អន្តរជាតិ
មនុស្សស្លាប់២៣៣នាក់ និងរបួស៩០០នាក់ក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅឥណ្ឌា 
×![]()
មនុស្សយ៉ាងហោចណាស់២៣៣ នាក់បានស្លាប់បាត់បង់ជីវិត ខណៈមនុស្សប្រមាណ៩០០នាក់ផ្សេងទៀតបានរងរបួសក្នុងគ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរពីរបុកគ្នានៅក្នុងរដ្ឋ Odisha ឥណ្ឌា។ នេះជាឧបទ្ទវហេតុដែលបានសម្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះនៅឥណ្ឌា។
នៅយប់ថ្ងៃទី២ ខែមិថុនា រថភ្លើងដឹកអ្នកដំណើរឥណ្ឌាពីរខ្សែបានបុកគ្នា។ ភ្លើងមួយក្នុងចំណោមនោះគឺជារថភ្លើងរបស់ក្រុមហ៊ុន Howrah Superfast Express ដែលធ្វើដំណើរពីទីក្រុង Bangalore ឆ្ពោះទៅ ទីក្នុង Howrahក្នុងរដ្ឋ West Bengal ខណៈរថភ្លើងមួយខ្សែទៀតជារថភ្លើងរបស់ក្រុមហ៊ុន Coromandel Express ដែលរត់ពីទីក្រុង Kolkata ទៅទីក្រុង Chennai ។
យ៉ាងណាមិញ មកទល់ពេលនេះអាជ្ញាធរឥណ្ឌានៅមិនទាន់ធ្វើសេចក្តីថ្លែងការណ៍ណាមួយបញ្ជាក់ពីមូលហេតុដែលបណ្តាលឱ្យកើតមាននៅឧបទ្ទវហេតុនេះនៅឡើយទេ។
ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតំបន់កើតហេតុនៅតែបន្ត ដោយមានការចូលរួមពីបុគ្គលិកនាយកដ្ឋានពន្លត់អគ្គីភ័យរាប់រយនាក់ មន្ត្រីប៉ូលិសជាច្រើន និងកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ។
ក្រោយកើតឧបទ្ទវហេតុនេះ នៅយប់ថ្ងៃទី២ ខែមិថុនាដដែល យុវជនឥណ្ឌារាប់រយនាក់បានតម្រង់ជួរនៅខាងក្រៅមន្ទីរពេទ្យរដ្ឋាភិបាលក្នុងទីក្រុង Soro នៃរដ្ឋ Odisha ដើម្បីបរិច្ចាគឈាមជួយដល់ជនរងគ្រោះ។ លើសពីនេះ អភិបាលរដ្ឋ Odisha លោក Naveen Patnaik ក៏បានប្រកាសកាន់ទុក្ខនៅទូទាំងរដ្ឋនៅថ្ងៃទី ៣ ខែមិថុនា ដើម្បីគោរពដល់ជនរងគ្រោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com