កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុ​ជាប​ញ្ចប់បេសកកម្ម​​នៅ​ឡាវដោ​យ​​ចាញ់​២ប្រកួ​ត និងឈ្នះ​២​ប្រកួត
21, Oct 2014 , 9:42 am        
រូបភាព
ដោយ: រួបរួម
ខ្សែបម្រើ​ ឈិន ឈឿន បាន​ស៊ុត​បាល់​បញ្ចូលទី​នៅ​ដើម​តង់ទីពីរ​ដើម្បី​នាំឲ្យ​កម្ពុជា​ទទួល​ជ័យ​ជម្នះ​លើប្រ៊ុយណេ ១-០ នា​ការ​ប្រកួតចុងក្រោយ​ក្នុងវគ្គ​ជម្រុះ AFF Suzuki Cup នៅ​ក្នុងទីក្រុង​វៀងចន្ទន៍ ប្រទេសឡាវ។ ជ័យ​ជម្នះកាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា ម្សិលមិញនេះ បាននាំឲ្យកម្ពុជា​ត្រឡប់មកផ្ទះវិញ ដោយមាន​៦ពិន្ទុ​ និង​ស្ថិតនៅ​ចំណាត់​ថ្នាក់​លេខបី បន្ទាប់ពីមីយ៉ាន់ម៉ា និងម្ចាស់​ផ្ទះឡាវ។




នៅ​លើទីលាន Chao Anouvong កម្ពុជាបាន​រក្សាទម្រង់​លេងដ៏​គួរឲ្យ​ចាប់អារម្មណ៍ដូចជាការប្រកួត​បីលើក​កន្លងមក​ផង​ដែរ។ ក្រុមដែល​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់​គ្រូបង្វឹក​ជន​ជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon មាន​ឱកាស​ជាច្រើន​ក្នុងការ​ទម្លាយ​សំណាញ់​របស់​ប្រ៊ុយណេក្រោម​ការដឹកនាំ​របស់អតីតគ្រូបង្វឹក​ក្លិប Blackburn Rovers លោក Steve Kean ប៉ុន្តែផល​សម្រេចពិតប្រាកដគឺ​កើតឡើងនៅ​ក្នុងនាទី ទី​៥៦ ដែល​ធ្វើ​បាន​ដោយ​ខ្សែបម្រើក្លិបក្រសួងការពារជាតិ ឈិន ឈឿន។

ប្រធានក្រុម គួច សុគម្ភៈ ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ខ្សែបម្រើ សុះ ស៊ូហាណា និងកីឡាករបម្រុង ចាន់ វឌ្ឍនាកា សុទ្ធតែ​ខក​ខាន​ឱកាសមាស​របស់​ខ្លួន។ ទោះបី​ជាយ៉ាងណាក៏​ដោយ កម្ពុជា​បញ្ចប់​យុទ្ធនាការរបស់​ខ្លួន​ដោយ​ទទួល​បាន​៦ពិន្ទុ និង​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខបី ដោយចាញ់ម្ចាស់​ផ្ទះឡាវ ៣-២ ចាញ់មីយ៉ាន់ម៉ា ១-០ ឈ្នះ​ទីម័រ​ខាងកើត ៣-២ និងឈ្នះប្រ៊ុយណេ ១-០ ។

មីយ៉ាន់ម៉ា​ដែល​មានពិន្ទុ​ខ្ពស់​ជាងគេ (១០ពិន្ទុ) ត្រូវ​ចូល​ទៅ​លេងក្នុងពូល B សម្រាប់​វគ្គ​ចុងក្រោយនៅ​ក្នុង​ប្រទេសសិង្ហបុរី  ជាមួយ​សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ ខណៈឡាវ (៩ពិន្ទុ) ស្ថិតក្នុងពូល A ដែល​ត្រូវ​ជួបម្ចាស់​ផ្ទះវៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី។ ការប្រកួតនឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៣ ខែវិច្ឆិកា។​

លោក Lee Tae Hoon បាន​ដឹកនាំកម្ពុជា​ឲ្យ​ស្ថិតនៅ​ក្នុង​ចំណាត់​ថ្នាក់​ទីបី​ដូចកាលពី​ឆ្នាំ​២០១០ ខណៈទីម័រខាងកើត ទទួល​បាន​៤ពិន្ទុ និងប្រ៊ុយណេ ចាញ់​ទាំង​បួន​ប្រកួត។ ខ្សែប្រយុទ្ធ សុក ចាន់រស្មី របស់​កម្ពុជា​ស្ថិត​ក្នុងចំណោម​កីឡាករ​ដែល​រក​បាន​គ្រាប់​បញ្ចូលទី​ច្រើន​ជាងគេ​ប្រចាំ​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះនេះ ដោយមាន​៤គ្រាប់ស្មើ​កីឡាករឡាវ Soukaphone Vongchiengkham។

នៅមុន​ដំណើរមក​កាន់ប្រទេសកម្ពុជាវិញ ស្ថានទូតខ្មែរ​ប្រចាំប្រទេសឡាវ បាន​រៀបចំពិធី​ជប់លៀង​ជូន​ដំណើរ​ប្រតិភូ​កីឡាបាល់ទាត់​ជម្រើស​ជាតិកម្ពុជាយ៉ាងអធិក​អធម​ផង​ដែរ។ នៅឆ្នាំ​២០១៦ កម្ពុជា​នឹងទទួល​បន្ទុក​ធ្វើ​ជាម្ចាស់ផ្ទះ​រៀបចំព្រឹត្តិការណ៍​ប្រកួត​ជម្រុះនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com