ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទៅដល់ម៉ាឡេស៊ីបាន២ថ្ងៃ លោក សម រង្ស៊ី ក៏ត្រូវចាកចេញវិញ
01, Jun 2023 , 1:58 pm        
រូបភាព
 អ្នកគាំទ្រខ្មែរ-អ៊ិស្លាម ទៅទទួលលោក សម រង្ស៊ី (កាន់បាច់ផ្កា) នៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់លោក)។
អ្នកគាំទ្រខ្មែរ-អ៊ិស្លាម ទៅទទួលលោក សម រង្ស៊ី (កាន់បាច់ផ្កា) នៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ (រូបពីហ្វេសប៊ុករបស់លោក)។
ដោយ៖ ទេពញាណ 

លោក សម រង្ស៊ី និងភរិយា រួមទាំងសហការី បានហោះចេញពីអូស្ត្រាលី ទៅដល់ម៉ាឡេស៊ី ដែលមានប្រវែងជិត១ពាន់គីឡូម៉ែត្រពីកម្ពុជា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ មេដឹកនាំប្រឆាំងកំពូលរូបនេះ នៅម៉ាឡេស៊ី មិនបានយូរដូចពេលទៅបំពេញទស្សនកិច្ចនៅប្រទេសដទៃឡើយ។



តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសម៉ាឡេស៊ី អះអាងថា លោក សម រង្ស៊ី បានចាកចេញពីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣១ ឧសភា។ សេចក្តីប្រកាសព័ត៌មាននេះ  ពុំមានពាក្យ «បណ្តេញ» លោកចេញពីម៉ាឡេស៊ីឡើយ។ វិទ្យុអាស៊ីសេរី សរសេរថា តាមគម្រោងលោកត្រូវហោះទៅកាន់ប្រទេសបារាំងវិញ នៅថ្ងៃទី១ ខែមិថុនានេះ។ 
 
ក្រសួងការបរទេសម៉ាឡេស៊ី បញ្ជាក់ថា អំឡុង (រយៈពេល២ថ្ងៃ) ដែលលោកស្ថិតក្នុងប្រទេសម៉ាឡេស៊ី គឺគ្មានវេទិកាជួបជុំសាធារណៈណាមួយឡើយ។ ជាមួយគ្នានេះ ក្រសួងការបរទេសម៉ាឡេស៊ី ប្រកាសថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពុំត្រូវបានជូនដំណឹងពីដំណើររបស់លោក សម រង្ស៊ី ទៅដល់ម៉ាឡេស៊ីនោះទេ។ 
 
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទម្លាយថា លោក អាន់វ៉ា សន្យាជាមួយសម្តេចដល់ទៅ៤ដង ថាមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ជាន់ទឹកដីម៉ាឡេស៊ី។ ចំពោះការទៅដល់របស់លោក សម រង្ស៊ី ក្នុងប្រទេសម៉ាឡេស៊ី លោក អាន់វ៉ា ប្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ពុំបានដឹងនោះទេ ដោយសារលោក សម រង្ស៊ី ធ្វើដំណើរទៅម៉ាឡេស៊ី តាមយន្តហោះរបស់ក្រុមហ៊ុនឯនជន និងប្រើលិខិតឆ្លងដែនបារាំង។ សម្តេច ថែមទាំងទទួលបានព័ត៌មានទៀតថា លោក សម រង្ស៊ី ប្រុងរៀបចំកិច្ចប្រជុំលើទឹកដីម៉ាឡេស៊ី តែត្រូវអាជ្ញាធរម៉ាឡេស៊ី ហាមឃាត់។ 
 
ក្នុងពិធី១ កាលពីថ្ងៃ៣១ ខែឧសភា មេដឹកនាំកម្ពុជា ថ្លែងដូច្នេះថា៖«ឯកឧត្តម អាន់វ៉ា បាននិយាយជាមួយខ្ញុំច្បាស់ថា មិនឲ្យមក [ម៉ាឡេស៊ី] ទេ ហើយខ្ញុំក៏បាននិយាយថា បើឲ្យមក គឺរដ្ឋាភិបាល និងរដ្ឋាភិបាល [នៃប្រទេសយើងទាំង២] មើលមុខគ្នាអត់ត្រង់»។ 
 
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានជួបពិភាក្សាជាមួយសមាជិកសភាមួយចំនួនរបស់ម៉ាឡេស៊ី ពេលលោកទៅដល់ម៉ាឡេស៊ី។ លោក បានបង្ហោះរូបភាពអំពីជំនួបនេះលើទំព័រហ្វេសប៊ុកខ្លួន។ 
  
លោក សម រង្ស៊ី ថតជាមួយសមាជិកសភាម៉ាឡេស៊ី (រូបពីហ្វេសប៊ុករបស់លោក)។  

មុនទៅម៉ាឡេស៊ី ដែលស្ថិតក្នុងតំបន់អាស៊ានជាមួយកម្ពុជាដែរនោះ លោក សម រង្ស៊ី បានទៅបំពេញទស្សនកិច្ចតាមបណ្តាប្រទេសនានា រួមមាន អាម៉េរិក កាណាដា ឥណ្ឌូណេស៊ី និងអូស្ត្រាលី ជាដើម។ នៅតាមបណ្តាប្រទេសទាំងនេះ លោក ពុំមែនស្ថិតនៅរយៈពេលខ្លី និងគ្មានពិធីជួបជុំនោះទេ។ ជាក់ស្តែង លោក ស្ថិតនៅក្នុងប្រទេសអូស្ត្រាលីដល់ទៅជិត១០ថ្ងៃ និងមានពិធីជួបជុំជាមួយអ្នកគាំទ្រពីកន្លែងមួយទៅកន្លែងមួយ៕  
 
 

Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com