ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក រៀល ខេមរិន្ទ្រ ត្រូវសមាជិកបក្សខ្មែរអភិរក្ស គាំទ្រឱ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រី
02, Jun 2023 , 2:42 pm        
រូបភាព
លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស។ រូបពី ហ្វេសប៊ុកលោក ខេមរិន្ទ្រ
លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស។ រូបពី ហ្វេសប៊ុកលោក ខេមរិន្ទ្រ
ភ្នំពេញ៖ លោក រៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស ត្រូវបានសមាជិកបក្សផ្ដល់សេចក្ដីទុកចិត្តឈរឈ្មោះជា បេក្ខជននាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣។

 
ប្រធានបក្សរូបនេះ អះអាងប្រាប់សារព័ត៌មានថ្មីៗថា ដោយសារលោកមានបទពិសោធន៍ ប្រឡូកក្នុងនយោបាយជិត៣០ឆ្នាំហើយ ទើបសមាជិកបក្សផ្ដល់អាទិភាព ឱ្យឈរជាបេក្ខជននាយករដ្ឋមន្ត្រី។ លោក រៀល ខេមរិន្ទ្រ ឈរលេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ។ បក្សខ្មែរអភិរក្សបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រចំនួន៧មណ្ឌលនៅរាជធានី-ខេត្ត។ បេក្ខជនឈរឈ្មោះសរុប មាន១០០នាក់ ក្នុងនោះមានស្រី៥២រូប។ 
 
លោក រៀល ខេមរិន្ទ្រ ជាអ្នកនយោបាយជើងចាស់ ដែលរស់នៅអូស្ត្រាលីចាប់តាំងពី១៩៨០ ហើយលោកគាំទ្រគណបក្ស សម រង្ស៊ី។។ នៅឆ្នាំ១៩៩៧ លោកក៏វិលត្រឡប់មកកម្ពុជា ហើយមានតួនាទីជាប្រធានយកដ្ឋានរដ្ឋបាលក្នុងបក្ស សម រង្ស៊ី។ ក្រោយមកនៅឆ្នាំ២០១២ បក្ស សម រង្ស៊ី និងបក្សសិទ្ធិមនុស្ស បានរួមបញ្ចូលគ្នាជាបក្សសង្គ្រោះជាតិ។ បន្ទាប់មកលោក ខេមរិន្ទ្រ ចេញទៅឈរជាប្រធានបតិបត្តិនៃសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង ហើយក៏ជាប់តំណាងរាស្ត្រ។ 
 
ប៉ុន្តែ បក្សនេះត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧ ហើយរូបលោកនិងគ្នីគ្នាត្រូវបានបិទសិទ្ធិនយោបាយ។ លុះដល់ ឆ្នាំ២០១៩ លោកក៏សុំសិទ្ធិធ្វើនយោបាយឡើយវិញ ហើយផ្ដួចផ្ដើមបង្កើតបក្សខ្មែរអភិរក្ស។ ចំពោះ កម្រិតអប់រំវិញ ប្រធានបក្សខ្មែរអភិរក្ស លោកបញ្ចប់ថ្នាក់បណ្ឌិត វិទ្យាសាស្ត្រនយោបាយ នៅអូស្ត្រាលី៕ 

© រក្សាសិទ្ធិដោយ thmeythmey.com