កីឡាជាតិ
ជាតិ
សៀវម៉ី បានមេដាយមាស​ពី Asian Games ជូន​ជាតិ ប៉ុន្តែ​ប្រឈម​ធ្លាក់​បាក់​ឌុប​លើក​ទីពីរ​
03, Oct 2014 , 9:50 pm        
រូបភាព
កីឡាការិនី ស៊ន សៀវម៉ី សាងប្រវត្តិសាស្ត្រថ្មី​ក្នុងការដណ្តើម​បានមេដាយមាសពី Asian Games។ រូបថត AFP
កីឡាការិនី ស៊ន សៀវម៉ី សាងប្រវត្តិសាស្ត្រថ្មី​ក្នុងការដណ្តើម​បានមេដាយមាសពី Asian Games។ រូបថត AFP
ដោយ: រួបរួម
ស្មា​មួយ​អំ​រែក​ពីរ​ពិតជា​ពិបាក​ណាស់ ពិតជា​ត្រូវ​បោះបង់​មួយ​ចោល​ហើយ។ នេះជា​ករណី​​​ដែល​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី ត្រូវ​ប្រឈម ដោយ​នាង​ត្រូវ​ជ្រើសរើស​រវាង​ការសិក្សា និង​តំណាង​ជាតិ​ក្នុង​វិស័យ​កីឡា។ តើ​​សៀវ​ម៉ី អាចមាន​ឱកាស​កាន់​ស​ញ្ញាប​ត្របាក់​ឌុប ដូច​នាង​កាន់​មេដាយមាស​ទាំង​ស៊ី​ហ្គេម និង Asian Games ដែរឬទេ?



នៅមុន​ប្រឡង​ស​ញ្ជា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ កីឡាការិនី​វ័យ១៩ឆ្នាំ​រូបនេះ មិនសូវ​បាន​សិក្សា​រៀនសូត្រ​ដើម្បី​ត្រៀមប្រឡង​ឡើយ ដោយសារតែ​នាង​មានការ​មមាញឹក​យ៉ាងខ្លាំង​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​នៅ​ទីនោះ នាង​ដណ្តើម​មេដាយមាស​ជូន​ជាតិ។

លទ្ធផល​នៃ​ការរៀបចំ​ការប្រឡង​ដ៏​តឹងរ៉ឹង​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​ថ្មី លោក ហង់ ជួន ណា​រ៉ុ​ន លទ្ធផល​បាន​បង្ហាញថា សៀវ​ម៉ី រួមទាំង​មិត្តភក្តិ​ក្នុង​ក្រុម​តេ​ក្វាន់​ដូរ​បស់​នាង​ផ្សេងទៀត ដែល​ក្នុងនោះ​មាន ឈឿង លី​ណា (មេដាយសំរិទ្ធ​ស៊ី​ហ្គេម) និង​បាន ខេមរា ជាដើម​នោះ សុទ្ធតែ​បាន​ប្រឡង​ធ្លាក់។ អត្ត​ព​លិ​ក​ផ្សេងទៀត​ដែលជា​ប់​បំពេញភារកិច្ច​ក្នុង​ស៊ី​ហ្គេម​កន្លងមក ក៏មាន​អ្នកធ្លាក់​ផងដែរ។

សម្រាប់​ឱកាស​ប្រឡង​បាក់​ឌុប​លើក​ទី​ពីរ​ដែល​នឹងត្រូវ​រៀបចំឡើង​នា​ថ្ងៃទី១៣ ខែតុលា ខាងមុខ សៀវ​ម៉ី ក៏ដូចជា បាន ខេមរា ហាក់ដូចជា​មានសង្ឃឹម​តិច​បំផុត ពីព្រោះ​ពួកគេ​មិនមាន​ឱកាស​រៀន​នោះឡើយ។ ចំពោះ ស៊ន សៀវ​ម៉ី ថ្វីដ្បិតតែ​ខកខាន​ឱកាស​ត្រៀមប្រឡង​ក៏ពិតមែន ប៉ុន្តែ​នាង​បាន​ក្លាយជា​វីរនារី​របស់​កម្ពុជា តាមរយៈ​ការដណ្តើម​បាន​មេដាយមាស​ជា​ប្រវត្តិសាស្ត្រ​ពី​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីបអាស៊ី Asian Games នៅក្នុង​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង។ ទង់​ជាតិ​ និងភ្លេងជាតិកម្ពុជា ត្រូវ​បាន​បង្ហូត​ និង​ចាក់ជាលើក​ដំបូងនៅ​ក្នុងព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំទ្វីបនេះ។

សៀវ​ម៉ី បានបញ្ចប់​កំណត់ត្រា​នៃ​ការមិន​ទទួល​មេដាយ​សោះ​របស់​កម្ពុជា បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៧០ និង​ជា​មេដាយមាស​លើកដំបូង បើ​គិត​ចាប់តាំងពី​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​ប្រចាំ​ទ្វីប​នេះ កាលពី​ឆ្នាំ១៩៥៤មក។

ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស បាន​សម្តែង​ការអបអរសាទរ ហើយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​បាននាំគ្នា​ប្តូរ Profile ដាក់​រូប​របស់ សៀវ​ម៉ី ដើម្បី​សម្តែង​ការដឹងគុណ​នូវ​អ្វីដែល​នាង​សម្រេចបាន​ជូន​ជាតិ​មាតុភូមិ។

គេ​មិនដឹងថា ក្រសួង​អប់រំ យុវជន និង​កីឡា អាចមាន​លក្ខខណ្ឌ​អនុគ្រោះ យ៉ាងណា​នោះឡើយ​ចំពោះ ករណី​របស់​សៀវ​ម៉ី និង​អត្ត​ព​លិ​ក​ដទៃ ពីព្រោះ​នាពេល​ត្រៀម​ប្រកួត​លក្ខណៈ​អន្តរជាតិ ពួកគេ​ត្រូវបាន​ប្រមូលផ្តុំ​ការហ្វឹកហាត់​ក្រោម​ការរៀបចំ​របស់​ក្រសួង​ផ្ទាល់​តែម្តង ដូច្នេះ​ថ្នាក់ដឹកនាំ​របស់​ក្រសួង​ពិតជា​បានដឹង​ច្បាស់​ពី​ផល​លំបាក​របស់​ពួកគេ៕



© រក្សាសិទ្ធិដោយ thmeythmey.com