កីឡាជាតិ
ជាតិ
កីឡា​ការិនី​ហែល​ទឹក ហែម​ ថុ​នវិ​ទិនី ប្រ​តិកម្ម​នឹងកា​រ​រិះគន់
17, Sep 2014 , 3:49 pm        
រូបភាព
ដោយ: រួបរួម
កីឡាកា​រិនី​ហែលទឹក ហែ​ម ថុនវិទិនី ហាក់​មាន​អារម្មណ៍​អន់ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការបន្តុះបង្អាប់​របស់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួ​យចំនួន ដែល​បាន​មើល​ងាយ​សមត្ថភាពរបស់​​អត្តពលិក​ខ្មែរ ខណៈ ពួក​គេ​​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​អន្តរជាតិ។ នេះ​បើតាម​អ្វី​ដែល​កីឡាការិនីស្រស់ស្អាត​បាន​សរសេរ​នៅ​គណនី​ហ្វេ​សប៊ុក​របស់​ខ្លួន។



​ទីក្រុង Incheon ប្រទេ​ស​កូរ៉េខាង​ត្បូង ដែល​ជាទីកន្លែង​ប្រារព្ធ​ព្រឹត្តិការណ៍កីឡា Asian Games លើក​ទី​១៧ កញ្ញា ហែម ថុន​ វិទិនី បាន​សរសេរយ៉ា​ងវែង​នៅ​លើ​គណនីហ្វេសប៊ុក​របស់​ខ្លួន ដោយ​ខ្លឹមសារ​សំខាន់​គឺ​ដើម្បី​ឆ្លើយ​តបទៅ​នឹងការរិះគន់​នានា​ទាក់ទង​នឹង​សមត្ថភាព​របស់អត្តពលិក​កម្ពុជា។

កីឡាកា​រិនី​ដ៏​ស្រស់​ស្អាត វ័យ​២១​ឆ្នាំ​ បាន​លើក​ឡើងថា៖ «មានមនុស្សមួយចំនួនមកថា ក្រុមកីឡាកម្ពុជាទៅ​ដឹងតែចា​ញ់ ហើយ​បញ្ជូ​នទៅធ្វើអ្វី​ ខ្ញុំពិតជាចង់ណាស់ឲ្យ​អ្នកដែរថាឲ្យ​គេនឹងមកសាកខ្លួនឯងទៅបានដឹង​ថាវា​ពិបា​កប៉ុណ្ណា។ គេ​នឹងអត់​ចង់ឈ្នះទេហី គេនឹងអត់ចង់ល្អទេហ គ្រាន់បើហើយដែរប្រទេសយើង​បានមក​ចូលរួម បា​នយកទ​ង់ជាតិ​មក​ដោតលើ​វេទិ​កាអោយ​គេដឹ​ងអោយ​គេស្គា​ល់ ចុះបើ​អត់បានចូល​រួម​វាមេ​ចវិ​ញ គួ​រគិត​ពិចារណា​ផង មុននឹ​ងថា​អោយ​គេ ពួក​ខ្ញុំសុទ្ធតែ​ចង់ឈ្នះច​ង់បាន​មេដាយ​យកទៅវិញ»។

វិទិនី ដែល​ត្រូវ​ចូល​រួម​ប្រកួតក្នុងវិញ្ញាសា​ហែល​ហែល​កង្កែប និងហែល​សេរី​ចម្ងាយ​៥០ម៉ែត្រ  បាន​សរសេរ​បន្ថែម​ថា៖ «វាពិ​តជា​ពិបាក​ណាស់​មិន​មែន​ស្រួល​ដូចកា​រនិយា​យទេ មើលតែប្រទេសជិតខាងយើង ថៃ វៀត​ណាម កីឡាក​រគេម​កចូល​រួម៤០០​ទៅ៥០០​នាក់ ហើយ​កីឡាករ​យើងតែ​ជិត៣០​នាក់ទេ តែពួកខ្ញុំសប្បា​យនឹ​ងធ្វើកា​រងារ​នេះទោះ​បីប្រតិភូ​ចូលរួ​មប្រកួ​តមាន​គ្នាតិ​ចក៏ដោយ»។

បន្ថែម​ពី​លើ កញ្ញា វិទិនី បាន​អះអាង​ថា អ្វី​ដែល​ខ្លួន​បាន​សរសេរ​គឺ​តំណាងឲ្យអារម្មណ៍​របស់​កីឡាករ-កីឡាការិនី​ទាំងអស់ ជាពិសេ​ស​កីឡាកា​រិនីតេក្វាន់ដូ ស៊​ន ដាវីន និង ស៊ន សៀវម៉ី។

ព្រឹត្តិកា​រណ៍ Asian Games លើក​ទី​១៧ នៅ​ទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង នឹង​ចាប់​ផ្តើម​ជាផ្លូវ​ការនៅ​ថ្ងៃទី​១៩ ខែកញ្ញា ខា​ងមុខ។ កម្ពុជា​បានបញ្ជូន​កីឡាករ-កីឡាការិនីចំនួន​២០នាក់​នៃ​ប្រភេទកីឡា​ចំនួន​៨ ដើម្បី​ចូល​រួម​ប្រកួត​។

បើ​តាម លោក ញ៉ា​ន សុខវិសា​ល នាយ​បេសកកម្មនៃ​ប្រតិភូ​កីឡា​កម្ពុជា នេះ​ជា​ដំណើរ​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបជា​លើក​ដំបូង បើគិត​ចាប់តាំងពី​ឆ្នាំ​១៩៧០ មក។ លោក​បាន​ដាក់​ក្តី​រំពឹង​ជាពិសេស​លើប្រ​ភេទកីឡា​បែ​បប្រយុទ្ធ ដូចជា​តេក្វាន់ដូ និ​ង ចំបាប់ រួមទាំ​ងកីឡា​វាយកូនបា​ល់ផង​ដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com