កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
អបអរសាទរ! កីឡាការិនីប៉ារ៉ាអត្តពលកម្ម វិត ចន្ថា ឈ្នះមេដាយមាសលោតចម្ងាយ T64 
×![]()
កីឡាការិនីប៉ារ៉ាអត្តពលកម្ម វិត ចន្ថា មេដាយមាសលើវិញ្ញាសាលោតចម្ងាយ T64 នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅពហុកីឡដ្ឋានជាតិមរតក។
សូមបញ្ជាក់ថា គណៈកម្មការបានរៀបចំការប្រកួតវិញ្ញាសាលោតចម្ងាយ ដោយមិនមានការបែងចែកផ្នែកពិការភាពនោះឡើយ។ ក្រោយបញ្ចប់ការប្រកួត៦ជុំ កីឡាការិនី វិត ចន្ថា របស់កម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលធ្វើឱ្យកីឡាការិនីខ្លួនឯងផ្ទាល់ អ្នកគាំទ្រ និងអ្នកសារព័ត៌មាន យល់ច្រឡំថា គាត់បានមេដាយប្រាក់។
ប៉ុន្តែក្រោយការប្រកាសលទ្ធផលផ្លូវការ លទ្ធផលត្រូវបែងដោយផ្អែកលើពិការភាពរបស់កីឡាការិនី រវាងវិញ្ញាសា T42-44 និង T64។
កីឡាការិនីឥណ្ឌូណេស៊ី Karisma Evi Tiarani ដែលលោតបានចម្ងាយ៤.១២០០ បានមេដាយមាសលើវិញ្ញាសាលោតចម្ងាយ T42-44, កីឡាការិនីមីយ៉ាន់ម៉ា Wai Wai Thin បានមេដាយប្រាក់, កីឡាការិនីឥណ្ឌូណេស៊ីម្នាក់ទៀត Helin Wardina បានមេដាយសំរឹទ្ធ។
សម្រាប់ផ្នែក T64 ឯណោះវិញ កីឡាការិនី វិត ចន្ថា គឺជាម្ចាស់មេដាយមាស ជាមួយនឹងការសម្រេចបាន ៣.៩៩០០ ខណៈកីឡាការិនីមីយ៉ាន់ម៉ា Law Lar Win ដែលលោតបាន ៣.៧៤០០ បានមេដាយប្រាក់។
កីឡាការិនីឆ្នើម វិត ចន្ថា ធ្លាប់បានឈ្នះមេដាយមាស លើវិញ្ញាសាលោតចម្ងាយម្តងហើយ កាលពីឆ្នាំ២០២១ នៅក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។ សម្រាប់វិញ្ញាសាលោតចម្ងាយនេះ ដដែល វិត ចន្ថា ក៏ធ្លាប់ឈ្នះមេដាយប្រាក់ផងដែរ កាលពីឆ្នាំ២០១៧ នៅម៉ាឡេស៊ី។
បើនិយាយពីអាស៊ានប៉ារ៉ាហ្គេមលើកចុងក្រោយនៅសូឡូ កីឡាការិនី វិត ចន្ថា ឈ្នះមេដាយមាស២ និងប្រាក់១ ដោយមាសឈ្នះលើវិញ្ញាសាលោតចម្ងាយ និងរត់ចម្ងាយ៤០០ម៉ែត្រ រីឯប្រាក់បានលើវិញ្ញាសារត់ចម្ងាយ២០០ម៉ែត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com