កីឡាជាតិ
ជាតិ
Asian Games៖ ឈ្នះ​មេដាយមាស​មួយ​នាំ​ឲ្យ​កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី២៨
05, Oct 2014 , 10:14 am        
រូបភាព
ស៊ន សៀវម៉ី ថតជាមួយ​ថ្នាក់​ដឹកនាំ NOCC។ រូបថត ហ្វេសប៊ុក Sokvisal Noon
ស៊ន សៀវម៉ី ថតជាមួយ​ថ្នាក់​ដឹកនាំ NOCC។ រូបថត ហ្វេសប៊ុក Sokvisal Noon
ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី Asian Games លើក​ទី១៩ នៅក្នុង​ទីក្រុង Incheon ប្រទេស​កូរ៉េខាងត្បូង​ដែល​បាន​ចាប់តាំងពី​ថ្ងៃទី១៨ ខែកញ្ញា មក បាន​បិទ​បញ្ចប់​ហើយ​កាលពី​យប់​ថ្ងៃ​សៅរ៍ ទី៤ ខែតុលា ឆ្នាំ២០១៤ ម្សិលមិញ​នេះ។ ការ​ឈ្នះ​មេដាយមាស​របស់​កីឡាការិនី​តេ​ក្វាន់​ដូ​វ័យ១៩ឆ្នាំ ស៊ន សៀវ​ម៉ី បាន​នាំ​ឲ្យ​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី២៨ក្នុងចំណោម​ប្រទេស​ចំនួន៣៧ដែល​ទទួលបាន​មេដាយ ខណៈ៨ប្រទេស​ផ្សេងទៀត មិន​ទទួលបាន​មេដាយ​ណាមួយ​ឡើយ។



ចិន​បាន​ស្ថិតនៅលើ​កំពូល​តារាង​ជាមួយនឹង​ការទទួលបាន​មេដាយ​សរុប ៣៤២ (មាស១៥១ ប្រាក់១០៨ និង​សំរិទ្ធ៨៣ ) ដោយ​នាំមុខ​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង​ដែល​រកបាន​មេដាយ​សរុប ២៣៤ (មាស៧៩ ប្រាក់៧១ និង​សំរិទ្ធ៨៤ ) រីឯ​ជប៉ុន​ស្ថិតនៅ​លេខ​បី តាមរយៈ​ការ​ឈ្នះ​មេដាយ​រួម២០០ (មាស៤៧ ប្រាក់៧៦ និង​សំរិទ្ធ៧៧ )។

ថៃ​ជា​ប្រទេស​ដែលមាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​ក្នុងចំណោម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដោយ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ៦ ជាមួយនឹង​ការទទួលបាន​មេដាយ​សរុប៤៧ (មាស១២ ប្រាក់៧ និង​សំរិទ្ធ២៨ ) ស្រប​ពេលដែល​ម៉ាឡេស៊ី​ឈរ​នៅ​លេខ១៤ (មេដាយ​សរុប៣៣ មាស៥ ប្រាក់១៤ និង​សំរិទ្ធ៣៣ ) សិង្ហ​បុរី​ស្ថិតនៅ​លេខ១៥ (មេដាយ​សរុប២៤ មាស៥ ប្រាក់៦ និង​សំរិទ្ធ១៣ ) ។

ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត រួមមាន ឥណ្ឌូនេស៊ី​ស្ថិតនៅ​លេខ១៧ (សរុប២០ មាស៤ ប្រាក់៥ និង​សំរិទ្ធ១១ ) មី​យ៉ាន់​ម៉ា​លេខ២០ (សរុប៤ មាស២ ប្រាក់១ និង​សំរិទ្ធ១ ) វៀតណាម​លេខ២១ (សរុប៣៦ មាស១ ប្រាក់១០ និង​សំរិទ្ធ២៥ ) និង​ហ្វីលីពីន លេខ២២ (សរុប១៥ មាស១ ប្រាក់៣ និង​សំរិទ្ធ១១ )។
កម្ពុជា​ដែល​ទទួលបាន​មេដាយមាស១ស្ថិតនៅ​ចំណាត់ថ្នាក់​ទី២៨ ឈរ​ពីលើ​ប្រទេស​ចំនួន៩ផ្សេងទៀត ដែល​ទទួលបាន​ត្រឹម​មេដាយប្រាក់​ក្នុងនោះ​រួមមាន ម៉ា​កាវ គៀ​ហ្ស៊ី​ស​ស្ថាន ហ្ស៊​ក​ដង់ តួ​កមេ​នី​ស្ថាន បង់​ក្លា​ដែ​ស ឡាវ អា​ហ្វ​ហ្គា​នី​ស្ថាន លី​បង់ និង​ណេ​ប៉ាល់ ខណៈ​ប្រទេស​ចំនួន៨ ដែល​មិន​ទទួលបាន​មេដាយ​សោះ​រួមមាន ប៊ូ​តង់ ម៉ា​ល់​ឌី​វ ប្រ៊ុយណេ ទី​ម័​រ​ខាងកើត ប៉ា​ឡេ​ស្ទី​ន ស៊ី​រី អូ​ម៉​ង់ និង​យ៉េ​មែន៕



© រក្សាសិទ្ធិដោយ thmeythmey.com