អន្តរជាតិ
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងសន្យាបាញ់ផ្កាយរណបបន្ថែម
01, Jun 2023 , 7:29 pm        
រូបភាព
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោកស្រី គីម យ៉ូចុង អះអាងថា ផ្កាយរណបឈ្លបយកការណ៍​យោធា​របស់កូរ៉េខាងជើងនឹងត្រូវបាញ់ចូលទៅក្នុងគន្លងក្នុងពេលឆាប់ៗនេះដើម្បីបង្កើនការឃ្លាំមើលផ្នែកយោធា ស្របពេលទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានព្រមានពីផលវិបាកដល់ការដឹកជញ្ជូន និងការធ្វើដំណើរដោយសារការបាញ់បែបនេះ។

 
«យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​អ្វី​ដែលអាច​មាន​ក្នុង​ការ​ការពារ​សិទ្ធិ​អធិបតេយ្យភាព ​និង​ ផលប្រយោជន៍​របស់​យើង»។ លោកស្រី គីម យ៉ូចុង បញ្ជាក់បែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយដែល ផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី១ ខែមិថុនា។
 
កូរ៉េខាងជើង ទើបបរាជ័យ​ក្នុងការបាញ់​បង្ហោះ​ផ្កាយរណប​របស់​ខ្លួន​នៅថ្ងៃទី៣១ ខែឧសភា។ សមាជិក​សភាកូរ៉េខាងត្បូងម្នាក់ដកស្រង់របាយការណ៍ទីភ្នាក់ងារស៊ើបការណ៍ជាតិថា ការបាញ់របស់កូរ៉េខាងជើង ហាក់ធ្វើឡើងដោយប្រញាប់ប្រញាល់ ហើយទីក្រុងព្យុងយ៉ាងប្រហែលជា​ត្រូវការពេល​យ៉ាង​ហោច​ណាស់ជាច្រើនសប្តាហ៍ទៀតដើម្បីដោះស្រាយបញ្ហាគ្រាប់រ៉ុក្កែតរបស់ខ្លួន។
 
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោកស្រី គីម ក៏ឆ្លើយតបការរិះគន់លើកូរ៉េខាងជើងវិញថា ការ​រិះគន់ទាំងនោះដូចជាការរិះគន់ឱ្យខ្លួនឯងដ្បិតអាម៉េរិក និងប្រទេសផ្សេងទៀតបានបាញ់​បង្ហោះ​ផ្កាយ​រណបរាប់ពាន់រួចមកហើយ។
 
ស្របពេលជាមួយគ្នានេះ ដំណោះស្រាយមួយត្រូវបានអនុម័តដោយប្រទេសជាង១០០ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសន្តិសុខនៃអង្គការដែនសមុទ្រអន្តរជាតិ (IMO)។ ដំណោះស្រាយនោះ​បាន​ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការធ្វើតេស្តគ្រាប់រ៉ុក្កែតដោយមិនបានប្រាប់ដំណឹងជាមុនដែលទង្វើនេះបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពអ្នកធ្វើដំណើរតាមសមុទ្រ និងការដឹកជញ្ជូន​អន្តរ​ជាតិ ជាពិសេសនៅតំបន់អាស៊ីបូព៌ា។ 
 
យ៉ាងណាមិញ កូរ៉េ​ខាង​ជើង ​បាន​ច្រាន​ចោល​សេចក្តី​សម្រេច​ចិត្ត​នេះនិង​ឯកសារ​ដែល​ដាក់ស្នើ​ដោយ​​អាម៉េរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុនជាដើម។ ក្រុងព្យុងយ៉ាងឆ្លើយតបថា ការសាកល្បងបាញ់គ្រាប់​រ៉ុក្កែត​នេះបង្កើតជាទម្លាប់ និងផែនការវិធានការការពារខ្លួន និងសន្តិសុខជាតិប៉ុណ្ណោះ៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com