កីឡាជាតិ
ជាតិ
ជម្រើសជាតិ​កម្ពុជា​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​លើកដំបូង ក្រោយ​រង់ចាំ​អស់៤០ឆ្នាំ
09, Oct 2014 , 8:15 am        
រូបភាព
កីឡាករ ចាន់ វឌ្ឍនាកា បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន២គ្រាប់​នៅក្នុង​នាទី​បន្ថែម​ដែល​នាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទទួល​ជ័យជម្នះ ២-០ លើ​ក្រុម​ម្ចាស់ផ្ទះ​ចិន-តៃប៉ិ (តៃវ៉ាន់) នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​កីឡដ្ឋាន Taipei Municipal Stadium កាលពីល្ងាចថ្ងៃទី​៨ ខែ​តុលា ឆ្នាំ​២០១៤។ នេះ​ជា​កំណត់ត្រា​ថ្មី​មួយ បើ​គិត​ចាប់តាំងពី​ឆ្នាំ១៩៧៤មក ដែល​ឈុត​ធំ​នៃ​ជម្រើសជាតិ​កម្ពុជា​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ។



កាលពី៤០ឆ្នាំមុន​ពោលគឺ​នៅ​ថ្ងៃទី១៣ ខែ​មិនា ឆ្នាំ១៩៧៤ កម្ពុជា​បាន​បំបាក់​ម្ចាស់ផ្ទះ​កូរ៉េខាងត្បូង​ក្នុង​លទ្ធផល ១-០ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល នា​ការប្រកួត​ក្នុង​ពូ​ល A នៃ ព្រឹត្តិការណ៍ President’s Cup នា​សម័យ​នោះ។ បើតាម​កំណត់ត្រា​របស់ FIFA វា​ក៏​ជា​ជ័យជម្នះ​ត្រឹមតែ​លើក​ទី​បី​ប៉ុណ្ណោះ​របស់​កម្ពុជា ដែល​ក្រុម​ជម្រើសជាតិ​ដែលជា​ម្ចាស់ផ្ទះ។ ជ័យជម្នះ​មួយទៀត​នោះ គឺ​បាន​កើតឡើង​កាលពី​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧២ ដោយ​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​ខាងត្បូង​ក្នុង​លទ្ធផល ២-១ នៅក្នុង​ទីក្រុង​សៃ​ហ្គ​ន នា​ព្រឹត្តិការណ៍​បុណ្យជាតិ​វៀតណាម​ខាងត្បូង (Quoc Khanh Tournament) ។

ក្នុងការ​ប្រកួត​ជាមួយ​តៃវ៉ាន់ (ដែល FIFA ទទួលស្គាល់​ក្រោម​ឈ្មោះថា ចិន-តៃប៉ិ) ចាន់ វឌ្ឍនាកា បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅក្នុង​នាទី ទី៩០+១ និង​ទី៩០+៤ ។ វា​ជា​ជ័យជម្នះ​លើកទីមួយ​របស់​កម្ពុជា​ក្នុងចំណោម​ការប្រកួត​មិត្តភាព​អន្តរជាតិ​បី​លើកសំខាន់ៗនា​រយៈពេល​ចុងក្រោយ​នេះ  ដោយ​កាលពី​ថ្ងៃទី២០ ខែកញ្ញា ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon បាន​ចាញ់​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ៤-១ ហើយ៥ថ្ងៃ​ក្រោយមក បន្ត​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី ១-០ ។

សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី៩ ខែសីហា កន្លងមក លោក Lee Tae Hoon ក៏​ដឹកនាំ​ឈុត U-21 យកឈ្នះ​ម្ចាស់ផ្ទះ​ប្រ៊ុយណេ ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​មិត្តភាព Hassanal Bolkiah Trophy ដែរ ប៉ុន្តែ​មិនមែនជា​ការប្រកួត​ដែល​រៀបចំ និង​ទទួលស្គាល់​ដោយ FIFA នោះឡើយ។

ដំណាក់​កាលដែល​ត្រូវ​បញ្ចេញ​សាច់ដុំ​ពិតប្រាកដ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា គឺ​ក្នុង​ការប្រកួត​ជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ ដោយ​កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​ឡាវ​នា​ល្ងាច​ថ្ងៃ​សៅរ៍ មុននឹង​ជួប​ប្រកួត​ជា​បន្តបន្ទាប់​ជាមួយ​ទី​ម័​រ​ខាងកើត មី​យ៉ាន់​ម៉ា និង​ប្រ៊ុយណេ។ ពីរ​ក្រុម​ទទួលបាន​ពិន្ទុ​លើសគេ​នឹង​ឈានទៅដល់​វគ្គ​បន្ត​ដោយ​ក្រុម​ជម្រើសជាតិ៦ផ្សេងទៀត​រង់ចាំ​រួចជាស្រេច ដែល​ក្នុងនោះ​មានដូចជា សហ​ម្ចាស់ផ្ទះ​វៀតណាម និង​សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​ឥណ្ឌូនេស៊ី៕



© រក្សាសិទ្ធិដោយ thmeythmey.com