ជាតិ
បទវិភាគ
«លឺ​ភ្លេង​ការ ចង់​រៀបការ​ដែរ តែ…»
04, Nov 2017 , 3:19 pm        
រូបភាព
ភ្នំពេញ៖ ការសម្រេចចិត្ត​ចូល​រោងការ​របស់​យុវជន​សម័យ​សតវត្ស​រ៍​ទី២១នេះ ត្រូវបាន​ពន្យា​ពេលវេលា​យូរ​ជាង​កាលពី​សម័យមុន។ កាលពីមុន យុវជន យុវនារី  ជាពិសេស នៅ​ជនបទ ចូល​រោងការ​ភាគច្រើន​នៅក្រោម​អាយុ២០ឆ្នាំ។ តែ​ក្រោយមក ដោយសារតែ​ការវិវត្តន៍​នៃ​សង្គម ការរៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង​ពេក​ត្រូវបាន​ផ្លាស់ប្តូរ? តើ​អ្វីខ្លះ​ដែលជា​ដើមចម​ជំរុញអោយមាន​ការផ្លាស់​ប្តូរ​នេះ?



សង្គម​មាន​ការវិវត្ត​ន៍។ ដូច្នេះ របៀប​រស់នៅ ឬ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី​មួយចំនួន​ក៏មាន​ការផ្លាស់ប្តូ​រដែរ។

ទាក់ទង​ទៅនឹង​សំណួរ​សួ​ថា តើ​ហេតុអ្វី​បានជា​យុវជន យុវនារី សម័យ​បច្ចុប្បន្ននេះ ពន្យា​ពេលវេលា​ចូល​រោងការ​នោះ? មាន​ហេតុផល​មួយចំនួន​ត្រូវបាន​លើកឡើង​ដោយ​យុវជន​ផ្ទាល់​ខ្លួនឯង និង​ម្យ៉ាងទៀត ដោយសារ​កត្តា​សង្គម​ចាប់បង្ខំ។

ចំណុច ទី១ គឺ​ដោយសារ​យុវជន យុវនារី មួយចំនួន​សម្រេចចិត្ត​ចង់​បន្ត​ការសិក្សារ​អោយបាន​ខ្ពស់ជាង​មុន។
ទី២ គឺ​ដោយសារ ពួកគេ ចង់​រស់នៅ និង​សាកល្បង​ស្គាល់គ្នា​អោយ​បានយូរ​បន្តិច មុននឹង​រៀបការ។
ទី​៣ គឺ​ដោយសារ យុវជន យុវនារី បច្ចុប្បន្ន ទទួលបាន​សេរីភាព​ពេញលេញ​ក្នុង​ស្នេហា (អាច​ផ្លាស់ប្តូរ​ដៃគូ​ស្នេហ៍​បាន​ច្រើន)។ សេរីភាព​ពេញលេញ​ក្នុង​ស្នេហា​នេះ ជំរុញ​អោយ​ពួកគេ​មិន​ចង់​រៀបការ​នៅ​វ័យក្មេង​ពេក​ទេ។
ទី៤ គឺ​ដោយសារ ពួកគេ​ប្រាថ្នា​ចង់រក​ថវិកា​ដោយ​ខ្លួនឯង​ដើម្បី​រៀប​អាពាហ៍ពិពាហ៍។
និង​ទី៥ គឺ​ដោយសារ​កត្តា​សង្គម​ចាប់បង្ខំ មានន័យថា  យុវជន​ខ្លះ ចង់​រៀបការ​នៅ​វ័យក្មេង​ដូច​កាលពី​សង្គមចាស់​ដែរ តែដោយសារ​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ជា​បណ្ណាការ(ថ្លៃ​ទឹកដោះ) ជូន​គ្រួសារ​ខាង​ស្រី។ បណ្ណាការ (ថ្លៃទឹកដោះ) នៅតាម​បណ្តា​ខេត្ត​អាច​ចាប់ផ្តើម​ពី​ជាង១ពាន់​ដុល្លារ​ដល់១ម៉ឺន​ដុល្លារ​អាមេរិក​អាស្រ័យទៅលើ​ជីវភាព​នៃ​គ្រួសារ​ខាង​ស្រី។ នៅ​ទីក្រុង​ភ្នំពេញ​វិញ ថ្លៃទឹកដោះ អាច​ប្រែប្រួល​ពី៥ពាន់​ទៅ៥ម៉ឺន​ដុល្លារ​អាមេរិក​អាស្រ័យទៅលើ​ជីវភាព​គ្រួសារ​ខាង​ស្រី។

ដោយសារតែ​ថ្លៃ​បណ្ណាការ​មាន​កម្រិត​ខ្ពស់​គួរសម ប្រៀបធៀប​ទៅនឹង​ប្រាក់ខែ​របស់​យុវជន​សម័យ​បច្ចុប្បន្ននេះ (ប្រាក់ខែ​ជា​មធ្យម​របស់​យុវជន​គឺ៣០០ដុល្លារ​អាមេរិក)។ ដូច្នេះ ការរៀប​ការ​របស់​យុវជន យុវនារី ត្រូវតែ​ពន្យា​ពេល។

តើ​មូល​ហេតុអ្វី​បានជា​ថ្លៃ​បណ្ណាការ​ហាក់បីដូច​ឡើង​ថ្លៃ​ជាង​មុន?
ឪពុកម្តាយ​ខាង​ស្រី​មិន​ចង់​ទាមទារ​ថ្លៃទឹកដោះ​ច្រើន​នោះទេ។ ប៉ុន្តែ អ្វីៗឡើងថ្លៃ​ទាំងអស់។ ហាង​ក៏​ថ្លៃ ម្ហូបអាហារ​ក៏​ថ្លៃ សម្អាងការ-ភ្លេង​ការ ឡើងថ្លៃ​ទាំងអស់។ សរុបសេចក្តី​មកវិញ ទាំង​ទំនិញ ទាំង​សេវាកម្ម ឡើងថ្លៃ​កប់​ពពក។

ដោយសារតែ​ប្រាក់ចំណូល​របស់​យុវជន និង​យុវនារី នៅមានកម្រិត ហើយ​ដើម្បី​ចៀសវាង​កុំអោយ​ស្នេហា​របស់​ពួកគេ​ត្រូវបាន​ពន្យា​ពេល​ច្រើន​ឆ្នាំ ឬ​ត្រូវបាន​កាត់ផ្តាច់​ដោយសារ​បញ្ហា​ហិរញ្ញវត្ថុ​នោះ ដំណោះស្រាយ​មួយ​សមរម្យ​ដែល​គួរ​ពិចារណា​គឺថា អាណាព្យាបាល​ខាង​ស្រី និង​ខាង​ប្រុស គួរតែ​ចេញថ្លៃ​បណ្ណាការ​ស្មើគ្នា​ដើម្បី​រៀបការ​ជូន​កូនប្រុស​ស្រី​របស់ខ្លួន៕ 


© រក្សាសិទ្ធិដោយ thmeythmey.com