ជាតិ
​​​ន​យោ​បាយ​ជាតិ​
EU ជំរុញវប្ប​ធម៌​សន្ទនា​នៅ​កម្ពុជា
11, Dec 2014 , 9:13 am        
រូបភាព
លោក Jean-françois CAUTAIN ប្រតិភូ​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា
លោក Jean-françois CAUTAIN ប្រតិភូ​សហភាព​អឺរ៉ុបប្រចាំ​កម្ពុជា
នៅក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បានរៀបចំ​វេទិកា​វាគ្មិន នៅក្នុង​បរិវេណ​និវេសនដ្ឋាន​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប។ មនុស្ស​ប្រមាណ១៥០នាក់ ត្រូវបាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នេះ ដែល​រួមមាន សមាជិក​សហភាព​អឺរ៉ុប មន្ត្រី​រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន អង្គការក្រៅរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ ទីភ្នាក់ងារ​អង្គការ សហប្រជាជាតិ  និង​សិស្ស និស្សិត​ជាដើម។


វេទិការ​នេះ​រៀបចំឡើង មិនមែន​ត្រឹមតែ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​ផ្តល់ឱកាស​ដល់​សាធារណៈជន ធុរៈជន មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​លើ​បញ្ហា​នានា​ដែល​ទាក់ទង​នឹង​សិទ្ធិមនុស្ស​នៅ​អឺរ៉ុប អាស៊ាន និង​កម្ពុជា។ ជាពិសេស គឺ​លើកទឹកចិត្ត​ដល់​វប្បធម៌​សន្ទនា​គ្នា​នៅក្នុង​សង្គម​កម្ពុជា ស្តីពី​បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​ពាក់ព័ន្ធ​ដទៃទៀត។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី១០ធ្នូ​នោះ លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ កូ​តាំង ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា៖« ការការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក គឺជា​គុណ​តម្លៃ​ស្នូល​របស់​សហភាព​អឺរ៉ុប រួម​ជាមួយនឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ផងដែរ»។ លោក សង្ឃឹមថា​ដៃគូ​សហភាព​អឺរ៉ុប​ទាំងអស់ ព្រមទាំង​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន និង​អនាគត​របស់​ប្រទេស​កម្ពុជា ក៏មាន​ទស្សនៈ​ដូចគ្នានេះដែរ។ សម្រាប់​លោក​ឯកអគ្គរ​ដ្ឋ​ទូត សន្តិភាព ការអភិវឌ្ឍន៍ កំណើនសេដ្ឋកិច្ច និង​វិបុលភាព​ប្រកបដោយ​និរន្តរភាព​មិនអាច​កើតឡើង​ឡើយ ប្រសិនបើ​គ្មាន​ការគោរព​សិទ្ធិមនុស្ស។

នេះ​ជា​លើក​ទី២ហើយ ដែល​ប្រតិភូ​សហភាព​អឺរ៉ុប បានរៀបចំ​វេទិកា​នេះ​ឡើង ដោយ​យក​លំនាំ​គំរូ​តាម​វេទិកា​វាគ្មិន នៅ Hyde Park ចក្រភព​អង់គ្លេស។ នៅ​ឆ្នាំនេះ វេទិកា​វាគ្មិន បាន​ផ្តោតលើ​ប្រធានបទ​ពិភាក្សា​ចំនួន៥ ដែល​ឈរលើ​គោលការណ៍​គោរព​សិទ្ធិមនុស្ស រួមមាន​កំណែទម្រង់​កា​របោះ​ឆ្នោត បរិស្ថាន ការងារ ចំណាកស្រុក និង​បណ្តាញ​ព័ត៌មាន​សង្គម៕



© រក្សាសិទ្ធិដោយ thmeythmey.com