ជាតិ
បទវិភាគ
សិទ្ធិ​មាន​លំនៅដ្ឋាន​សមរម្យ​គួរ​ត្រូវបាន​ធានា!
10, Dec 2014 , 9:20 pm        
រូបភាព
ដោយ:
ក្នុង​ទិវា​សិទ្ធិមនុស្ស១០ធ្នូ​នេះ មាន​បញ្ហា​ជាច្រើន​ដែល​ក្រុមអ្នកតវ៉ា​បានលើកឡើង​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ។ ក្នុងចំណោម​បញ្ហា​ទាំងនោះ ការបណ្តេញ​ចេញពី​លំនៅដ្ឋាន​ត្រូវគេ​មើលឃើញ​ជាទូទៅ​ថា​ជា​បញ្ហា​ដែល​គួរ​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ពីព្រោះ​សម័យនេះ​ទៅហើយ​មិនគួរ​មាន​អ្នករងគ្រោះ​បាត់បង់​ផ្ទះសម្បែង​ដោយសារ​ការអភិវឌ្ឍ​នោះឡើយ។ នេះ​ជា​សិទ្ធិមនុស្ស​ដំបូង​គេ​មួយ​ក្នុង​សម័យកាល​អភិវឌ្ឍ។



ក្នុងចំណោម​អ្នកចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស១០ធ្នូ​នេះ ជនរងគ្រោះ​ដោយ​ការបណ្តេញ​ចេញពីផ្ទះ​សម្បែង​ដោយសារ​ការអភិវឌ្ឍ​ជា​អ្នកតស៊ូ​ដ៏​យូរអង្វែង​ជាងគេ​មួយ។ ក្រុមគ្រួសារ​របស់​អ្នក​ទាំងនោះ​មួយចំនួន​រងគ្រោះ​ពីរ​ជាន់៖ ទី១ដោយសារ​ការបាត់បង់​ផ្ទះសម្បែង និង​ទី២ដោយ​ការចាប់​ដាក់ពន្ធនាគារ​ដោយសារតែ​ការតវ៉ា​ចង់បាន​ផ្ទះ​មកវិញ​ឬ​ចង់បាន​សំណង​សមរម្យ។ នេះ​នៅ​មិនទាន់​រាប់​ការខាតបង់​ប្រាក់ចំណូល និង​ការប៉ះពាល់​ដល់​ការសិក្សា​របស់កូនៗផង​នោះទេ។

និយាយ​តាម​ត្រង់​ទៅ អ្នក​ដែល​ស្ថិតក្នុង​ស្ថានភាព​នេះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការចេញមុខ​តវ៉ា​ទោះជា​ក្នុង​រូបភាព​ណាក៏ដោយ។ បើ​និយាយ​ពី​សិទ្ធិមនុស្ស​មាន​បញ្ហា​ច្រើនយ៉ាង​ណាស់​ដែល​គេ​បានលើកឡើង​ក្នុង​ថ្ងៃទី ១០ ធ្នូ​នេះ។ ប៉ុន្តែ បញ្ហា​ដែល​មិនគួរ​កើត​តែ​វា​បាន​កើតជា​យូរ​មកហើយ​ដោះស្រាយ​មិនទាន់​ចប់​នោះ​គឺ​ការបណ្តេញ​ចេញពី​លំនៅដ្ឋាន​នេះឯង។
គេ​អាច​ស្រមៃ​មើលថា សុខៗពួកគេ​ត្រូវបាន​គេ​ដឹក​យកទៅដាក់​នៅ​ទីវាល​មួយកន្លែង ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ​ពី​ក្រុងភ្នំពេញ ដោយ​គ្មាន​ផ្ទះសម្បែង គ្មាន​ទឹក គ្មាន​ភ្លើងអគ្គិសនី និង​បង្គន់​អនាម័យ​អ្វី​ទាំងអស់។ ទាំងនេះ​ជា​ឈុត​ឆាក​ដែល​មិនគួរ​នឹង​ជឿ តែ​វា​ជា​រឿង​ពិត​និង​ដែល​បាននិងកំពុង​កើតមាន​ជា​ហូរហែ​រួចទៅហើយ។ ឈុត​ឆាក​ទាំងនេះ​ពិតជា​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ក្តុកក្តួល​រំជួលចិត្ត​ដោយ​មិនអាច​ទប់​អារម្មណ៍​បាន។

ជាការ​ពិត ការអភិវឌ្ឍន៍​ពិតជា​មិនអាច​ចៀស​ផុតពី​ផលប៉ះពាល់​ឡើយ។ នេះ​ជា​កត្តា​សន្យា​នុ​ម័ត​ដែល​មិនអាច​ប្រកែក​បាន បើទោះបីជា​នៅ​ប្រទេស​ណាក៏ដោយ។ ដូច្នេះ អ្វីដែល​គេ​ត្រូវ​ដោះស្រាយ​គឺ​ការជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីតាំង​ថ្មី​ដោយ​ធានាបាន​នូវ​ការគោរព​សិទ្ធិ​យ៉ាង​ពេញលេញ​ដល់​ពួកគេ។ បញ្ហា​បែបនេះ​មិនមែនជា​រឿង​ថ្មីថ្មោង​ទេ​សម្រាប់​ពិភពលោក​យើង​នេះ។ ដូច្នេះ កម្ពុជា​គួរតែ​រៀនសូត្រ​បទពិសោធ​ពី​បណ្តា​ប្រទេស​នានា​អំពី​គោលនយោបាយ​អភិវឌ្ឍ​នេះ។

ម្យ៉ាងទៀត កម្ពុជា​ខ្លួនឯង​ក៏​ធ្លាប់មាន​បទពិសោធ​ច្រើន​ដែរ​ក្នុងការ​ដោះស្រាយ​បញ្ហា។ជាក់ស្តែង នយោបាយ«ឈ្នះ​ឈ្នះ» របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានបញ្ចប់​ទាំងស្រុង​អង្គការ​ចាត់តាំង​ខ្មែរក្រហម ដោយ​នាំមក​នូវ​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​តាមរយៈ​ការចរចា គឺជា​ទស្សនវិជ្ជា​ដ៏​មានតម្លៃ​មួយ​ដែល​រដ្ឋាភិបាល​តែងតែ​លើកសរសើរ​មិន​ដាច់​ពី​មាត់។ ក្នុងន័យនេះ ការដោះស្រាយ​បញ្ហា​នៅ​កណ្តាល​ទីក្រុង​ដើម្បី​ការអភិវឌ្ឍ ត្រូវគេ​មើលឃើញថា ពិតជា​មិន​ពិបាក​ជាង​ការនាំ​ពួក​ទ័ពព្រៃ​ខ្មែរក្រហម​ឲ្យ​ដាក់អាវុធ​ហើយ​វិលត្រឡប់​ចូល​ស្រុក​វិញ​នោះឡើយ។ ប៉ុន្តែ តើ​ហេតុអ្វី​បានជា​គេ​មិនអាច​ចៀសវាង​បាន​នូវ​ការបណ្តេញចេញ​ដោយ​បង្ខំ? នេះ​ជា​សំណួរ​ដែល​ត្រូវតែ​រក​ចម្លើយ​ឲ្យ​ឃើញ។

ដូច្នេះ អំណឹះតទៅ ត្រូវតែមាន​ដំណោះស្រាយ​សមស្រប​ចំពោះ​ការផ្លាស់ប្តូរ​ទីលំនៅ​របស់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ការអភិវឌ្ឍ។ ការ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​នេះ​បន្ត​កើតមាន​គឺជា​រឿង​ធ្ងន់ធ្ងរ​មួយ​សម្រាប់​សង្គម​កម្ពុជា។ ធ្ងន់ធ្ងរ​ទី១ គឺ ការអភិវឌ្ឍ​បានធ្វើ​ឲ្យ​មនុស្ស​មួយក្រុម​ទទួលផល រីឯ​មួយក្រុម​ទៀត​ធ្លាក់ខ្លួន​ដើរ​ថយ​ក្រោយពី១០ទៅ២០ឆ្នាំ។ ធ្ងន់ធ្ងរ​ទី២គឺ រូបភាព​អំពើហិង្សា​បាន​ជះឥទ្ធិពល​អាក​ក្រ់​ខ្លាំងណាស់​ដល់​រដ្ឋាភិបាល និង​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​នៅលើ​ឆាក​អន្តរជាតិ។ ធ្ងន់ធ្ងរ​ទី៣ គឺ​សម្ពាធ​ផ្លូវចិត្ត​ទៅលើ​ជនរងគ្រោះ ក៏ដូចជា​ទៅលើ​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ដែរ​ពីព្រោះថា​ក្នុងសម័យ​នេះ​ទៅហើយ គ្មាន​អ្នកណា​ស្រមៃ​ចង់ឃើញ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​សង្វេគ​បែបនេះ​ទៀត​នោះឡើយ។

ដំណោះស្រាយ​ល្អ​បំផុត​ដែល​គេ​បាន​មើលឃើញ​គឺ​ការផ្តល់​សំណង​ដ៏​សមរម្យ​មួយ​ចំពោះ​អ្នក​ចាកចេញ។ ប្រសិនបើ​រដ្ឋ​ត្រូវ​ផ្តល់​ទីតាំង​ថ្មី រដ្ឋ​ត្រូវតែ​រៀបចំ​ទីតាំង​នោះ​ឲ្យ​រួចរាល់​ជាមុន,ដូចជា​ការសង់​ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត មាន សាលារៀន មន្ទីរពេទ្យ និង​បណ្តាញទឹក​ភ្លើង​ជាដើម។ អ្វីដែល​សំខាន់​នោះ​គឺ ការផ្លាស់ប្តូរ​ទីលំនៅ​ក្នុងន័យ​អភិវឌ្ឍន៍​មិនត្រូវ​ធ្វើ​ឲ្យ​ជីវភាព​របស់​អ្នកទទួល​ផលប៉ះពាល់​ដើរ​ថយក្រោយ​ឡើយ។ នេះ​ជាគោលការណ៍​ដែល​ត្រូវតែ​គោរព និង​ជា​អ្វីដែល​គេ​អាច​ធ្វើបាន​នៅក្នុង​យុគសម័យ​អភិវឌ្ឍ​ជាពិសេស​នៅក្នុង​ក្របខណ្ឌ​នៃ​នយោបាយ«ឈ្នះ​ឈ្នះ»របស់​រដ្ឋាភិបាល។

ដំណោះស្រាយ​ផ្ទុយ​ពីនេះ មិន​ឆ្លុះបញ្ចាំង​ពី​ភាពឈ្លាសវៃ ពី​ការគោរព​សិទ្ធិមនុស្ស និង​គោលការណ៍​ប្រជា​ធិ​បេ​តយ្យ​ឡើយ ហើយ​គ្រប់គ្នា​ពិតជា​ពិបាក​នឹង​ទទួលយក។ សូម​ចងចាំ​ថា ក្នុង​សម័យនេះ​ទៅហើយ មិនគួរ​មាន​មនុស្ស​ដែល​រងគ្រោះ​ព្រោះ​ការដកហូត​លំនៅដ្ឋាន​ឡើយ​ទោះជា​ក្នុង​លក្ខ​ណ្ឌ​ណាក៏ដោយ។ នេះ​ជា​សិទ្ធិ​មូលដ្ឋាន​មួយ​ដែល​គួរ​ត្រូវបាន​ធានា​ជាដាច់ខាត៕




© រក្សាសិទ្ធិដោយ thmeythmey.com