ជាតិ
សេដ្ឋកិច្ច
ADB មានហិរញ្ញប្បទាន ១៦ពាន់លានដុល្លារក្នុងមហាអនុតំបន់មេគង្គ
×
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រមូលហិរញ្ញប្បទាន ១៦ពាន់លានដុល្លារអាមេរិក សម្រាប់ការវិនិយោគគម្រោងហេដ្ឋារចនាសម្ព័ន្ធជាង ៧០ ក្នុងប្រទេសមហាអនុតំបន់មេគង្គ។ គម្រោងនេះមានការចូលរួមពីប្រទេសចំនួន ៦ ក្នុងអនុតំបន់មេគង្គ ដោយមាន ADB ជា លេខាធិការដ្ឋាន។
កម្មវិធីនេះបានប្រមូលហិរញ្ញប្បទាន ១៦ ពាន់លានដុល្លារ សម្រាប់ការវិនិយោគហេដ្ឋារចនា សម្ព័ន្ធជាង ៧០ គម្រោង ដោយមានការចូលរួមពីប្រទេសចំនួន ៦ គឺ ប្រទេសចិន កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ានម៉ា។
បើតាមសេចក្តីប្រកាសព័ត៌មាន ធនាគារអភិវឌ្ឍន៍អាស៊ី បានប្ដេជ្ញាកាត់បន្ថយភាពក្រីក្រនៅ អាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចដើម្បីទាំងអស់គ្នា ដែលកំណើននេះនឹង ធានានិរន្ដរភាពបរិស្ថាន និងសមាហរណកម្មតំបន់។
កិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចរបស់មហាអនុតំបន់មេគង្គនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩២ ក្នុងគោលដៅជម្រុញលើកកម្ពស់កិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច និងវិបុលភាពរួមគ្នា តាមរយៈ ការកែលំអហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ផកម្ម និងទេសចរណ៍ឆ្លងដែន។ ជាងនេះទៀត គឺ ការបង្កើនការចូលរួមរបស់វិស័យឯកជន ការអភិវឌ្ឍធនធានមនុស្ស និងការប្រើប្រាស់ ធនធានធម្មជាតិរួមប្រកបដោយនិរន្ដរភាព។
ធនាគារ ADB បានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៦៦ ។ ធនាគារនេះជាកម្មសិទ្ធិរបស់សមាជិក ចំនួន ៦៧ ប្រទេស ក្នុងនោះរួមមាន ៤៨ ប្រទេស មកពីតំបន់នេះ។
នៅក្នុងឆ្នាំ ២០១៣ ជំនួយដែលផ្តល់ដោយធនាគារអភិវឌ្ឍន៍អាស៊ីសរុបមានចំនួន ២១ ពាន់លានដុល្លារអាមេរិក បូករួមទាំងសហប្រទានចំនួន ៦,៦ ពាន់លានដុល្លារអាមេរិកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com