កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប៉ារ៉ាហ្គេម៖ កីឡាការិនី ង៉ូវ ច្រឹប ចង់ឃើញទង់ជាតិកម្ពុជា បង្ហូតខ្ពស់ជាងគេ ជាមួយសំឡេងគាំទ្រ
01, Jun 2023 , 7:59 am        
រូបភាព
កីឡាការិនី ង៉ូវ ច្រឹប ហ្វឹកហាត់ត្រៀមប្រកួត
កីឡាការិនី ង៉ូវ ច្រឹប ហ្វឹកហាត់ត្រៀមប្រកួត
កីឡាការិនី ង៉ូវ ច្រឹប អត្ដពលិកហែលទឹក មោទកភាព និងមិននឹកស្មានថាក្នុងវ័យ៤៣ឆ្នាំ និងពិការភាពស្វិតជើងទាំងសងខាង តែនៅមានឱកាសប្រកួតតំណាងជាតិ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹតទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣។ កីឡាការិនីរូបនេះ ចង់ឃើញអត្ដពលិកកម្ពុជា ឈ្នះមេដាយមាស ហើយទង់ជាតិប្រទេស ត្រូវបានបង្ហូតខ្ពស់ជាងគេ ដោយមានសំឡេងគាំទ្ររបស់អ្នកទស្សនា និងច្រៀងបទគោរពទង់ជាតិជាមួយគ្នា។



ក្នុងបទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ កីឡាការិនី ង៉ូវ ច្រឹប ក្នុងវ័យ ៤៣ឆ្នាំ ស្ទើរតែមិនអាចនឹកស្មានថា ខ្លួនមានឱកាសចូលរួមសាងស្នារដៃ ឬចូលរួមជាផ្នែកមួយនៃជាតិទេ។ ប៉ុន្ដែក្រោយពេលជាប់ជាជម្រើសជាតិ ហើយមានឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា អត្ដពលិករូបនេះ រំភើបខ្លាំងស្ទើរតែមិនអាចទប់ទឹកភ្នែកបាន។
  

កីឡាការិនី ង៉ូវ ច្រឹប ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
 
ជាមួយពិការភាពស្វិតជើងទាំងសងខាង អត្ដពលិកប៉ារ៉ាឡាំពិករូបនេះ បានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដោយសង្ឃឹមថាអាចយកសមត្ថភាពខ្លួន ដណ្ដើមមេដាយមាស ព្រោះចង់ឲ្យទង់ជាតិកម្ពុជា បង្ហូតខ្ពស់ជាងប្រទេសផ្សេងទៀត ហើយក៏ចង់ឮសំឡេងភ្លេងជាតិ និងសំឡេងប្រជាជនកម្ពុជា ច្រៀង នៅពេលទទួលមេដាយមាស។
 
«ខ្ញុំ មិននឹកស្មានថា មានឱកាសជាផ្នែកមួយដើម្បីជាតិ។ ខ្ញុំពិតជាសប្បាយ។ ខ្ញុំ ពិតជាសប្បាយ និងរំភើប ដោយខ្លួន មានអាយុច្រើន ៤៣ឆ្នាំហើយ បានជាប់ជាជម្រើសជាតិកម្ពុជា លើវិញ្ញាសាកីឡាហែលទឹកពិការ។ អ្វី ធ្វើឲ្យខ្ញុំ មានមោទកភាពខ្លាំងជាងគេ គឺខ្ញុំចង់ឃើញ ទង់ជាតិកម្ពុជា យើងហូតខ្ពស់ជាងគេ។ ខ្ញុំចង់ឃើញបងប្អូន កម្ពុជាមកគាំទ្រច្រើនៗ ហើយគោរពភ្លេងជាតិកម្ពុជា ដែលបង្ហូតខ្ពស់ជាងគេ។»។ កីឡាការិនី វ័យ៤៣ឆ្នាំរូបនេះ បានបញ្ជាក់ពីអារម្មណ៍មោទកភាពរបស់ខ្លួន ដូច្នេះ។
 
ដោយឡែក កីឡាការិនីរូបនេះ ក៏បាននិយាយផងដែរថា លទ្ធផល មិនអាចដូចជាការរំពឹង មួយរយភាគរយទេ ព្រោះខ្លួនមិនធ្លាប់មានបទពិសោធន៍ប្រកួតអន្ដរជាតិពីមុនមក។ ហើយម្យ៉ាងវិញទៀត ចំពោះសមត្ថភាពអត្ដពលិកចូលរួមប្រកួតទាំងនោះ លោកស្រី ង៉ូវ ច្រឹប ក៏មិនបានដឹងពីមុនដែរ។ ប៉ុន្ដែអ្វី ដែលអត្ដពលិកស្រីរូបនេះ បានតប្ដេជ្ញា គឺមិនបោះបង់ចោលការប្រកួតកណ្ដាលទី និងប្រកួតឲ្យអស់ពីសមត្ថភាព។ លោកស្រី ច្រឹប ប្រាប់ដូច្នេះថា៖«ចាញ់ឈ្នះ ជារឿងធម្មតា ប៉ុន្ដែ ខ្ញុំ នឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីមើលទង់ជាតិកម្ពុជា បង្ហូតខ្ពស់ជាងគេ។ ខ្ញុំ សង្ឃឹម ៥០ភាគរយ។ យើង មិនបានដឹងពីសមត្ថភាពអត្ដពលិកបរទេសបែបមិចទេ ព្រោះយើងជាកីឡាករថ្មី។»។
 
ជាមួយការខំប្រឹងប្រែងនេះ អត្ដពលិក ច្រឹង ក៏សំណូមពរ ឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមគាំទ្រឲ្យបានច្រើន ព្រោះដោយចាត់ទុកថា ការគាំទ្រដ៏ច្រើន គឺជាកម្លាំងលើកទឹកចិត្តសម្រាប់អត្ដពលិកប្រកួតលើទីលាន។កីឡាការិនីរូបនេះ ត្រូវប្រកួតលើ ៣វិញ្ញាសា គឺហែលសេរី  ៥០ម៉ែត្រ, ១០០ម៉ែត្រ និង៤០០ម៉ែត្រ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ និងត្រូវចាប់ផ្ដើមនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 ង៉ូវ ច្រឹប
  អាស៊ានប៉ារ៉ាហ្គេម
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com