សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីផ្អាកកិច្ចចរចាពាណិជ្ជកម្មជាមួយ EU ជុំវិញការរឹតបន្តឹងប្រេងដូង
01, Jun 2023 , 9:29 pm        
រូបភាព
ការប្រមូលផលប្រេងដូង ។ រូបភាពពី AFP ។
ការប្រមូលផលប្រេងដូង ។ រូបភាពពី AFP ។
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីនឹងពន្យារពេលកិច្ចចរចាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) ខណៈពួកគេកំពុងស្វែងរកការគាំទ្រដោយស្មើភាព សម្រាប់អ្នកផលិតប្រេងដូងខ្នាតតូចនៅប្រទេសរបស់ខ្លួន។ នេះបើតាមកាសែត Financial Time។


 
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក  Fadillah Yusof បាននិយាយថា ច្បាប់ដែលអនុម័តនាពេលថ្មីៗនេះរបស់សហភាពអឺរ៉ុប ដែលហាមប្រាមការនាំចូលផលិតផល ដែលមកពីដីកាប់រានព្រៃឈើ ជាការដាក់ទណ្ឌកម្ម និងមិនមានភាពយុត្តិធម៌ សម្រាប់អ្នកនាំចេញតូចតាច។ 
 
ចំណែករដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ីលោក Airlangga Hartarto បាននិយាយថា គោលនយោបាយនេះ បានអនុគ្រោះដល់សាជីវកម្មធំៗ ឬក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលអាចផ្តល់លទ្ធភាពដល់កម្រិតនៃការិយាធិបតេយ្យ ដែលបទប្បញ្ញត្តិនឹងទាមទារ។
 
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី កាលពីដើមខែនេះ បានបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់សហភាពអឺរ៉ុប ដើម្បីសម្តែងការព្រួយបារម្ភលើច្បាប់ការកាប់បំផ្លាញព្រៃឈើ ដែលពួកគេជឿថាអាចប៉ះពាល់ដល់អាជីវកម្មកសិកម្មខ្នាតតូច។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ 
 
ជាការពិតប្រទេសទាំងពីរនេះ គឺជាអ្នកផលិតប្រេងដូងដ៏ធំបំផុតរបស់ពិភពលោក ហើយមានចំណែកប្រហែល ៨៥ភាគរយនៃការនាំចេញប្រេងដូងពិភពលោក។ សហភាពអឺរ៉ុបគឺជាទីផ្សារធំទីបីរបស់ពួកគេ។
 
ច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប ក៏នឹងហាមឃាត់ការនាំចូលផលិតផលដូចជា កាហ្វេ សាច់គោ សណ្តែកសៀង និងទំនិញផ្សេងៗ លុះត្រាតែក្រុមហ៊ុនអាចផ្តល់ព័ត៌មានដែលអាចផ្ទៀងផ្ទាត់បានថា ផលិតផលមិនត្រូវបានដាំដុះនៅលើដីដែលត្រូវបានកាប់បំផ្លាញព្រៃឈើក្រោយឆ្នាំ ២០២០៕
 

Tag:
 ម៉ាឡេស៊ី
  ឥណ្ឌូណេស៊ី
  ប្រេងដូង
© រក្សាសិទ្ធិដោយ thmeythmey.com