ជាតិ
​​​ន​យោ​បាយ​ជាតិ​
បើ​ស្ត្រី​ដឹកនាំ​ប្រទេស​អាច​កាត់បន្ថយ​អំពើពុករលួយ​បាន​ច្រើន
11, Dec 2014 , 8:30 am        
រូបភាព
ដោយ:

ពិភពលោក​កំពុងធ្វើការ​ងារ​យ៉ាងសកម្ម ដើម្បី​បោសសម្អាត​អំពើពុករលួយ។ អំពើពុករលួយ គឺជា​មហា​ឧបសគ្គ ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ។ និន្នាការ​ថ្មី​មួយ​យល់ថា ប្រសិនបើ​នៅលើ​ពិភពលោក មាន​ស្ត្រី​ជា​អ្នកដឹកនាំ​ច្រើន អំពើពុករលួយ ទំនងជា​អាច​កាត់បន្ថយ​បាន​ច្រើនជាង​បុរស ។ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​យល់ស្រប​ខ្លះ​នឹង​និន្នាការ​ថ្មី​នេះ តែ​វា​មិនមែន​ត្រូវ​ទាំងស្រុង​នោះទេ។
សូម​ស្តា​ប់លោក ជា ធី​រិ​ទ្ធ



អំពើពុករលួយ ប្រៀបដូចជា​ជំងឺអេដស៍ ហើយ​ប្រសិនបើ​ជំងឺ​នេះ ឆ្លង​ចូល​ក្នង​ប្រទេស​ណាមួយ​ហើយ វាយ​នឹង​ប​ផ្លាញ់​គ្រប់​ប្រព័ន្ធ​នៃ​ការដឹកនាំ​នៃ​ប្រទេស​នោះ ពោលគឺ​មិនអាច​រីកចម្រើន​បានឡើយ ។ នេះ​ជា​មហន្តរាយ​នៃ​អំពើពុករលួយ ដែល​កំពុង​បរិយាយ​ដោយ​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា។ សកម្មជន​ប្រឆាំងនឹង​អំពើពុករលួយ​រូបនេះ បញ្ជាក់ថា បើ​អំពើពុករលួយ​នេះ កើតមាន​ក្នុង​រដ្ឋ​ណាមួយ​ហើយ រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ត្រូវតែមាន​វិធានការ​ទប់ស្កាត់ និង​កម្ចាត់​ចោល​ជាបន្ទាន់ បើ​ចង់​ឲ្យ​ប្រទេសជាតិ​រីកចម្រើន។ វិធានការ​ទាំងនោះ​អាចធ្វើ​បាន លុះត្រាតែ​មេដឹកនាំ​នៃ​ប្រទេស​ដែលមាន​អំពើពុករលួយ​កើតឡើង មាន​ចេតនា​ពិតប្រាកដ​ក្នុងការ​បោសសម្អាត​អំពើពុករលួយ។

ទាក់ទង​នឹង​មេដឹកនាំ​នេះ អ្នកស្រាវជ្រាវ​មួយចំនួន បាន​យល់ឃើញថា ប្រសិនបើ​ពិភពលោក ឬ​ប្រទេសនីមួយៗ មាន​មេដឹកនាំ​ជា​ស្ត្រី​ច្រើន អំពើពុករលួយ​ទំនង​ជាង​អាច​កាត់បន្ថយ​បាន​គ្រាន់បើ​ជាង​បុរស​ជា​មេដឹកនាំ។ ពីព្រោះ តែ​ស្ត្រី ជា​មនុស្ស​ដែលមាន​ទឹកចិត្ត​ស​ន្តុះ​ប្រណី​ច្រើន និង​ភ័យខ្លាច មិន​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ដូចជា​បុរស​ឡើយ។ ម្យ៉ាងទៀត ស្ត្រី​ដែល​តស៊ូ​បាន​ក្លាយជា​មេដឹកនាំ ភាគច្រើន គឺជា​ស្ត្រី​ដែលមាន​សមត្ថភាព និង​ជាម​នុស្ស​លះបង់​ខ្ពស់ ។

ចំពោះ​ទស្សនៈ​ខាងលើ​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​យល់ស្រប​ខ្លះ​ដែរ ពីព្រោះថា ស្ត្រី​ជាម​នុស្ស​ដែលមាន​មេត្តា​ច្រើនជាង​បុរស។ តែ​យ៉ាងណាក៏ដោយ ទស្សនៈ​នេះ លោក ព្រាប​កុល អះអាងថា វា​មិនមែនជា​កត្តា​ស្វ័យប្រវត្តិ​សម្រាប់​មេដឹកនាំ​ជា​ស្ត្រី​ទូទៅ​ឡើយ​គឺ​វា​អាស្រ័យទៅលើ​បុគ្គល និង​តាម​របប​ដឹកនាំ​នៃ​ប្រទេសនីមួយៗតែប៉ុណ្ណោះ ។ ហើយ​បើ​និយាយ​សម្រាប់​បរិបទ​កម្ពុជា​វិញ ទំនងជា​មិនសូវ​ត្រូវ​នោះទេ  ពីព្រោះថា កន្លងមក​នៅ​កម្ពុជា ស្ត្រី​ត្រូវគេ​មើលឃើញថា គឺជា​អ្នក​ចូលរួមចំណែក និង​ជំរុញ​ឲ្យ​មាន​អំពើពុករលួយ នៅពេលដែល​ប្តី​របស់ខ្លួន​បម្រើការ​ងា​រ​នៅក្នុង​ស្ថាប័នរដ្ឋ។ នេះ​ជាការ​បញ្ជាក់​របស់លោក ព្រាប កុល ៕



© រក្សាសិទ្ធិដោយ thmeythmey.com