ជាតិ
​​​ន​យោ​បាយ​ជាតិ​
ដកខ្លួនពីលោក សម រង្ស៊ី បាន២ថ្ងៃ លោក អ៊ូ ច័ន្ទឫទ្ធិ ក៏បានរួចទោសទាំង២០ឆ្នាំ
02, Jun 2023 , 12:29 pm        
រូបភាព
ត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រកាសផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី ជាមេកើយ លោក អ៊ូ ច័ន្ទឫទ្ធិ អ្នកនយោបាយប្រឆាំងជាន់ខ្ពស់ម្នាក់ ក៏ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានការលើកលែងទោសទាំងអស់២០ឆ្នាំ តាមការក្រាបបង្គំថ្វាយសុំពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។


កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោក អ៊ូ ច័ន្ទឫទ្ធិ បានសរសេរលិខិតពីសហរដ្ឋអាម៉េរិក ជូនទៅសម្តេច ហ៊ុន សែន ដើម្បីជម្រាបពីការសម្រេចចិត្តដ៏ធំរបស់ខ្លួន គឺការផ្តាច់ទំនាក់ទំនងពីលោក សម រង្ស៊ី រួមទាំងក្រុមអតីតគណបក្សសង្គ្រោះជាតិ។ ២ថ្ងៃក្រោយ គឺនៅថ្ងៃទី១ ខែមិថុនា ព្រះករុណា ទ្រង់បានចេញព្រះរាជក្រឹត្យ ស្តីពីការលើកលែងទោសជូនអ្នកនយោបាយជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិរូបនេះ។  
 
ក្នុងព្រះរាជក្រឹត្យ មិនមែនមានតែលោក អ៊ូ ច័ន្ទឫទ្ធិ ឡើយ គឺមានសកម្មជននយោបាយប្រឆាំងម្នាក់ទៀត គឺលោក ទុំ ប៊ុនថន ក៏ត្រូវបានព្រះរាជា ប្រោសព្រះរាជទានការលើកលែងទោសឲ្យដែរ។ លោក ទុំ ប៊ុនថន ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៦ឆ្នាំ កាលពីឆ្នាំ២០២២។
 
លោក អ៊ូ ច័ន្ទឫទ្ធិ ស្ថិតក្នុងចំណោមអ្នកនយោបាយជាន់ខ្ពស់ខាងភាគីប្រឆាំង ដែលត្រូវជាប់ទោសពីបទចោទប្រកាន់ធំៗ ដូចជា បទរៀបផែនការផ្តួលរំលំរដ្ឋាភិបាល (បទឧបឃាត) និងបទរួមគំនិតក្បត់ជាតិ ជាដើម។ លោក ត្រូវតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ កាលពីឆ្នាំ២០២១។ ប៉ុន្តែ លោក ពុំដែលស្គាល់រសជាតិពន្ធនាគារឡើយ ដ្បិតលោក គេចទៅរស់នៅឯក្រៅប្រទេសតាំងពីមុនតុលាការចោទប្រកាន់មកម្ល៉េះ។ 
 
ដូចអ្នកនយោបាយប្រឆាំងដទៃទៀតដែរ លោក អ៊ូ ច័ន្ទឫទ្ធិ បន្តស្មោះស្ម័គ្រនឹងលោក សម រង្ស៊ី ហើយរហូតដល់ត្រូវរត់ទៅរស់នៅឯក្រៅប្រទេសហើយ ក៏លោកនៅតែត្រាំត្រែងជាមួយលោក សម រង្ស៊ី។ ក្នុងលិខិត ដែលជូនទៅសម្តេចប្រមុខគណបក្សកាន់អំណាច លោក ជម្រាបហេតុផលថា ការសម្រេចផ្តាច់ខ្លួនពីលោក សម រង្ស៊ី និងក្រុមអតីតគណបក្សសង្គ្រោះជាតិនាពេលនេះ ដោយសារលោកអស់ជំនឿលើនយោបាយបរទេសនិយម ដែលមិនអាចនាំទៅរកការផ្សះផ្សារជាតិបាន។ យ៉ាងណា គេ មិនទាន់ដឹងថា លោក នឹងសម្រេចចិត្តចុះចូលជាមួយគណបក្សកាន់អំណាច ឬក៏អត់នោះទេ។
 
មួយរយៈចុងក្រោយនេះ មនុស្សដែលនៅជុំវិញលោក សម រង្ស៊ី បានរបេះម្តងមួយៗពីលោក។ មុនលោក អ៊ូ ច័ន្ទឫទ្ធិ គឺលោក តុ វ៉ាន់ចាន់។ លោក តុ វ៉ាន់ចាន់ ដែលជាអតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិដែរនោះ ទើបនឹងសុំចុះចូលជាមួយគណបក្សកាន់អំណាច ហើយក្រោយមកបន្តិច ទោសជាប់ពន្ធនាគារទាំង១៩ឆ្នាំរបស់លោក ក៏ត្រូវព្រះមហាក្សត្រ ប្រោសព្រះរាជទានលើកលែងឲ្យ។ លោក ក៏ត្រូវចោទប្រកាន់ក្នុងបទល្មើសធ្ងន់ៗខាងលើដែរ។
 
សម្តេចនាយករដ្ឋមន្រ្តី ផ្ញើសារម្តងហើយម្តងទៀតទៅអ្នកប្រឆាំងថា ឲ្យតែយល់ព្រមផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី ពួកគេ នឹងទទួលបានការយោគយល់ និងការអត់ឱន។
 
ក្នុងចំណោមអ្នកប្រឆាំង មិនមែនតែអ្នកនយោបាយជាន់ខ្ពស់នោះទេ អ្នកគាំទ្រ និងសកម្មជនមួយចំនួន ក៏ទទួលបានការលើកលែងទោសជាហូរហែដែរ បន្ទាប់ពីពួកគេ ចេញមកសារភាពកំហុស និងសុំកិច្ចអន្តរាគមន៍ពីប្រមុខរដ្ឋាភិបាល៕ 
 

Tag:
 អ៊ូ ច័ន្ទឫទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com