ជាតិ
ភោជនីយដ្ឋាន១០នៅសៀមរាប ប្រកាសមិនលក់ម្ហូបធ្វើពីសត្វព្រៃ
01, Jun 2023 , 10:29 pm        
រូបភាព
សន្និសីទសារព័ត៌មានមុនបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី ១ មិថុនា នៅមន្ទីរបរិស្ថានខេត្តសៀមរាប។
សន្និសីទសារព័ត៌មានមុនបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី ១ មិថុនា នៅមន្ទីរបរិស្ថានខេត្តសៀមរាប។
សៀមរាប៖ ភោជនីយដ្ឋាន ឬអាហារដ្ឋានចំនួន១០នៅក្រុងសៀមរាប បានប្រកាសមិនលក់ម្ហូបធ្វើពី សត្វព្រៃ ដើម្បីចូលរួមក្នុងយុទ្ធនាការអន្ទាក់សូន្យ និងការការពារធនធានសត្វព្រៃកម្ពុជា។

 
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១ មិថុនា ថា ការចូលរួមមិនលក់ម្ហូបធ្វើពីសត្វព្រៃ គឺជាការប្ដេជ្ញាចិត្តខ្ពស់របស់ភោជនីយដ្ឋានទាំង១០ក្នុងក្រុងសៀមរាប លើការចូលរួម ការពារសត្វព្រៃកម្ពុជា។ លោកបន្ថែមថា សរុបទាំង១០ខេត្តនៃយុទ្ធនាការអន្ទាក់សូន្យដែលរៀបចំឡើង ក្រសួងបរិស្ថាន និងអង្គការដៃគូ មានភោជនីយដ្ឋានឬអាហារដ្ឋានសរុប ៩៦ហើយ ដែលប្រឆាំងការ បរិភោគសត្វព្រៃ។ 
 
យុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាដំណាក់កាលទី២ នៅខេត្តសៀមរាប នឹងរៀបចំ ឡើងនៅថ្ងៃទី២ មិថុនា។ ក្នុងសន្និសីទសារព័ត៌មានមុនយុទ្ធនាការជាផ្លូវការ លោក នេត្រ ភក្រ្តា បានសង្កត់ធ្ងន់​ពី​​មហន្តរាយនៃអន្ទាក់ ដែលលោកហៅថា ជាឃាតករលាក់មុខ​ដែលបានសម្លាប់សត្វព្រៃ​រៀងរាល់ថ្ងៃដោយស្ងៀមស្ងាត់បំផុត។ ក្នុងឆ្នាំ ២០២១-២០២២ មានអន្ទាក់ប្រមាណជាង ១០ម៉ឺនអន្ទាក់​ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ ហើយសត្វជាច្រើនត្រូវបានដោះលែង និងខ្លះរងរបួស។
 
«យើងចាំបាច់ត្រូវចាត់វិធានការនានា​ដើម្បីដោះស្រាយបញ្ហា ដើម្បីផ្តល់សុវត្ថិភាពកាន់តែខ្លាំង​ទៅដល់​សត្វព្រៃ»។ នេះជាការលើកឡើងរបស់លោក ភក្រ្តា ទៅកាន់អ្នកសារព័ត៌មាន និងអំពាវនាវដល់អង្គការ ដៃគូ និងសាធារណជនទាំងអស់ ចូលរួមដើម្បីដោះស្រាយបញ្ហានេះជាបន្តទៀត។ 
 
ចំពោះយុទ្ធនាការអន្ទាក់សូន្យនៅសៀមរាប ដែលជាខេត្តទេសចរណ៍  សម្រាប់លោក ភក្រ្តា គឺមានសារសំខាន់ណាស់ ព្រោះថាតំបន់នេះក៏ជាមុខសញ្ញាធំ ដែលមានការលួចលាក់ផ្គត់ផ្គង់សត្វព្រៃ ដល់ភ្ញៀវទេសចរផងដែរ។ ដូច្នេះចាំបាច់ត្រូវធ្វើការដោយយកចិត្តទុកដាក់ និងមិនត្រូវឱ្យមានឡើយ។ 
 
អភិបាលរងខេត្តសៀមរាបទទួលបន្ទុកការងារបរិស្ថាន លោក ឃឹម ហ្វីណង់ យល់ថា វាគួរដល់ពេលហើយ ដែលកម្ពុជា និងសាធារណជននិយាយពីប្រធានបទពីការលុបបំបាត់អន្ទាក់ដើម្បីចាប់សត្វព្រៃ។ ហើយរូបភាពនៃការបរិភោគ ទិញលក់សត្វព្រៃនៅក្នុងខេត្តទេសចរណ៍មួយនេះ ក៏មិនគួរកើតមានដែរ។ 
 
លោកបន្តថា៖« វាចាប់បាច់នៅសៀមរាបដែលជាខេត្តទេសចរណ៍ ហើយរូបភាពនៃការបរិភោគសត្វព្រៃ​គឺមិនមែនជារូបភាពល្អដើម្បីបង្ហាញដល់ទេសចរដែរ»។ លោក ហ្វីណង់ បន្ថែមថា កន្លងមក ខេត្តសៀមរាប ក៏មានការហាមឃាត់លើការបរិភោគសត្វឆ្កែដែរ ដែលវាប៉ះពាល់ខ្លាំងដល់មុខមាត់ខេត្ត មួយនេះ។
 
«យុទ្ធនាការអន្ទាក់សូន្យ នឹងជំរុញការរក្សាបាននូវនិរន្តភាពនៃធនធានធម្មជាតិ ធានាបាននូវលំនឹង​នៃប្រព័ន្ធ​អេកូឡូស៊ីតំបន់ការពារធម្មជាតិរបស់យើង។ យើងទទួលស្គាល់ថា ការហាមមិនឱ្យដាក់អន្ទាក់ និងបរិភោគសត្វព្រៃប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្លះ តែខ្ញុំជឿថា ពេលវេលាជាពេលវេលាសមស្របមួយ ដែលយើងដើរដល់របត់មួយដែលគួរសមល្មមលុបបំបាត់សកម្មភាពនេះ»។ លោក ហ្វីណង់ លើកឡើងដូច្នេះ។ 
 
នាយិកាមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) កញ្ញា Christel បានប្រៀបធៀបអន្ទាក់ ដូចទៅនឹងខ្មោចមង ដែលសម្លាប់ជីវៈចម្រុះជាច្រើន ហើយអន្ទាក់ជាឧបករណ៍ប្រមាញ់សត្វដ៏ឃោរឃៅ បំផុត។ អ្នកជំនាញសត្វព្រៃរូបនេះបន្ថែមថា សត្វដែលជាប់អន្ទាក់អាចរងទុក្ខច្រើនថ្ងៃ ឬច្រើនសប្ដាហ៍មុន នឹងវាស្លាប់ ជួលកាលទោះជួយសង្រ្គោះបាន តែសត្វទាំងនោះច្រើនស្លាប់ទៅវិញដោយសាររបួសក្លាយ ឬដោយមូលហេតុផ្សេងៗ។ 
 
ជាមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃដែលមានស្នាក់នៅនៅសៀមរាប កន្លងមក ACCB បានសង្រ្គោះសត្វ​ព្រៃ​ជាច្រើន ដោយសត្វខ្លះមិនត្រូវបានព្រលែងទៅវិញទេ ដោយសារហានិភ័យខ្ពស់ ប្រសិនបើធ្វើដូច្នោះ​សត្វនោះអាចនឹងស្លាប់ ទើប ACCB ចិញ្ចឹម និងថែទាំ ដើម្បីបង្កាត់ពូជ។ល។ នេះជាការបញ្ជាក់ពីនាយិកា ACCB៕
 

Tag:
 អន្ទាក់សូន្យ
  សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com