កីឡាជាតិ
ជាតិ
សោកស្តាយ! លោក Honda ប្រកាសបិទក្លិបសូលទីឡូអង្គរ ព្រោះនៅតែគ្មានដៃគូសហការឧបត្ថម្ភ
01, Jun 2023 , 8:54 am        
រូបភាព
ដោយ: រួបរួម
អតីតអ្នកចាត់ការទូទៅក្លិបជម្រើសជាតិកម្ពុជា លោក Keisuke Honda នាថ្ងៃទី១ ខែមិថុនា នេះ បានជូនដំណឹងពីការសម្រេចចិត្តបញ្ចប់ប្រតិបត្តិការក្លិបបាល់ទាត់សូលទីឡូអង្គរ (Soltilo Angkor FC) ដែលមានមូលដ្ឋាននៅសៀមរាប ក្រោយដំណើរការចាប់តាំងពីឆ្នាំ២០១៧មក។

 
«ពួកយើងបានដំណើរការក្លិបនេះអស់រយៈពេល៦ឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត»។ នេះជាការបញ្ជាក់របស់លោក Keisuke Honda ជូនដល់ប្រជាជនកម្ពុជា ជាពិសេសអ្នកខេត្តសៀមរាប។
 
ជាមួយគ្នានេះ អតីតកីឡាករឆ្នើមជម្រើសជាតិជប៉ុន បានអរគុណដល់លោក ប៉ោ វ៉ាន់និត ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដែលទទួលបន្ទុកជាម្ចាស់ក្លិប ចំពោះការគាំទ្ររូបលោកក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល៧ឆ្នាំកន្លងមកនេះ។
 
លោក Keisuke Honda ដែលបានប្រឡូកខ្លួនក្នុងបាល់ទាត់កម្ពុជាពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ក្នុងនាមជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ និងជាម្ចាស់ក្លិបសូលទីឡូ បានសរសេរបន្ថែម៖ «ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។ សូមសំណាងល្អកម្ពុជា»។ 
 
សូលទីឡូអង្គរ បង្ហាញខ្លួនដំបូងនៅក្របខណ្ឌ Cambodian Second League នាឆ្នាំ២០១៧ ដោយបានកៅអីឡើងមកក្របខណ្ឌកំពូល ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ៤។ រដូវកាលឆ្នាំ២០១៨ នៅក្របខណ្ឌកំពូល Cambodian League សូលទីឡូ ដែលដឹកនាំដោយគ្រូបង្វឹកជប៉ុន Yuki Matsuda បានចំណាត់ថ្នាក់លេខ១០ក្នុងចំណោម១២ក្រុម។
 
 
នៅឆ្នាំ២០១៩ ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ ស្ថិតក្រោមការដឹកនាំបង្វឹករបស់គ្រូអង់គ្លេស Darren Pomroy ដោយឡើងទៅកាន់ចំណាត់ថ្នាក់លេខ៨ក្នុងចំណោម១៤ក្រុម។ ឈានដល់ឆ្នាំ២០២០ សូលទីឡូ ដឹកនាំដោយលោក អ៊ុក សារ៉េត បានរួចផុតពីតំបន់កាត់ចោល ដោយឈរលើចំណាត់ថ្នាក់លេខ១១ក្នុងចំណោម១៣ក្រុម។
 
ឈានដល់ឆ្នាំ២០២១ សូលទីឡូ បានជួបនូវរដូវកាលដ៏យ៉ាប់យ៉ឺនសារជាថ្មី ខណៈគ្រូបង្វឹកថ្មី គឺលោក អ៊ុក សុធី ដែលធ្លាប់ជាជំនួយការរបស់លោក Honda នៅក្រុមជម្រើសជាតិ មិនអាចស្រោចស្រង់ក្លិបបាននោះឡើយ។ សូលទីឡូ ស្ថិតនៅបាតតារាង ហើយត្រូវធ្លាក់ទៅលេងនៅក្លិប Cambodian League 2។
 
ការប្រកួតប្រជែងនៅក្របខណ្ឌលំដាប់ទីពីរនាឆ្នាំ២០២២កន្លងមក នៅតែមានលទ្ធផលមិនគាប់ប្រសើរដោយ សូលទីឡូ ជាប់ត្រឹមចំណាត់ថ្នាក់លេខ៧។ ជាក្រុមដែលបង្ហាញពីការតស៊ូខ្លាំងក្នុងវិស័យបាល់ទាត់នៅកម្ពុជា ប៉ុន្តែពេលនេះ ក្លិបសូលទីឡូ បានដើរតាមគន្លងក្លិបមួយចំនួនក្នុងការដកខ្លួន ដោយសារកង្វះដៃគូឧបត្ថម្ភ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com