ជាតិ
សង្គមជាតិ
លីកាដូ ស្នើរដ្ឋាភិបាលដោះស្រាយ កំណើននៃការឃុំខ្លួន អនីតិជនក្នុងពន្ធនាគារ
01, Jun 2023 , 3:09 pm        
រូបភាព
មណ្ឌល​យុ​វ​នីតិសម្បទា​ ​នៅ​ខេត្ត​កណ្តាល​ ​ដែល​ជា​ពន្ធ​នាគា​រ​ដំបូង​គេ​សម្រាប់​អនីតិជន។ រូបពី លីកាដូ
មណ្ឌល​យុ​វ​នីតិសម្បទា​ ​នៅ​ខេត្ត​កណ្តាល​ ​ដែល​ជា​ពន្ធ​នាគា​រ​ដំបូង​គេ​សម្រាប់​អនីតិជន។ រូបពី លីកាដូ
ភ្នំពេញ៖ សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស(លីកាដូ) បានស្នើសុំឱ្យបញ្ឈប់ការឃុំខ្លួនកុមារ ខណៈពួកគេភាគច្រើនស្ថិតក្នុងការរង់ចាំសវនាការ និងប្រកាសសាលក្រមស្ថាពរ។ ជុំវិញករណីនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អះអាងថា បានដោះស្រាយបញ្ហានេះហើយ ហើយក្រោយបោះឆ្នោតនឹងជំរុញបន្ថែមទៀត។

 
លីកាដូចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃ១មិថុនា នៃការប្រារព្ធទិវាអន្តរជាតិសិទ្ធិកុមារ ឆ្នាំ២០២៣ ដោយបង្ហាញពីតួលេខអនីតិជន នៅក្នុងពន្ធនាគារមានរហូតដល់១៦៥៨នាក់។ ក្នុងនោះមានប្រមាណ៥០ភាគរយជាកុមារា ដែលកំពុងជាប់ឃុំបណ្ដោះអាសន្ន ដោយរង់ចាំសវនាការ និងសាលក្រមស្ថាពរ។ តួលេខនេះ គិតត្រឹមខែមេសា ឆ្នាំ២០២៣ ។ 
 
ជាមួយគ្នាដែរ លីកាដូ បង្ហាញតួលេខទៀតថា មានកុមារ៨២នាក់ កំពុងរស់នៅពន្ធនាគារជាម្ដាយ ហើយមានស្ត្រី៣០នាក់ កំពុងមានផ្ទៃពោះ។ ដូច្នេះ លីកាដូ អះអាងថា កុមារដែលរង់ចាំនីតិវិធីតុលាការ ,កុមាររស់នៅជាម្ដាយជាប់ទោស រួមទាំងស្រ្តីមានផ្ទៃពោះ គួរត្រូវផ្ដល់ឱកាសឱ្យពួកគេក្រៅឃុំបណ្ដោះអាសន្នសិន។ 
 
​កុមារ ​រងផលប៉ះពាល់កាន់តែ​ធ្ងន់ធ្ងរ​ នៅពេល​រស់នៅក្នុង​ពន្ធ​នាគា​រ​មាន​ភាព​ចង្អៀត​ណែន​ ​និង​កង្វះ​នូវ​អនាម័យ​ ​។ នេះជាការកត់ស្គាល់ឃើញរបស់ អង្គការលីកាដូ ហើយស្នើទៅស្ថាប័នតុលាការ ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។
 
«អនុវត្ត​វិធានការ​ដាក់​ឱ្យ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​លើ​គ្រប់​អនិតិជន​ ​ស្ត្រី​/​ក្មេង​ស្រីមានផ្ទៃពោះ​ ​និង​ ​ម្តាយ​ដែល​មានកូន​តូច​ ​និង​អនុវត្ត​ជម្រើស​ទោស​ដទៃទៀត​ជំនួស​ឱ្យ​ការ​ឃុំឃាំង​ ​។​ ​ក៏​ដូចគ្នា​ដែរ​ ​គឺ​ការ​អនុវត្ត​វិធានការ​ខាងលើ​នេះ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​តូចតាច​»។ នេះបើតាមលីកាដូ។ 
 
ជុំវិញបញ្ហានេះ លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ទទួលស្គាល់ថា ចំនួនអនីតិជន គឺមានការកើនឡើង ដោយពួកគេភាគច្រើនជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ប៉ុន្តែ បញ្ហាចង្អៀតណែន ដែលសង្គមស៊ីវិលបានលើកឡើងនោះ ខាងអគ្គនាយកដ្ឋានបានដោះស្រាយហើយ គឺភាគច្រើនៃអ្នកជាប់ឃុំអនីតិជន ត្រូវបានបញ្ជូនទៅមណ្ឌល​យុ​វ​នីតិសម្បទា​​នៅ​ខេត្ត​កណ្តាល​ ​ដែល​ជា​ពន្ធ​នាគា​រ​ដំបូង​គេ​សម្រាប់​អនីតិជន។ 
 
ចំណែកលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏អះអាងថា ជាង២ឆ្នាំហើយ ដែលក្រសួងបានដោះស្រាយ តាមយន្តការបញ្ចៀសការកកស្ទះសំណុំរឿង គឺផ្ដល់អាទិភាពដល់ជនងាយរងគ្រោះ រួមទាំងអនីតិជន។ 
 
ទាក់ទងនឹងមណ្ឌល​យុ​វ​នីតិសម្បទា​​នៅ​ខេត្ត​កណ្តាលដែល លោក នុត សវនា លើកឡើងនេះ ត្រូវបាន អង្គការលីកាដូ ឆ្លើយតបវិញថា វាមានផ្ដល់វិបាកដល់គ្រួសារអ្នកជាប់ឃុំដែលនៅខេត្តឆ្ងាយៗ ពិបាកសួរសុខទុក្ខ​ ​ក៏ដូចជា​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​ និងផ្ដល់​ជំនួយ​ចាំបាច់​ដល់​កូន​ៗ​របស់​ពួកគេ​​។ 
 
អង្គការលីកាដូស្នើបែបនេះ៖ «យើងខ្ញុំ​សូម​ទាមទារ​ឱ្យ​បញ្ឈប់​ការ​ឃុំ​ខ្លួន​ ​សម្រាប់​ករណី​មួយ​ចំនួន​ដែល​មិន​ចាំបាច់​មក​លើ​កុមារ​ ​ដែល​នេះ​ជា​រំលោភ​សិទ្ធិ​អនីតិជន​ ​និង​អត្ថប្រយោជន៍​របស់​កុមារ​យ៉ាង​ខ្លាំង​ ​ទាំង​កា​រដាក់​នៅ​ក្នុង​ ​ពន្ធ​នាគា​រដែ​ល​មានស្រាប់​ ​ឬ​ពន្ធ​នាគា​ថ្មី​ដែល​ហៅថា​ ​មណ្ឌល​ស្តារ​យុ​វ​នីតិសម្បទា​»។ 
 
អង្គការនេះ ក៏បានលើកពីច្បាប់​ជាតិ​ថា ពន្ធ​នាគា​រ​មិនមែន​ជា​កន្លែង​សម្រាប់​អនីតិជន​នោះ​ទេ​ ​ហើយ​ច្បាប់​ ​ទាំងនោះ​ផ្តល់​ឱ្យ​អាជ្ញាធរ​នូវ​ជម្រើស​ផ្សេងៗ​ជាច្រើន​ទៀត ​ក្រៅពី​ការ​ឃុំ​ខ្លួន​កុមារ​ ​។​ ​លើស​ពី​នេះ​ ​ច្បាប់​​បាន​កំណត់​នូវ​អនីតិជន ​ដែល​អាច​ទទួលខុសត្រូវ​ ​និង​ទទួលរង​ទោស​ទណ្ឌ​ ​គឺ​មាន​អាយុ​ចន្លោះ​ពី​ ​១​៤​ ​ទៅ​ ​១​៧​ ​ឆ្នាំ​ ​នៅ​ពេល​ពួកគេ​បាន​ប្រព្រឹត្ត​នូវ​បទល្មើស​ដែល​ច្បាប់​កំណត់​ ​។​ ​
 
ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​ ​​ចែង​ថា ​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​គឺជា​ជម្រើស​ចុងក្រោយ​សម្រាប់​កុមារ​ ​ដោយ​​យោងទៅតាម​គោលការណ៍​នៃ​ការ​ស​ន្មត់​ជាមុន​ថា​​ គ្មាន​ទោស​ ​។ ជាពិសេស​លើកកម្ពស់​ការប្រើប្រាស់​ ​នូវ​ប្រភេទ​ទោស​ផ្សេងៗ​ទៀត​ ​ក៏ដូចជា​ទោស​សហគមន៍​។​ ​ដូចគ្នា​នេះ​​ ​ការប្រើប្រាស់​ការ​ព្យួរទោស​ ​ឬ​ការ​ដោះលែង​ ដោយមាន​លក្ខខណ្ឌ​ ​គួរ​ត្រូវ​បាន​ប្រើប្រាស់​ជំនួស​ឱ្យ​ការ​ដាក់ទោស​ពន្ធ​នាគា​រ​ ​​លើ​កុមារ​។ 
 
ចំពោះការដោះលែងឱ្យនៅក្រៅឃុំនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បញ្ជាក់ថា កន្លងមកអាជ្ញាធរកំពុងធ្វើការលើរឿងនេះ ប៉ុន្តែអំឡុងពេលជិតបោះឆ្នោតមកដល់ ក៏ពុំសូវមានពេលគ្រប់គ្រាន់ ក្នុងការពន្លឿនការងារ។ ហេតុនេះ ក្រោយពេលបោះឆ្នោតរួម អាជ្ញាធរ ដែលធ្វើការជាមួយអង្គការ Jica និងឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នឹងជំរុញនីតិវិធីនេះ ដើម្បីឱ្យអ្នកជាប់ឃុំបណ្ណោះអាសន្ន និងអ្នកទោសកម្រិតស្រាល អាចនៅក្រៅឃុំបាន៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com