ជាតិ
បោះឆ្នោត
លោក ឌឹម សុវណ្ណារុំ៖ RECEF និងCEDEAO នឹងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា
02, Jun 2023 , 9:59 pm        
រូបភាព
លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប។ រូបភាព៖ គជប
លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប។ រូបភាព៖ គជប
ដោយ:
បណ្ដាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោត នៃប្រទេសនិយាយភាសាបារាំង ហៅកាត់ថា RECEF និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច(CEDEAO) នឹងបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។



គ.ជ.ប បានចូលរួមកិច្ចប្រជុំ ស្ដីពី “បែបបទនៃការបោះឆ្នោត ដើម្បីសម្រួលការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត” និងមហាសន្និបាតលើកទី១០ របស់បណ្ដាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង ហៅកាត់ថា RECEF នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ 
  


លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានថ្លែងថា ក្នុងអង្គប្រជុំបានពិភាក្សាផ្តោតទៅលើរបៀបបោះឆ្នោត ដើម្បីទាក់ទាញអ្នកបោះឆ្នោតចូលរួម​ឱ្យបានច្រើន។ 
 
បើតាមលោក សុវណ្ណារុំ កិច្ចប្រជុំនោះ ក៏បានបង្ហាញពីការបោះឆ្នោតជាច្រើនទម្រង់ ដូចជា ការបោះឆ្នោតមុនពេលកំណត់ ,ការបោះឆ្នោតដោយផ្ទាល់នៅបន្ទប់សម្ងាត់ ,ការបោះឆ្នោតតាមរយៈសំបុត្រ ,ការបោះឆ្នោតជំនួសឱ្យគេ និងការចល័តការិយាល័យបោះឆ្នោតទៅកាន់ផ្ទះអ្នកបោះឆ្នោតជាដើម។
 
លោក ឌឹម សុវណ្ណារុំ បានលើកឡើងថា ការដូរ ឬបន្ថែមរបៀបបោះឆ្នោត ឬទម្រង់បោះឆ្នោត គឺត្រូវចាប់ផ្តើមជាដំបូង គិតពីក្របខណ្ឌច្បាប់ជាមុនសិន។ លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា៖« រឿងបោះឆ្នោតនេះ បើចង់កែអ្វីមួយ ត្រូវពិនិត្យច្បាប់ជាមុនសិន រួចត្រូវឆ្លងសភា ឆ្លងក្រុមប្រឹក្សាធម្មនុញ្ញ និងជាពិសេសឆ្លងម្ចាស់ឆ្នោត មុននឹងស្ថាប័នបោះឆ្នោតដាក់ឱ្យអនុវត្តន៍»។
  


លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា RECEF ដែលមានសមាជិក ៣៤ ប្រទេស និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (CEDEAO) ដែលមានសមាជិក ១៥ ប្រទេស នឹងបញ្ជូនថ្នាក់ដឹកនាំកំពូលរបស់ខ្លួន មកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
 
លោក សុវណ្ណារុំ បានលើកឡើងពីការបោះឆ្នោតនៅកម្ពុជាថា ដើម្បីអាចបោះឆ្នោតបាន ម្ចាស់ឆ្នោតត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយពេលបោះឆ្នោត ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។ 
 
ចំពោះការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ត្រូវប្រព្រឹត្តទៅនៅឃុំ សង្កាត់ដែលពួកគេរស់នៅ។ រីឯការបោះឆ្នោត មានតែមួយប្រភេទប៉ុណ្ណោះ គឺត្រូវទៅបោះឆ្នោតនៅការិយាល័យដោយផ្ទាល់។
 
ជាមួយគ្នានេះ គ.ជ.ប នៃកម្ពុជា ត្រូវបាន RECEF បោះឆ្នោតគាំទ្រ ជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទ ដោយកុងសង់ស៊ីសនៃសមាជិកចូលរួមទាំងអស់ រួមមានប្រទេសជាសមាជិកចំនួន ២២ និងដៃគូ RECEF ចំនួន៣ ក្នុងនោះមាន អង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង (OIF) មជ្ឈមណ្ឌលអឺរ៉ុបគាំទ្រការបោះឆ្នោត (eces) និងអង្គការអន្តរជាតិសម្រាប់លទ្ធិប្រជាធិបតេយ្យ (IDEA) ដែលជួយក្នុងការងារបោះឆ្នោត។
 
គ.ជ.ប កម្ពុជា និង គ.ជ.ប នៃសមាជិក RECEF ដទៃទៀត នឹងមានឱកាសលើកកំពស់សមត្ថភាពរៀបចំការបោះឆ្នោត ស្របតាមការវិវត្តនៃសកលភាវូបនីយកម្ម។ 
 
ដោយឡែកនៅខែធ្នូ ឆ្នាំ២០២៣នេះ នឹងមានការបណ្តុះបណ្តាលស្រ្តី ដែលចេះនិយាយភាសាបារាំងស្តីពី ភាពជាអ្នកដឹកនាំក្នុងកិច្ចការនយោបាយ នៅប្រទេស Cap Vert  ហើយប្រទេសជាសមាជិក RECEF ត្រូវបញ្ជូនតំណាងរបស់ខ្លួនម្នាក់ជាស្ត្រីទៅចូលរួម។ នេះបើតាមលោក សុវណ្ណារុំ៕
 
 
 

Tag:
 សង្កេតការណ៍បោះឆ្នោត2023
© រក្សាសិទ្ធិដោយ thmeythmey.com