កីឡាជាតិ
ជាតិ
ជ័យ​លាភី​មេដា​យមាស សៀវម៉ី ទទួល​ប្រាក់​រង្វាន់យ៉ាងហោចណាស់​៨០លាន​រៀល
03, Oct 2014 , 5:00 pm        
រូបភាព
ស៊ន សៀវម៉ី អបអរក្រោយ​ទទួល​បាន​ជ័យ​ជម្នះ។ រូបថត AFP
ស៊ន សៀវម៉ី អបអរក្រោយ​ទទួល​បាន​ជ័យ​ជម្នះ។ រូបថត AFP
កីឡា​ការិនីតេ​ក្វាន់ដូ ស៊ន សៀវម៉ី បាន​នាំមេដា​យមាស​សម្រាប់​កម្ពុជាពីព្រឹត្តិការណ៍កីឡា​ប្រចាំទ្វីប​ដែលមាន​ឈ្មោះ​ថា Asian Games។ នេះ​ជាមេ​ដាយ​មាស​លើកដំបូង​របស់​កម្ពុជា​បើគិតចាប់​តាំងពីការចូល​រួម​របស់​កម្ពុជាចាប់តាំងពី​ឆ្នាំ​១៩៥៤​មក។



ស្តាប់សំឡេង



កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បាន​សាង​កំណត់​ត្រា​ដល់​កម្ពុជា​តាមរយៈការ​ទទួល​បានមេដាយ​មាស​ពីព្រឹត្តិការណ៍​កីឡាអាស៊ីលើក​ទី​១៧ នៅ​ក្នុងទីក្រុង Incheon ប្រទេសកូរ៉េខាង​ត្បូង។ នេះ​ជាមេដាយ​មាស​លើក​ដំបូង​បំផុត​ បើគិត​ចាប់​តាំងពី​កម្ពុជា បាន​ចូល​រួម​ក្នុងព្រឹ​ត្តិការណ៍​ប្រចាំទ្វីបមួយនេះ កាលពី​ឆ្នាំ​១៩៥៤ ហើយ​ក៏​ការ​ចាប់​ផ្តើម​ទទួល​មេដាយ​ឡើង​វិញ​ផង​ដែរ​របស់​កម្ពុជា បន្ទាប់ពី​ខក​ខានអស់​រយៈពេល​៤៤​ឆ្នាំ។

ក្នុងការ​ប្រកួតលើ​ប្រភេទទម្ងន់​៧៣គីឡូក្រាម​នា​ថ្ងៃសុក្រ ទី​៣ ខែតុលា នេះ សៀវម៉ី អាយុ​១៩​ឆ្នាំ បាន​យក​ឈ្នះ​កីឡាការិនីអ៊ីរ៉ង់ Rouhani Fatemeh នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៧ ទល់​នឹង​៤ ។ នៅមុន​ដំណើរ​ទៅ​កាន់វគ្គ​ផ្តាច់ព្រ័ត្រ សៀវម៉ី អាយុ​១៩​ឆ្នាំ បាន​ប្រកួត​ឈ្នះ​កីឡាការិនីអ៊ូបេគីស្ថាន​ Abdullaeva Umida ក្នុងលទ្ធផល ២៩ ទល់នឹង​៧ ​នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ និង​បន្ត​ឈ្នះ​កីឡាការិនី​ហ្វីលីពីន Alora Kirstie Elaine ក្នុងលទ្ធផល ៦ ទល់​នឹង​៥ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។


សូម​បញ្ជាក់​ថា នេះ​ជាមេដាយ​ទី​៧​របស់​កម្ពុជា​ពីព្រឹត្តិការណ៍​កីឡា Asian Games បន្ទាប់ពី​​កម្ពុជា​បាន​ឈ្នះ​មេដាយ​សំរិទ្ធ១នៅ​ឆ្នាំ​១៩៦២ ឈ្នះមេដាយ​ប្រាក់​២ និង​សំរិទ្ធ​៣នៅ​ឆ្នាំ​១៩៧០ ។ ស៊ន សៀវមី គឺ​ជាកីឡាការិនី​តែម្នាក់គត់​ដែល​ឆ្លង​ផុត​ដំណាក់​កាល​ឈាន​ទៅ​ដល់​ការ​ដណ្តើម​បានមេដាយ ខណៈ​អត្តពលិក​បីរូប​ផ្សេងទៀត រួមមាន ស៊ន ដាវីន ដែល​ជាស្រី​បង្កើត​របស់​ សៀវមី កីឡាការិនីចំបាប់ ចូវ សុធារ៉ា កីឡាករ​ចំបាប់ ងួន មករា បាន​រង​បរាជ័យ​ដ៏​គួរឲ្យ​ខក​ចិត្ត​នៅ​វគ្គ​១/៤ផ្តាច់ព្រ័ត្រ។

មិន​ត្រឹម​តែ​នាំមកនូវ​មោទនភាព​សម្រាប់​កម្ពុជា​ទាំងមូល​នោះ​ឡើយ ការ​ឈ្នះ​​មេដាយ​មាស នាំឲ្យ​កីឡាការិនី​វ័យក្មេងរូបនេះ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៨០លានរៀល​ដែល​ស្មើ​នឹង​២ម៉ឺន​ដុល្លារអាមេរិកពី​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ប្រាក់​រង្វាន់​ជាច្រើន​ទៀត​ពី​ដៃគូ​ឧបត្ថម្ភនានា៕








© រក្សាសិទ្ធិដោយ thmeythmey.com