ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានគណបក្សខ្មែរតែមួយ រំពឹងទទួលបានអាសនរដ្ឋសភា តាមរយៈសកម្មភាព និងគោលនយោបាយ
01, Jun 2023 , 8:59 am        
រូបភាព
ប្រធានគណបក្សខ្មែរតែមួយ លោក គុជ លី រំពឹងទទួលបានអាសនរដ្ឋសភា តាមរយៈសកម្មភាព និងគោលនយោបាយ។ សម្រាប់ការប្រកួតប្រជែងបោះឆ្នោតនេះ គណបក្សខ្មែរតែមួយ ដាក់ចេញគោលនយោបាយ៨ចំណុច ដើម្បីដោះស្រាយបញ្ហាពលរដ្ឋ។

 
គណបក្សខ្មែរតែមួយ នឹងត្រូវប្រកួតប្រជែងនយោបាយ ជាមួយគណបក្សចំនួន១៧ទៀត ដើម្បីជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ។ សម្រាប់លោក គុជ លី ជឿជាក់ថា គណបក្សលោក នឹងទទួលបានសំឡេងគាំទ្រពីម្ចាស់ឆ្នោត។ មូលហេតុដែលលោក ជឿជាក់បែបនេះ ដោយសារតែសកម្មភាពនយោបាយកន្លងមក។ បើតាមលោក គុជ លី បក្សលោកបានចុះជួយបញ្ហាពលរដ្ឋ បានជាច្រើនករណីកន្លងមកហើយ នៅតាមមូលដ្ឋាន។ តាមរយៈការចុះជួយដោះស្រាយបញ្ហាពលរដ្ឋនេះ លោក លី សង្ឃឹមថា ពលរដ្ឋនឹងមើលឃើញពីការខិតខំប្រឹងប្រែងរបស់គណបក្ស។ 
 
ជាបន្តសូមលោកអ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ និងលោក រំដួល ចិត្រា អ្នកសារព័ត៌មានឌីជីថលថ្មីៗ ដូចតទៅ៖
 

ដោយសារក្តីសង្ឃឹមនេះ ទើបគណបក្សខ្មែរតែមួយ សម្រេចដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ទូទាំងប្រទេស ដើម្បីដណ្ដើមកៅអីរដ្ឋសភា ដែលមាន១២៥អាសនៈ តែម្ដង។ លោក គុជ លី ជឿថា គណបក្សនឹងអាចបានកៅអីរដ្ឋសភា ចាប់ពី២ឡើងទៅ។ ប៉ុន្តែបើទោះជាមិនបានអាសនៈក្តី ក៏លោក មិនបោះបង់ចោលការប្រកួតប្រជែងនយោបាយដែរ ពោលគឺគណបក្សលោកនឹងបន្តសកម្មភាពការងារដោះស្រាយបញ្ហាក្រៅប្រព័ន្ធ។
 
ជាលើកទី២ហើយ ដែលគណបក្សខ្មែរតែមួយ ចូលរួមប្រកួតប្រជែងនយោបាយ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនេះ ក្រោយពីបង្កើតឡើង កាលពីឆ្នាំ២០១៨មក។
 
សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង។ចំពោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
 

Tag:
 នយោបាយ
  គុជ លី
© រក្សាសិទ្ធិដោយ thmeythmey.com