កីឡាជាតិ
ជាតិ
សៀវម៉ី ឈាន​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រដើម្បី​ដណ្តើម​មេដាយ​មាស​
03, Oct 2014 , 1:22 pm        
រូបភាព
កីឡាការិនី ស៊ន សៀវម៉ី បាន​ផ្តល់​ក្តី​រំភើប​ដល់​កម្ពុជា បន្ទាប់ពី​កីឡាការិនីរូបនេះ បានបន្ត​យក​ឈ្នះកីឡាការិនីហ្វីលីពីន Alora Kirstie Elaine ក្នុងលទ្ធផល ៦-៥ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។



កីឡាកា​រិនី​តេក្វាន់ដូ ស៊ន សៀវម៉ី បាន​ក្លាយ​ជាអត្តពលិក​ខ្មែរទីមួយ​បើគិត​ចាប់​តាំងពី​ឆ្នាំ​១៩៧០​មក ដែលបាន​​ឈ្នះ​មេដា​យ​​ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំទ្វីបអា​ស៊ី (Asian Games)។ សៀវម៉ី អាយុ​១៩​ឆ្នាំ បាន​ប្រកួត​ឈ្នះ​កីឡាកា​រិនីអ៊ូបេគីស្ថាន​ Abdullaeva Umida ក្នុ​ងលទ្ធ​ផល ២៩ ទល់នឹង​៧ ក្នុងទម្ងន់​៧៣គីឡូក្រាម​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រនា​ថ្ងៃ​សុក្រ ទី​៣​ ខែតុលា។

Umida គឺ​ជា​ម្ចាស់ការពារ​តំណែង​ជើងឯក​អាស៊ី និងម្ចាស់​​មេដាយ​ប្រាក់យុវជន​អូឡាំពិក​។ សៀវមី ដែល​ម្ចាស់​មេដាយ​មាសស៊ី​ហ្គេមផង​ដែរ​នោះ បាន​បន្តទៅ​ជួប​ជាមួយកីឡាការិនី​ហ្វីលីពីន Alora Kirstie Elaine ដែល​ជាម្ចាស់មេដាយ​សំរិទ្ធ Asian Games កាលពី​ឆ្នាំ​២០១០ និងជា​​មេដាយ​មាស​ស៊ីហ្គេម​២ជំនាន់។  នៅ​ជុំ​ទីមួយ សៀវមី ទទួល​បាន​ពិន្ទុ​នាំមុខ​ក្នុងលទ្ធផល ៣-០ នៅ​ជុំទីពីរ និង​ចាញ់ ៤-០ នៅ​ជុំទីបី ប៉ុន្តែល​ទ្ធផលសរុប សៀវម៉ី ឈ្នះ ៦-៥។

សូម​បញ្ជាក់​ថា នេះ​ជាមេដាយ​ទី​៧​របស់​កម្ពុជា​ពីព្រឹត្តិការណ៍​កីឡា Asian Games បន្ទាប់ពី​​កម្ពុជា​បាន​ឈ្នះ​មេដាយ​សំរិទ្ធ១នៅ​ឆ្នាំ​១៩៦២ ឈ្នះមេដាយ​ប្រាក់​២ និង​សំរិទ្ធ​៣នៅ​ឆ្នាំ​១៩៧០ ។

ស៊ន សៀវមី គឺ​ជាកីឡាការិនី​តែម្នាក់គត់​ដែល​ឆ្លង​ផុត​ដំណាក់​កាល​ឈាន​ទៅ​ដល់​ការ​ដណ្តើម​បានមេដាយ ខណៈ​អត្តពលិក​បីរូប​ផ្សេងទៀ​ត រួមមាន ស៊ន ដាវីន ដែល​ជាបងស្រី​បង្កើត​របស់​ សៀវមី កីឡាការិនីចំបាប់ ចូវ សុធារ៉ា កីឡាករ​ចំបាប់ ងួន ម​ករា បាន​រង​បរាជ័យ​ដ៏​គួរឲ្យ​ខក​ចិត្ត​នៅ​វគ្គ​១/៤ផ្តាច់ព្រ័ត្រ។

យោងតាម​ អនុក្រឹត្យ​ថ្មី​ស្តីពី​ការផ្តល់ប្រាក់​រង្វាន់​រប​ស់​រដ្ឋាភិបាល ជ័យលាភី​មេដាយមាស​នឹង​ទទួល​ប្រាក់រង្វាន់​ចំនួន៨០លាន​រៀល (២ម៉ឺនដុល្លារអាមេរិក) មេដាយប្រាក់​បាន៤០លាន​រៀល (១ម៉ឺនដុល្លារអាមេរិក) និង​មេដាយសំរិទ្ធ បាន២៤លាន​រៀល (៦០០០ដុល្លារអាមេរិក) ហើយ​ដៃគូ​ឧបត្ថម្ភផ្សេងៗ សុទ្ធតែ​បាន​សន្យា​ផ្តល់​រង្វាន់​ជាទី​គាប់ចិត្ត​បន្ថែមទៀត​ដែរ៕





© រក្សាសិទ្ធិដោយ thmeythmey.com