កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ បើដេញ Ten Hag ចេញពី Man Utd លោកនឹងទៅឈ្នះពាននៅក្លិបផ្សេង
26, May 2024 , 3:19 pm        
រូបភាព
លោក Erik ten Hag បាននិយាយទៅកាន់ម្ចាស់ក្លិប Manchester United ថាប្រសិនបើលោកត្រូវបណ្តេញចេញ ក្រោយពីបានជួយក្រុមឈ្នះពាន FA Cup នាថ្ងៃទី២៥ ខែឧសភា នោះលោកនឹងទៅដឹកនាំក្រុមដទៃផ្សេងទៀត ហើយឈ្នះពានជាមួយក្លិបនោះដូចគ្នា។  លោក បានឈ្នះពានរង្វាន់ទី២ នៅក្លិប Man Utd ដោយក្រុមបានប្រកួតយកឈ្នះលើក្រុម Manchester City ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ FA Cup លទ្ធផល ២-១ ដ៏គួរឱ្យភ្ញាក់ផ្អើល។

 
អនាគតរបស់លោកErik ten Hag  កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីជាបច្ចុប្បន្នលោកបន្តដឹកនាំក្នុងនាមជាអ្នកចាត់ការក្តី។ លោក Ten Hag អះអាងថា លោកនឹងបន្តឈ្នះពានបន្តទៀត ទោះបីជានៅជាមួយ Man Utd ឬក្លិបផ្សេងទៀត។
 
«ពានរង្វាន់ ២ ក្នុងរយៈពេល ២ឆ្នាំ មិនមែនជារឿងអាក្រក់ វគ្គផ្តាច់ព្រ័ត្រ ៣ ក្នុងរយៈពេល ២ឆ្នាំ ក៏មិនមែនជារឿងអាក្រក់។ ប្រសិនបើពួកគេមិនចង់បានខ្ញុំ ដូច្នេះខ្ញុំទៅកាន់កន្លែងផ្សេង ដើម្បីឈ្នះពាន ព្រោះនេះជាអ្វីដែលខ្ញុំត្រូវធ្វើ។»។ លោក Ten Hag បាននិយាយបែបនេះ ក្រោយដឹកនាំក្រុមឈ្នះពាន។
 
អនាគតលោក Ten Hag ស្ថិតក្នុងវិបត្តិ ចាប់តាំងពីក្រុមធ្វើមិនបានល្អ ជួបរឿងខកចិត្ត ដោយស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខណ្ឌ Premier League។
 
សហម្ចាស់ក្លិបថ្មី លោក Sir Jim Ratcliffe បានបដិសេធសំណើរក្នុងការការពារលោក Ten Hag ជាសាធារណ ចំពោះរឿងអនាគតរបស់អ្នកចាត់ការក្រុម។ ក្លិបបិសាចក្រហមត្រូវបានរាយការណ៍ថា បានទាក់ទង់យ៉ាងជិតស្និទ្ធក្នុងការនាំយកលោក Thomas Tuchel មកដឹកនាំ ខណៈភាគីទាំងពីរ ត្រូវបានគេរំពឹងថា បានឈានដល់កិច្ចព្រមព្រៀង។
 
យ៉ាងណា លោក Ten Hag បានបង្ហាញការគាំទ្រចំពោះការសម្រេចចិត្តរបស់លោក Ratcliffe និងក្រុមប្រតិបត្តិ INEOS ដឹកនាំដោយប្រធានផ្នែកកីឡាលោក Sir Dave Brailsford ទៅលើបញ្ហាអនាគតរបស់ក្លិប៕
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com