កីឡាអន្តរជាតិ
អន្តរជាតិ
ខកចិត្តនៅស៊ីហ្គេម សិង្ហបុរីដកខ្លួនចេញពី U23 AFF Cup ដើម្បីសម្រួលផ្លូវចិត្តឡើងវិញ
01, Jun 2023 , 4:06 pm        
រូបភាព
ការប្រកួតរវៀងក្រុមសិង្ហបុរីទល់ថៃនាជំនួបបើកឆាកពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ រូបភាពពី​ FAS
ការប្រកួតរវៀងក្រុមសិង្ហបុរីទល់ថៃនាជំនួបបើកឆាកពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ រូបភាពពី​ FAS
សិង្ហបុរី បានដកខ្លួនចេញពីការប្រកួតពានរង្វាន់ U23 AFF Cup ឆ្នាំ ២០២៣ ដើម្បីជួយកីឡាករបានធូរស្បើយផ្លូវចិត្តឡើងវិញ បន្ទាប់ពីមានទម្រង់លេងមិនល្អក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។


លោក Bernard Tan ប្រធានស្តីទីនៃសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី (FAS) អះអាងថាកីឡាករអាយុក្រោម២២ឆ្នាំរបស់ខ្លួនមានអារម្មណ៍ខូចចិត្ត បន្ទាប់ពីធ្វើមិនបានល្អសោះនៅព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ដែលបញ្ចប់ទៅថ្មីៗនេះ។ ហើយនេះជាមូលហេតុដែលសិង្ហបុរីដកខ្លួនចេញពី AFF Cup ឆ្នាំ ២០២៣។
 
លោក Tan បានប្រាប់កាសែតក្នុងស្រុក Mothership ថា៖«កីឡាករភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលទ្ធផលប្រកួតវគ្គជម្រុះតាមពូល។ ពួកគេត្រូវការស្ងប់ស្ងាត់ និងពេលវេលាដើម្បីស្តារទំនុកចិត្តឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងជាថ្មីទៀត»។
 
ក្រុមបាល់ទាត់បុរសសិង្ហបុរី បញ្ចប់នៅបាតតារាងពូល B ដោយមិនបានទទួលជ័យជម្នះសោះក្នុងការប្រកួត៤លើក ក្នុងនោះរងបរាជ័យធ្ងន់ធ្ងរបំផុតក្នុងរយៈពេលមួយទសវត្សរ៍របស់ពួកគេ ដោយចាញ់ម៉ាឡេស៊ី ៧-០ នាជំនួបចុងក្រោយ។ សិង្ហបុរីរកបាន២គ្រាប់ប៉ុណ្ណោះ គិតទាំងគ្រាប់បាល់ចូលទីខ្លួនឯងរបស់វៀតណាមផង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។
 
សិង្ហបុរីសម្រេចចិត្តដកខ្លួនចេញពី AFF Cup តាំងពីមុនពេលចាប់ឆ្នោតរើសពូលម្លេះ ដោយសារតែការប្រកួតធ្វើឡើងមុនការគ្រោងទុក ដោយប្តូរពីធ្វើនៅខែវិច្ឆិកា មកខែសីហា ឆ្នាំ២០២៣វិញ។ នេះជាការបញ្ជាក់របស់ប្រធានស្តីទី FAS មុនលោកបន្តថា ការ​ដាក់​កីឡាករ​​ចូល​រួម​ប្រកួតបន្ទាប់ពីឆ្លងកាត់ភាពអាម៉ាស់ភ្លាមៗជា​រឿង​«ល្ងង់»​​ ហើយលទ្ធផលក៏នឹងមិនគាប់ប្រសើរដដែល។
 
ដកខ្លួនចេញពី U23 Asian Cup ធ្វើឱ្យអ្នកគាំទ្រសិង្ហបុរីរិះគន់ FAS និងចង់ឱ្យលោក Tan លាលែងពីតំណែងទៀតផង។ អ្នកគាំទ្រមិនចង់ឱ្យដកខ្លួន ដោយជំនួសការដាក់កីឡាករផ្សេងៗដូចជា U20 ដើម្បីពួកគេទទួលបានបទពិសោធន៍។
 
យ៉ាងណាក៏ដោយ FAS បញ្ជាក់ថាសិង្ហបុរីបានត្រៀមខ្លួនរួចស្រេចដើម្បីចូលរួមក្នុងការប្រកួតពានរង្វាន់ Asian Games លើកទី១៩ នៅប្រទេសចិន និងវគ្គជម្រុះ U23 Asian Cup នៅខែកញ្ញា៕
 

Tag:
 U23 AFF Cup
© រក្សាសិទ្ធិដោយ thmeythmey.com