ជាតិ
សេដ្ឋកិច្ច
កម្ពុជា-សិង្ហបុរី ផ្តើមដំណើរការ«ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ» ដើម្បីជំរុញពាណិជ្ជកម្មនិងសេវាហិរញ្ញវត្ថុឆ្លងដែន
18, Jun 2024 , 9:31 pm        
រូបភាព
ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការ គម្រោង ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ ការដាក់ឱ្យដំណើរការថ្នាល FTCនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនានេះ នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី ក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ឡរ៉ែន វង់ នាយករដ្ឋមន្ត្រីសិង្ហបុរី។

 
សេចក្តីប្រកាសព័ត៌មានរួម រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៨ មិថុនា ឱ្យដឹងថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី ឱ្យ អាចប្រើប្រាស់ទិន្នន័យ សហគ្រាសធុនតូច និងមធ្យម នៅប្រទេសទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែងាយស្រួល។ ថ្នាល FTC ក៏នឹងជួយឱ្យការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុងការផ្តល់ហិរញ្ញប្បទាន ដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ ថ្នាល FTC ត្រូវបានអភិវឌ្ឍឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Proxtera Pte Ltd។ សេចក្តីប្រកាសព័ត៌មានរួមបន្ថែមដូច្នេះ។ 
 
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពីភាគីកម្ពុជា ដែលបានតភ្ជាប់ក្នុងថ្នាលនេះមានធនាគារអេស៊ីលីដា, ហ្វីលីព, ស្ថាបនា, វីង, និងធនាគារ វឌ្ឍនៈអាស៊ីចំកាត់។ ចំណែកភាគី សិង្ហបុរីមានធនាគារ ANEXT, គ្រឹះស្ថាន Liquid Groupt Pte Ltd និងគ្រឹះស្ថាន Sing Investment & Finance Limited។
 
ការចែករំលែកព័ត៌មាន និងការផ្តល់ហិរញ្ញប្បទានតាមរយៈថ្នាល FTC ត្រូវបានផ្តួចផ្តើម និងចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ដើម្បីដាក់ឱ្យដំណើរការគម្រោងនេះ សម្រាប់ដំណាក់កាលដំបូង។
 
សម្រាប់ប្រទេសសិង្ហបុរី គ្រឹះស្ថាន Sing Investments & Finance Limited នឹងប្រើប្រាស់ថ្នាល FTC ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យមសិង្ហបុរី ដូចជា JR Group ដែលជាសហគ្រាសផ្គត់ផ្គង់សេវាកម្មម្ហូបអាហារឈានមុខគេ ហើយគ្រោងទិញវត្ថុធាតុដើម និងទំនិញពីសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។ ចំណែកគ្រឹះស្ថាន Liquid Group Pte Ltd នឹងប្រើប្រាស់ថ្នាល FTC ដើម្បីពិនិត្យភាពចាំបាច់ក្នុងការទូទាត់ជារូបិយប័ណ្ណបរទេស សម្រាប់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-សិង្ហបុរី។ 
 
សម្រាប់ប្រទេសកម្ពុជា ធនាគារស្ថាបនា នឹងប្រើប្រាស់ថ្នាល FTC ដើម្បីផ្តល់ហិរញ្ញប្បទានដល់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដូចជាក្រុមហ៊ុនភូមិនខ្មែរ ដែលជាក្រុមហ៊ុននាំចូលសម្ភារសំណង់ ពីសហគ្រាសធុនតូច និងមធ្យមជាច្រើននៅសិង្ហបុរី។
 
ដំណាក់កាលបន្ទាប់ គម្រោង FTC គ្រោងបង្កើនលំហូរពាណិជ្ជកម្ម និងចំនួនគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុចូលរួម ព្រមទាំងពិនិត្យលទ្ធភាពក្នុងការអនុវត្តហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឆ្លងដែន រវាងប្រទេសទាំងពីរ ក្រោមកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បន្ទាប់ពីចុះMOU កាលពីខែកក្កដា ឆ្នាំ២០២៣ ស្តីពីការអភិវឌ្ឍគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ។
 លោក ជៀ ដឺ ចាយអិន នាយកគ្រប់គ្រងអាជ្ញាធររូបិយវត្ថុសិង្ហបុរី មានប្រសាសន៍ថា៖ «ការ ចាប់ផ្តើមគម្រោង FTC រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងសិង្ហបុរី នឹងគាំទ្រដល់លទ្ធភាពនៃការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរ សម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរទិន្នន័យហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម នៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល FTC។ ការណ៍នេះនឹងផ្តល់កាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម និងគ្រឹះស្ថានហិរញ្ញវត្ថុដែល ចូលរួមក្នុងគម្រោង។»។
 
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា៖«គម្រោង FTC ជាចក្ខុវិស័យរួម រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីគាំទ្រ លំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម តាមរយៈពង្រឹងគុណភាព ទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេស កម្ពុជា និងសិង្ហបុរី ដែលនឹងផ្តល់លទ្ធភាពសហគ្រាសធុនតូច និង មធ្យម ក្នុងការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរ។»។ 
 
សម្រាប់ លោកស្រី ជា សិរី ការដាក់ឱ្យដំណើរការគម្រោង FTC បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលទាំងពីរ ក្នុងការផ្លាស់ប្តូរជាវិជ្ជមាន ក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ព្រមទាំងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕

© រក្សាសិទ្ធិដោយ thmeythmey.com