ជាតិ
ថ្នាក់រៀនបំប៉នជួយឱ្យកុមារ ឈង់ ឆេងហ៊ុន ក្លាយជាសិស្សពូកែ​
01, Jun 2023 , 10:20 am        
រូបភាព
កុមារ ឈង់ ឆេងហ៊ុន ពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅសាលាបឋមសិក្សាកំពង់ភ្លុក នាថ្ងៃទី៣០ ឧសភា។
កុមារ ឈង់ ឆេងហ៊ុន ពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅសាលាបឋមសិក្សាកំពង់ភ្លុក នាថ្ងៃទី៣០ ឧសភា។
សៀមរាប៖ ធ្លាប់ជាសិស្សរៀនមិនទាន់គេ ពុំមានភាពក្លាហាន មិនសូវចេះអាន ឬប្រកប តែ​ពេលនេះ កុមារា ឈង់ ឆេងហ៊ុន ក្លាយជាសិស្សលេចធ្លោនៅក្នុងថ្នាក់ និងជាសិស្សពូកែ ដែល​ធ្វើឱ្យមិត្តភក្ដិ ពិសេសគ្រូបន្ទុក​ថ្នាក់ និងអាណាព្យាបាលមានមោទកភាពជាខ្លាំង។ ឆន្ទៈ ក៏ដូចជាការចូលរៀនថ្នាក់បំប៉នបន្ថែម គឺសុទ្ធសឹង​​​ជា​ដើមទង។

 
កុមារា ឈង់ ឆេងហ៊ុន ជាសិស្សរៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាកំពង់ភ្លុក។ ក្នុង​វ័យ​១១ឆ្នាំ កុមារារូបនេះ បានក្លាយជាសិស្សលេចធ្លោនៅក្នុងថ្នាក់រៀន និងជាសិស្សពូកែ។ ​លេច​ធ្លោ ព្រោះថា គេបានប្រែក្លាយពីសិស្សរៀនមធ្យម រៀនមិនទាន់គេ ទៅជាសិស្ស​រៀន​បាន​ចំណាត់ថ្នាក់ល្អ។ 
 
មានចរិតរម្យទម មិនសូវនិយាយស្ដី ឆេងហ៊ុន ជាសិស្សឧស្សាហ៍ម្នាក់។ នៅក្នុងថ្នាក់​គេ​តែង​ស្ដាប់គ្រូ និងចូលចិត្តការសិក្សាជាខ្លាំង មិនថានៅសាលាឬនៅផ្ទះ។ ការសិក្សាធ្វើឱ្យ​គេ​សប្បាយ និងមិនមាន​អារម្មណ៍​នឿយហត់​ឡើយ។ 
 
រំឭកទៅក្រោយបន្ដិច កាលនៅរៀនថ្នាក់ទី៤ កុមារា ឆេងហ៊ុន ជាសិស្សរៀនមធ្យម និង​ខ្សោយ​​ផ្នែក​អំណាន។ គេជាសិស្សម្នាក់ ដែលត្រូវបានជ្រើសរើសឱ្យរៀនថ្នាក់បំប៉ន​រយៈ​ពេល​​៣ខែ។ កំឡុងពេលរៀននោះ កុមារា ឆេងហ៊ុន ប្រាប់ថាគ្រូបានជួយជំរុញគេ​ខ្លាំង​លើ​ការ​សរសេរ និងប្រកប ដែលជាចំណុចខ្វះខាត របស់ខ្លួន។ ឆេងហ៊ុន រៀបរាប់ថា៖« ពេល​រៀន​ថ្នាក់បំប៉ន រៀនជាមួយអ្នកគ្រូម្នាក់ម្ដងៗ កន្លែងអត់ចេះ គាត់ពន្យល់ ស្រួលរៀន ហើយ​ឆាប់​ចេះអាន និងប្រកបលឿន»។
 
ម្ដាយកុមារា ឆេងហ៊ុន អ្នកស្រី អឿន រ៉ានី បានរៀបរាប់ថា កូនរបស់អ្នកស្រី​ជា​មនុស្ស​ឧស្សាហ៍​រៀនសូត្រ និងមិនសូវលេងច្រើនទេ។ ទោះគេជាសិស្សចូលចិត្តរៀនគណិតវិទ្យា​បន្ដិច​ក្ដី តែកូនអ្នកស្រីខ្សោយមុខវិជ្ជា ភាសាខ្មែរ។ អ្នកស្រី រ៉ានី ពន្យល់ថា ទោះអ្នកស្រី​ព្យាយាមព​ន្យល់កូនបែបណា ក៏គេពិបាកចាប់បាន ណាមួយនៅតូចគេមានជំងឺ​ដែល​បណ្ដាល​ឱ្យគេរៀងធ្ងន់ត្រចៀកមួយចំហៀង។ 
 

អ្នកស្រី អឿន រ៉ានី ម្ដាយកុមារា ឆេងហ៊ុន
 
អ្នកស្រី រ៉ានី អះអាងថា ក្រោយចូលរៀនវគ្គបំប៉នរយៈពេល៣ខែ កូនអ្នកស្រីមាន​ការ​ផ្លាស់​ប្ដូរ​ច្រើន គឺខុសពីពេលមុនឆ្ងាយ។ ស្រ្តីវ័យ៣៣ឆ្នាំរូបនេះបន្ថែមថា៖« ពីមុនគាត់ខ្សោយ​សរសេរ និងអាន។ តាំងពីរៀនបំប៉នបាន៣ខែមក គាត់ព្យាយាមអាន គាត់ព្យាយាមប្រកប គាត់​សរសេរបាន និងប្រកបបាន ឥឡូវអាចបាន៩៥ភាគរយហើយ ប្លែកជាងមុនឆ្ងាយ​ណាស់​»។ 
 
អ្នកគ្រូ ណូត ស្រីល័ក្ខ គ្រូបន្ទុកថ្នាក់កុមារា ឆេងហ៊ុន បានឱ្យដឹងថា ថ្នាក់បំប៉ន​ជា​ថ្នាក់​ពិសេស​ដែល ខាងសាលាដោយមានជំនួយពីអង្គការដៃគូ ជួយដល់សិស្ស​ដែល​រៀន​មិន​ទាន់​គេ និងងាយបោះបង់ការ​សិក្សា។ មុនចូលរៀន សាលាបានតេស្ដសមត្ថភាព​សិស្ស​គ្រប់ៗ​គ្នា ដើម្បីដឹងថាពួកគេខ្សោយមុខវិជ្ជា ណាមួយ។ 


អ្នកគ្រូ ណូត ស្រីល័ក្ខ គ្រូបន្ទុកថ្នាក់កុមារ ឆេងហ៊ុន 
 
ចំពោះកុមារា ឆេងហ៊ុន អ្នកគ្រូ ស្រីល័ក្ខ កត់សម្គាល់ឃើញថា គេខ្សោយមុខវិជ្ជា​ភាសា​ខ្មែរជាខ្លាំង។ អ្នកគ្រូបន្តថា៖« បើប្រៀបធៀបពីមុននិងឥឡូវ គាត់ល្អច្រើន ល្អរហូត​ដល់​៩០ភាគរយ ដោយសារ​ការមកបំប៉នដំបូង គាត់ពិបាកអាន សូម្បីប្រកបគាត់នៅពិបាក ថ្នាក់ទី៤ហើយនៅតែពិបាកប្រកប នៅពេលដែលត្រូវអាន គឺត្រូវតែប្រកបអមជាមួយ ហើយ​ព្យញ្ជនៈ​និងស្រះ គាត់មិនច្បាស់ទៀត។ ប៉ុន្តែឥឡូវមិនដូចពីមុនទេ គាត់អានដោយមិនចាំ​បាច់ប្រកប ប្រកបតែពាក្យពិបាកអាន ដែលយើងមាន​ថ្មីឱ្យគាត់»។
 


បទពិសោធន៍បង្រៀនសិស្ស៤ឆ្នាំ អ្នកគ្រូ ស្រីល័ក្ខ បានមើលឃើញចំណុចខ្លះ​ដែល​ធ្វើ​ឱ្យ​សិស្ស​មួយ ចំនួនរៀនមិនទាន់គេ។ អ្នកគ្រូលើកឡើងថា៖« ខ្ញុំឃើញថាដោយសារក្នុងថ្នាក់​មាន​ចំនួនគ្នាច្រើន អ៊ីចឹងអាចការផ្តល់ពីគ្រូទៅសិស្ស ឬពីសិស្សមកគ្រូ អាចអត់ទាន់ច្បាស់​ល្អ ពេលនៅក្នុងថ្នាក់បំប៉ន​មានគ្នាតិច អ៊ីចឹងទៅរវាងការយកចិត្តទុកដាក់សិស្សនិងគ្រូ ការ​សួរនាំគាត់មានភាពស្និទ្ធស្នាលជាង ហើយសិស្សក៏មានភាពរីករាយដែរ និងដឹងថា គ្រូ​មិន​បាន​ទុកពួកគេចោលទេ គាត់យកចិត្តទុកដាក់ បានណែនាំច្បាស់លាស់ ឱ្យអាន​ម្នាក់​ម្ដង​ច្បាស់​ៗ»។ 
 
អ្នកគ្រូ ស្រីល័ក្ខ មើលឃើញចំណុចវិជ្ជមានច្រើននៃថ្នាក់រៀនបំប៉ន ពិសេសទប់ស្កាត់ការ​បោះ​បង់ ការសិក្សានៃសិស្សរៀនមិនទាន់គេ។ អ្នកគ្រូ ស្រីល័ក្ខ យល់ដូច្នេះ៖«ក្មេងមួយចំនួន​​ដែល​​រៀន​​មិនទាន់គេ គាត់មានគំនិតចង់​បោះបង់​ការសិក្សា ដោយសារពេលគាត់មកដល់​សាលា​រៀនតាមអត់ទាន់ មានអារម្មណ៍​មិនចង់មករៀន។ ណាមួយគ្រួសារពួកគាត់ភាគ​ច្រើន​រវល់នេសាទ មិនសូវយកចិត្តទុកដាក់​ជាមួយកូន»។ 
កំឡុងពេលរៀនថ្នាក់ទី៤ កុមារា ឆេងហ៊ុន ជាសិស្សរៀនបានមធ្យមភាគមធ្យម គឺបាន​ចំណាត់​ថ្នាក់លេខ ២៩ ក្នុងចំណោមសិស្ស៤០នាក់។ គេក៏មិនសូវមានភាពក្លាហានដែរ និង​ខ្មាស​អៀនច្រើន។ នេះជាការកត់សម្គាល់របស់អ្នកគ្រូ ស្រីល័ក្ខ រៀបរាប់ពីអត្តចរិតកុមារា ឆេងហ៊ុន មកកាន់សារព័ត៌មានថ្មីៗ និងបន្ត​ថា៖« ពីមុនមិនសូវពូកែ ខ្ញុំមានអារម្មណ៍ថា គាត់​មិន​សូវហ៊ាននិយាយស្ដី អឹមអៀន ខ្មាសគេ ព្រោះពេលគ្រូឱ្យអាន គាត់មិនចេះអាន ប៉ុន្តែ​ក្រោយ​នេះ មានភាពស្វាហាប់ និងរួសរាយរាក់ទាក់ និងការនិយាយស្ដីខុសពីមុន គាត់ចូល​ចិត្តពន្យល់មិត្តភក្ដិ»។ 
 
នាយកសាលាបឋមសិក្សាកំពង់ភ្លុក លោក ទា សាវុធ យល់ថា កម្មវិធីថ្នាក់បំប៉នមានសារសំខាន់ ហើយកន្លងមក សាលាក៏ធ្លាប់បានអនុវត្តន៍ជាមួយអង្គការដៃគូដែរនៅកំឡុងពេលវ៉ាកង តែកម្មវិធីនេះ បានផ្អាកទៅវិញ។ លោក ទា សាវុធ លើកឡើងថា៖« វាជួយក្មេងដែលរៀនយឺតមិនទាន់គេ រៀនទាន់​គេវិញ ព្រោះរៀនក្នុងថ្នាក់សិស្សច្រើន គ្រូផ្តល់ទៅមិនបានសព្វ ដោយសារក្មេងខ្លះ​អាចមក​ពីបញ្ហារបស់គាត់ គាត់ចង់រៀនជាដៃគូជាមួយគ្រូ ឬសិស្សតិច ទើបគាត់ទទួលមិនបានគ្រប់គ្រាន់»។ 


លោក ទា សាវុធ នាយកសាលាបឋមសិក្សាកំពង់ភ្លុក 
 
បន្ទាប់ពីរៀនទាន់គេឯង និងក្លាយជាសិស្សពូកែ កុមារា ឆេងហ៊ុន កាន់តែស្រឡាញ់នឹងការសិក្សាជាខ្លាំង។ សិស្សរូបនេះបញ្ជាក់ថា នឹងមិនបោះបង់ការសិក្សាឡើយទោះមានបញ្ហាអ្វីក៏ដោយ គឺប្រឹងប្រែងរហូតដល់ រៀនចប់។ ឆេងហ៊ុន ចង់ក្លាយជាគ្រូបង្រៀនម្នាក់នៅក្នុងភូមិនាពេលអនាគត។ 
 
ចំពោះអ្នកស្រី រ៉ានី ដែលជាម្ដាយវិញ ក៏បេ្ដជ្ញាចិត្តខ្ពស់ថា នឹងមិនឱ្យកូនឈប់រៀនឡើយ គឺតស៊ូឱ្យកូនរៀន ដល់ចប់ចុងចប់ដើម។ ទោះគ្រួសារជាអ្នកនេសាទ និងរត់រ៉ឺម៉ត និងរៀនសូត្របានតិចតួច តែគ្រួសារ​មួយនេះ​តាំងចិត្តថា នឹងជំរុញឱ្យកូនរៀនដល់ថ្នាក់បរិញ្ញាបត្រ ប្រសិនមានលទ្ធភាព។ 
 

សាលាបឋមសិក្សាកំពង់ភ្លុក 
 
អ្នកស្រី រ៉ានី ក៏គាំទ្រគំនិតកូនប្រុសច្បងរបស់ខ្លួន ដែលចង់ ធ្វើជាគ្រូបង្រៀនផងដែរ។ អ្នកស្រីលើក​ឡើងថា៖« យល់ស្របតាមបំណងដែលគាត់ចង់ធ្វើគ្រូ ព្រោះសុខភាពគាត់រៀងខ្សោយ សមនឹងសមត្ថភាពគាត់ដែរ»។ 
 
សូមបញ្ជាក់ថា ថ្នាក់បំប៉នជាផ្នែកមួយនៃកម្មវិធីរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងបំណងធ្វើឱ្យ ប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃសេវាកម្មអប់រំ ដោយកាត់បន្ថយការរៀនត្រួតថ្នាក់ និងអត្រាបោះបង់ការសិក្សានៅគ្រប់កម្រិតថ្នាក់។ ថ្នាក់នះជួយអ្នករៀនយឺតធ្វើឱ្យប្រសើរឡើងនូវលទ្ធផល នៃការសិក្សារបស់កុមារ និងកាត់បន្ថយលទ្ធភាពនៃការបោះបង់ការសិក្សា ដែលជាកង្វល់មួយរបស់កម្ពុជា ពិសេសនៅតំបន់ដាច់ស្រយាល។ 
 
សិស្សានុសិស្សនៅសាលាបឋមសិក្សាកំពង់ភ្លុក
នៅសាលាបឋមសិក្សាកំពង់ភ្លុក នៃបឹងទន្លេសាប ស្ថិតក្នុងគម្រោងដែលអង្គការ អេដ អេ អាក់ស្យុង និងអង្គការដៃគូ អង្គការខេប បានផ្តល់ឱ្យកុមារដែលងាយនឹងបោះបង់ការសិក្សាដោយសារ​មូលហេតុ ផ្សេងៗ ក្នុងគម្រោងសម្ពន្ធភាពកម្ពុជាដើម្បីកុមារក្រៅសាលារៀន (CCOSC)។ គម្រោងនេះមានការគាំទ្រក្នុងភាពជាដៃគូ Educate A Child (EAC) នៃ Education Above All Foundation កម្មវិធីដៃគូរួមគ្នា CCOSC បានចាប់ផ្តើមការងារនេះនៅក្នុងឆ្នាំ២០១៤ ដែលថ្មីៗនេះកំពុងអនុវត្តន៍នៅដំណាក់កាលទី២ របស់ខ្លួន ក្នុងអំឡុងពេល និងបន្ទាប់ពីការបិទសាលារៀនដោយសារជំងឺរាតត្បាតកូវីដ-១៩៕
 

Tag:
 ថ្នាក់រៀនបំប៉ន
  សាលាបឋមសិក្សាកំពង់ភ្លុក
  បឋមសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com