្កើនប្រជាប្រិយភាពទំព័រហ្វេសប៊ុករបស់ខ្លួនដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន»។ នេះជាការបញ្ជាក់របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department)។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម ញុះញង់បង្ករឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកពលរដ្ឋថា៖ «សូមកុំចែកចាយព័ត៌មានក្លែងក្លាយដើម្បីជៀសវាងបង្កការយល់ច្រឡំ និងបង្កអសន្តិសុខសង្គមផ្សេងៗ ឈានដល់ការទទួលខុសត្រូវតាមផ្លូវច្បាប់»៕
© រក្សាសិទ្ធិដោយ thmeythmey.com