ជាតិ
ទីលានទុកដាក់សំរាមខេត្តកំពត និងកែប តម្លៃជាង ១៣លានដុល្លារ ត្រូវបានដាក់ឱ្យពលរដ្ឋប្រើប្រាស់ 
រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
×![]()
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ទីលានទុកដាក់សំរាមដែលមានទីតាំងនៅខេត្តកំពត និងកែប មានតម្លែ ប្រមាណ ជាង ១៣លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់ហើយ នៅថ្ងៃទី ៣០ ខែឧសភា ។ ការសង់ទីលានទុកដាក់សំរាមទាំងពីរនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញ។
ទីលានទុកដាក់សំរាមក្នុងខេត្តកំពត ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១០,៣៣ហិកតា ស្ថិតក្នុងនៅភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ ទីតាំងនោះ ត្រូវបានធ្វើឡើងក្នុងរណ្ដៅពីរ មានទំហំ ៨,៧៧ ហិកតា ដែលអាចផ្ទុកសំរាមបាន ៣៤៨ ៤០០ ម៉ែត្រគីប។

ទីលានទុកដាក់សំរាមខេត្តកែប។ រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងនេះ ចំណាយថវិកាសាងសង់ប្រមាណ ៣ ៣៧២ ៥១៤ ដុល្លារ ហើយនឹងដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល ២០ឆ្នាំ។ ទឹកប្រាក់សម្រាប់សង់ទីលានទុកដាក់សំរាមក្នុងខេត្តកំពតនេះ ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ចំណែកឯ ទីលានទុកដាក់សំរាមខេត្តកែប ចំណាយថវិកាប្រមាណ ១០ ៧៦៩ ៥៣២ ដុល្លារ ជាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែលសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្ត្រាក់សិន ខូអិលធីឌី និងក្រុមហ៊ុន Renardet S.A បានសហការជាមួយក្រុមហ៊ុន SBK Research and Development Co.,Ltd. ។

ទីលានទុកដាក់សំរាមខេត្តកែប។ រូបភាពពី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ទីលានទុកដាក់សំរាមកែបនេះ បានសាងសង់លើផ្ទៃដីសរុបទំហំ ១៤ហិកតា ស្ថិតនៅក្នុងភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប ខេត្តកែប។ ទីតាំងនោះ មានរណ្ដៅចំនួន៤ អាចផ្ទុកសំរាមបានប្រមាណ ៦០០ ០០០ម៉ែត្រគូប ក្នុងរយៈពេល ២០ឆ្នាំ។
ទីលានទុកដាក់សំរាមទាំងពីរនេះ គឺសម្រាប់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ ដើម្បីលើកកម្ពស់គុណភាពការរស់នៅរបស់ពលរដ្ឋក្នុងតំបន់ និងតំបន់ជុំវិញ និងកាត់បន្ថយបញ្ហាប្រឈមទៅលើការបំពុល និងការបំផ្លាញបរិស្ថាន៕
Tag:
ទីលានទុកដាក់សំរាម
ខេត្តកំពត
© រក្សាសិទ្ធិដោយ thmeythmey.com