ជាតិ
បទសម្ភាសន៍
អត់ធ្មត់ និងស្រឡាញ់ ជាអ្វីដែលអ្នកអភិរក្សវត្ថុបុរាណមានលើសពីជំនាញបច្ចេកទេស
03, Jun 2023 , 8:01 am        
រូបភាព
សកម្មភាពអ្នកអភិរក្សវត្ថុបុរាណធ្វើពីលោហៈ នៃអាជ្ញាធរជាតិអប្សរា។
សកម្មភាពអ្នកអភិរក្សវត្ថុបុរាណធ្វើពីលោហៈ នៃអាជ្ញាធរជាតិអប្សរា។
សៀមរាប៖ លើសពីជំនាញបច្ចេកទេស ភាពអត់ធ្មត់ និងសេចក្ដីស្រឡាញ់ ជា​ចំ​ណុច​តូចៗ តែសំខាន់ របស់អ្នកអភិរក្ស និងជួសជុល វត្ថុបុរាណធ្វើពីលោហៈ នៃអាជ្ញាធរ​ជាតិអប្សរា។ ការ​ងារជាអ្នកអភិរក្ស សម្រាប់មន្ត្រីអភិរក្សប្រៀបដូចជាការមើលថែទារក និង​ជាការងារដែល​មិនចេះចប់ មិនចេះហើយ។

 
 
តទៅនេះសូមលោកអ្នកនាង ទស្សនាវីដេអូ ដែលរៀបចំដោយ លោក ស៊ុល រ៉វី ដូចតទៅ៖
 
សភាពស្ងប់ស្ងាត់ ក្នុងបន្ទប់ធំល្មមមួយ រួមនឹងស្ត្រី៣នាក់ កំពុងផ្ចង់អារម្មណ៍នឹងការងារ។ ទីនេះ​ជាបន្ទប់អភិរក្សវត្ថុបុរាណធ្វើពីលោហៈ ក្នុងសារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ ក្រុង​សៀម​រាប។ សកម្មភាពឆ្កឹះដី ដែលជាប់នៅលើរូបចម្លាក់ ដែលយើងអាចសន្និដ្ឋានបានថា ជារូបបដិមា ដែលរកឃើញពីកំណាយ នៅទំនប់ស្រះស្រង់ កាលពីពេលថ្មីៗនេះ។ 
 
សកម្មភាពឆ្កឹះដីចេញម្ដងបន្តិចៗរបស់ស្ត្រីអ្នកអភិរក្សវត្ថុបុរាណ ពិតជាខាតពេលវេលា និង​ធ្វើ​ឱ្យ​ខ្ញុំ​ធុញ​ទ្រាន់ នឹងសកម្មភាពទាំងនេះណាស់។ ហេតុអ្វីក៏ពួកគេ មិនព្រមយកបដិមាទាំងនោះ ទៅ​ត្រាំទឹកទៅ ឬប្រើប្រាស់សារធាតុគីមី ដើម្បីជម្រះដី ស្និម ច្រែះ នោះទៅវាងាយស្រួល និង​ចំណេញពេលវេលាជាង?
 
«អ្នកខ្លះគាត់មកមើលគាត់ថារបស់ហ្នឹងសុទ្ធតែដី ម៉េចមិនត្រាំទឹកទៅ ត្រាំ​ទឹក​ទៅឱ្យ​វា​រីក​ទៅលឿន។ យើងធ្វើអ៊ីចឹងអត់បានទេ។ គឺយើងថ្មមបំផុត បើយើងហ៊ានតែខ្លាំង ដាច់​ដល់​សាច់​ខាងក្នុង។ គឺយើងមើលថែប្រៀបដូចកូនង៉ែតតូច ដែលទើបនឹងកើត គឺយើង​ថ្មម​ដូច​គ្នា​អ៊ី​ចឹង​»​។ នេះជាការលើកឡើងរបស់ អ្នកស្រី បេ ស៊ីនួន មន្ត្រីបច្ចេកទេសនាយក​ដ្ឋាន​អភិរក្ស​ប្រា​សាទ និងបុរាណវិទ្យា។ 
 
អ្នកស្រី ស៊ីនួន ជាបុរាណ​វិទ្យា និងមានជំនាញអភិរក្សវត្ថុបុរាណពីលោហៈ ប្រមាណ១០ឆ្នាំ​មក​ហើយ នៃអាជ្ញាធរជាតិអប្សរា។ ឆ្លងកាត់បទពិសោធន៍យូរឆ្នាំ លើការងារអភរិក្សនេះ អ្នកស្រី​ថា ការងារនេះ ជាការងារដែលត្រូវការអត់ធ្មត់ និងស្រឡាញ់ លើសពី​មាន​ជំនាញ​បច្ចេក​ទេស។ 
 
វត្ថុបុរាណធ្វើពីលោហៈ អាចខូចខាតគ្រប់ពេល ប្រសិនបើអ្នកអភិរក្សធ្វេសប្រហែស និង​អាច​បន្ថែមជំងឺទៅលើវត្ថុបុរាណទាំងនោះទៀតផង។ «ជំងឺលើលោហៈ»ទាំងនេះ គឺខ្ញុំចង់​សំដៅ​លើការប្រេះ បាក់បែក ស្និម ច្រែះ ដែលកើតមានលើវត្ថុបុរាណទាំងនោះ ដែលបានកប់​ក្នុង​ដី ជាច្រើនឆ្នាំមកហើយនោះ។ 
 
វត្ថុ​សិល្បៈជាច្រើន ដែលយើងបានឃើញដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ​ គឺមិនមែនស្អាត​ស្រាប់​នោះទេ។ ពេលខ្លះវត្ថុទាំងនោះ ត្រូវបានឆ្លងកាត់ដំណាក់កាលជាច្រើន ដើម្បីអាច​យក​​មក​តាំងបង្ហាញបាន។ ហើយអ្នកដែលចំណាយពេល និងវត្ថុនេះច្រើនជាងគឺ «អ្នក​អភិ​រក្ស​»​នេះ​ឯង។
 
បន្ទាប់ពីកំណាយឃើញនូវវត្ថុបុរាណទាំង​នោះ តើអ្នកជំនាញអភិរក្សត្រូវធ្វើខ្លះ?
អ្នកស្រី ស៊ីនួន ពន្យល់ថា៖ «មុនពេលយើងយកមកសម្អាត គឺយើងត្រូវស្រាវជ្រាវឯកសារ​ទាក់​ទង​នឹងប្រវត្តិសិល្បៈ ថតរូបគ្រប់ជ្រុងជ្រោយនៃរូប (ដែល) ខូចខាតហើយ យើងបញ្ចូល​ទិន្នន័យទៅក្នុងកំព្យូទ័រ។ បន្ទាប់មកទៀតយើងដល់ដំណាក់កាលនៃការសម្អាត»។ 
 
បើនិយាយពីការ​សម្អាត និងជួសជុល ក៏ត្រូវការពេលវេលាច្រើនផងដែរ គឺអាចឈាន​ដល់​ច្រើន​សប្ដាហ៍ឯណោះ ទៅតាមទំហំ និងស្ថានភាពនៃវត្ថុនោះ។ អ្នកស្រីថា៖ «យើង​ចំណាយពេលយូរ មិនថាវត្ថុតូច វត្ថុធំ ទៅតាមជំងឺ។ យើងអត់អាចកំណត់ថាវត្ថុតូចនេះ ធ្វើ៣ថ្ងៃហើយ ឬវត្ថុធំមួយអាទិត្យហើយទេ គឺទៅតាមជំងឺនៃវត្ថុ»។ 
 
ឧបករណ៍ចម្បងៗ ដែលអ្នកអភិរក្ស នៅក្នុងបន្ទប់នេះប្រើប្រាស់គឺមានជក់, ឧបករណ៍​ពង្រីក (digital microscope), កូនកាំបិតវះកាត់ (scalpel blade), ម៉ាស៊ីនសម្អាតដោយសំឡេងរំញ័រ​(ultrasonic machine) ទឹកគ្មានសារធាតុរ៉ែ និងសារធាតុគីមីមួយចំនួនទៀត ដើម្បីសម្អាត​ភាព​ច្រែះ ស្និម និងកាវ ដើម្បីបិទផ្គុំបំណែកដែលបាក់បែកនៃវត្ថុទាំងនោះ។ 
 
ជំហានដំបូងគេបង្អស់បន្ទាប់ពីវត្ថុបុរាណ មកដល់កន្លែងអភិរក្ស គឺការការថតរូបគ្រប់​ផ្នែក​ទាំង​​​អស់នៃវត្ថុ មុននឹងដល់ជំហានសម្អាត។ បន្ទាប់ពីថតរូបរួច អ្នកអភិរក្សគឺប្រើប្រាស់​ឧបករណ៍​មួយប្រភេទ ដែលអាចឱ្យយើងដឹងថា វាជាឧបករណ៍ពង្រីក។ ការប្រើប្រាស់​ឧបករណ៍​នេះ គឺដើម្បីមើលថាតើវត្ថុនោះ មានជំងឺអ្វី ខូចខាតអ្វីខ្លះ ដើម្បីឈានដល់ការ​សម្អាត ទៅតាមស្ថានភាពនៃវត្ថុនោះ។ 
 
អ្នកស្រី បេ ស៊ីនួន ពន្យល់បន្ថែម៖ «ចាប់ផ្ដើមនៃដំណាក់កាលសម្អាត។ (ការ)សម្អាតបែង​ចែក​ចេញ​​ជា២ គឺសម្អាតស្ងួតនិងសម្អាតសើម។ សម្អាតស្ងួត គឺយើងគ្រាន់តែយកជក់បោស យក​ស្កាប៉ែល (scalpel blade) ដើម្បីសម្អាតដី ហើយសម្អាតសើម គឺយើងប្រើ​ទឹក​គ្មាន​ជាតិ​រ៉ែ​»​។ 
 
ដំណាក់កាលសម្អាត ជាដំណាក់កាលដែលអ្នកអភិរក្សអត់ធ្មត់បំផុត។ អ្នកអភិរក្ស​ប្រើ​កូន​កាំបិតយកមកកេះៗ ដីក្ដាំងដែលនៅជាប់លើរូបបដិមា ម្ដងបន្តិចៗ ដោយថ្មមៗ ដោយ​មិន​បង្ខំ​នោះឡើយ។ ទាំងភ្នែក អារម្មណ៍ ខួរក្បាល ដៃ​ គឺប្រុងប្រយ័ត្ន។ បើពុំនោះទេ នឹងអាចធ្វើ​ឱ្យ​​វត្ថុនោះខូចខាត និងបាត់បង់សភាពដើម កាន់តែច្រើន។ 
 
ការប្រើប្រាស់កូនកាំបិត តែមួយមុខមិនទាន់អាចឱ្យវត្ថុនោះស្អាតនៅឡើយនោះទេ គឺ​ត្រូវ​ការ​ឧបករណ៍សំឡេងរំញ័រទៀត ដើម្បីសម្អាតចាក់ជ្រៅទៅកាន់ចន្លោះតូចៗ នៅលើរូប​បដិ​មា។ ប្រសិនបើការសម្អាតនោះ មិនអាចសម្អាតបាន ទើបអ្នកអភិរក្សប្រើប្រាស់ទឹក ហើយ​ការ​ប្រើប្រាស់ទឹកនេះ គឺគ្រាន់តែយកសំឡី ផ្សើមទឹក និងយកមកផ្តិត​តិចៗ លើវត្ថុ​បុរាណ​តែ​ប៉ុណ្ណោះ​។
 
លើសពីការប្រើប្រាស់ទឹកគ្មានសារធាតុរ៉ែ អ្នកអភិរក្ស ក៏ប្រើប្រាស់សារធាតុគីមីមួយចំនួន​ទៀត​ផងដែរ ដើម្បីសម្អាតច្រែះ និងស្និម ដែលជាប់នឹងរូបបដិមា។ អ្នកស្រី ស៊ីនួន លើក​ឡើង​​ថា៖ «ប្រើម៉ាស៊ីនហ្នឹង (ultrasonic machine) ដោយសារថា យើងប្រើស្កាប៉ែល ឆ្កឹះ​កំណក​ដីក្ដាំងហ្នឹងអត់ចេញទេ ដូច្នេះយើងប្រើម៉ាស៊ីនហ្នឹងឯង។ យើងប្រើប្រាស់​សមាស​ធាតុ​គីមី ដើម្បីលាប។ បើវា(រូបបដិមា)ឡើងស្និមពណ៌ខៀវ(បៃតង) យើងត្រូវប្រើ​សមាស​ធាតុ​គីមីអី។ បើឡើងច្រែះដើម្បីបញ្ឈប់ការឡើងច្រែះហ្នឹង»។ 
 
ជំហានចុងក្រោយគឺការបិទផ្គុំវត្តុទាំងនោះ ប្រសិនបើវាបាក់បែក ឬសញ្ជែកសាច់ពីគ្នាជា​ដើម​។ ការបិទផ្គុំនេះ គឺអ្នកជំនាញប្រើកាវ ឬបើធ្ងន់ធ្ងរ ឬវត្ថុនោះធំពេក គឺគេប្រើវិធីសាស្ត្រ​ភ្ជាប់ដោយប្រើប្រាស់ដែកជាដើម។ អ្នកស្រីពន្យល់៖ «ដូចថារបស់ហ្នឹងប្រេះ យើងប្រើផលិត​ផល​(កាវ)ដើម្បីបិទ។ បើសិនជាបាក់ខ្លាំង យើងមានតផ្គុំឡើងវិញ ហើយបើយើងតអត់កើត យើងត្រូវការស្វានដាក់បន្លួញតូចមួយ(ភ្ជាប់)។ 
 
បន្ទាប់ពីសង្កេតមើលជំងឺលើវត្ថុបដិមា និងអភិរក្ស ឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងរួចមក​ ជំ​ហានចុងក្រោយ គឺការលាបក្រមួនទៅលើវត្ថុបុរាណទាំងនោះ។ ការលាបក្រមួននេះ គឺ​ដើម្បីថែរក្សាវត្ថុទាំងនោះ ពីបរិយាកាសដែលអាចធ្វើឱ្យពួកវា កើតជំងឺ ច្រែះ ឬឡើងស្និម ជា​ថ្មីឡើងវិញ។
 
យ៉ាងណាការសម្អាត និងជួសជុល​ គឺត្រូវធ្វើទៅតាមបច្ចេកទេស បើពុំនោះទេ អាច​នឹង​ធ្វើឱ្យ​វត្ថុ​ទាំងនោះអាចខូចខាតឡើងវិញ។ ហើយការរក្សាទុកនៃវត្ថុទាំងនោះ​ក៏ជារឿងសំខាន់​ផង​ដែរ​។ 
 
ជុំវិញការទុកដាក់នេះ អ្នកស្រី បេ ស៊ីនួន ​ពន្យល់ថា៖« សីតុណ្ហភាព និងសំណើម គឺយើងត្រូវធ្វើ​​ទៅ​តាមស្តង់ដារ ទើបអត់មានឡើងជំងឺឡើងវិញ។ ដូចជាលោហៈអ៊ីចឹង សីតុណ្ហភាព​យើង​ដាក់​២០អង្សាសេ ហើយសំណើមពី៤០ ទៅ៤៥ ដោយប្រើប្រាស់ឧបករណ៍​វាស់​សំ​ណើម​​»។ 
 
ការងារជាអ្នកអភិរក្សវត្ថុបុរាណពីលោហៈ ជាការងារដែលអត់ធ្មត់ និងប្រើប្រាស់បេះដូង។ ត្រង់​ចំ​ណុចអ្នកស្រី ស៊ីនួន និយាយថា៖ «ទាមទារឱ្យយើងម្នាក់ៗស្រឡាញ់ ហើយនឹងពេញ​ចិត្ត​មែនទែន ក្នុងការធ្វើអាហ្នឹង ហើយមានភាពអត់ធ្មត់»។ អ្នកស្រីបន្ត៖ «ព្រោះថារូបខ្លះតូច ស្ដើង ហើយដីក្រាំងខ្លាំង ហើយបើយើងថា ធ្វើៗទៅ បើធ្វើមិនកើត គឺអត់កើតតែម្ដង គឺរូប​នោះ​មិនទៅមុខទេ។ ដូច្នេះគឺទាមទារ ការស្រឡាញ់ពីក្នុងខ្លួនយើងដែរ»។ 
 
ជាស្ត្រីមួយរូប ក្រោមតួនាទីជាអ្នកអភិរក្ស ជួសជុលវត្ថុបុរាណធ្វើពីលោហៈ ខ្លួនមាន​មោទកភាព ដែលបានឱ្យវត្ថុបុរាណកប់ក្នុងដីមើលមិនយល់នោះ មានជីវិតនិងបង្ហាញ​រូប​រាង​ម្ដងទៀត ដើម្បីឱ្យសាធារណជនបានឃើញ និងចងក្រងជាឯកសារដល់កូនចៅ​ជំនាន់​ក្រោយ​៕ 
 

Tag:
 ThmeyThmey
  អ្នកអភិរក្ស
  បេ ស៊ីនួន
© រក្សាសិទ្ធិដោយ thmeythmey.com