កីឡាអន្តរជាតិ
អន្តរជាតិ
Sevilla លើកពាន Europa League លើកទី៧ ក្រោយឈ្នះ Roma វគ្គផ្តាច់ព្រ័ត្រ
01, Jun 2023 , 9:42 am        
រូបភាព
Sevilla កើនកំណត់ត្រាក្លាយជាជើងឯក UEFA Europa League ជាលើកទី៧ ក្នុងប្រវត្តិសាស្ត្រ តាមរយៈការយកឈ្នះ AS Roma នៅវគ្គផ្តាច់ព្រ័ត្រ ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៤-១។ Roma នៅតែមិនអាចស្គាល់ជាតិពានលំដាប់ទី២អឺរ៉ុប ស្របពេល Jose Mourinho បរាជ័យវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបលើកដំបូងក្នុងអាជីពដឹកនាំ។



នាជំនួបវគ្គផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី៣១ ខែឧសភា នាកីឡដ្ឋាន Puskas Arena ក្នុងក្រុង Budapest ប្រទេសហុងគ្រី ខ្សែបម្រើឆ្នើម Paulo Dybala ជាអ្នករកគ្រាប់បាល់នាំមុខឱ្យ Roma មុននៅនាទី៣៥ មុនពេលខ្សែការពារ Gianluca Mancini ធ្វើឱ្យបាលចូលទីខ្លួនឯងនៅនាទី៥៥ ដើម្បីជូយ Sevilla តាមបានគ្រាប់ស្មើវិញ។
 
លទ្ធផល ១-១ បានបន្តរហូតបញ្ចប់វគ្គបន្ថែមម៉ោង១៥នាទីពីរដង រហូតឈានដល់កាត់ទាត់បាល់កាត់សេចក្តីប៉េណាល់ទី។ ក្រុមអេស្ប៉ាញនៅតែបង្ហាញឥទ្ធិពលរបស់ខ្លួនសម្រាប់ក្របខណ្ឌលំដាប់ទី២អឺរ៉ុប ដោយអាចស៊ុតចូលទាំង៤គ្រាប់ ស្របពេលក្រុមអ៊ីតាលីដែលដឹកនាំដោយលោក Jose Mourinho ធ្វើបានតែ១គ្រាប់ប៉ុណ្ណោះចំណោមការស៊ុត៣លើក។ Sevilla ឈ្នះ Roma ដោយបាល់ប៉េណាល់ទី ៤-១។
 
តាមរយៈលទ្ធផលនេះ Sevilla បានបន្តបង្កើនកំណត់ត្រាឈ្នះ Europa League ជាលើកទី៧របស់ខ្លួន ស្របពេល Roma នៅតែមិនអាចស្គាល់រសជាតិលើកទីពានអឺរ៉ុបនេះ ដោយទទួលបានត្រឹមរងជើងឯកជាលើកទី២។ ដោយឡែកលោក Mourinho ដែលមិនធ្លាប់ខកឱកាសនៅផ្តាច់ព្រ័ត្រអឺរ៉ុបក្នុងនាមអ្នកចាត់ការ ក៏ខកចិត្តលើកដំបូងក្នុងការដឹកនាំ Roma។
 
គិតមកទល់ពេលនេះ ក្រៅពី Sevilla ដែលឈ្នះ Europa League ៧លើក មាន Inter Milan, Liverpool, Juventus និង At-Madrid ធ្លាប់ឈ្នះ៣លើកដូចគ្នា ស្របពេល Germany Borussia Mönchengladbach, Tottenham Hotspur, Feyenoord, Eintracht Frankfurt, IFK Göteborg, Real Madrid, Parma, Porto និង Chelsea ឈ្នះ២លើករៀងខ្លួន៕
 

Tag:
 Europa League
  Sevilla
© រក្សាសិទ្ធិដោយ thmeythmey.com