ជាតិ
ពិភពតារា៖ សួន លីនដា ល្បីមានអ្នកឧបត្ថម្ភ
× ភ្នំពេញ៖ ថ្មីៗនេះមានព័ត៌មានលេចឮថា តារាចម្រៀងដែលចូលចិត្តអួតសម្រស់ធម្មជាតិជាងការកែសម្ផស្សនាង សួន លីនដា កំពុងត្រូវប៉ាន់ដោយសារមានហ្វូងកន្លង់មិនតិចឡើយតាមហើរឆ្វែលកុលាបរូបនេះចង់បាននាងថ្នាក់ថ្នមធ្វើជាម្ចាស់បេះដូងហើយចុងក្រោយនេះលេចធ្លាយថា មានអ្នកស្ម័គ្រចិត្តឧបត្ថម្ភនាងមិនឲ្យលំបាកឡើយ។
ម្ចាស់បទ «មានសង្សារជាព្រាននារី» សួន លីនដា ដែលធ្វើឲ្យទស្សនិកជនស្គាល់នាងកាន់តែច្រើនក្រោយតារារូបនេះបានផ្លាស់ពីផលិតកម្មស្វាងតារាមកផលិតកម្មសាន់ដេនោះ នៅពេលថ្មីៗចុងក្រោយនេះ សួន លីនដា ក៏ហាក់មានសន្ទុះខ្លាំងឡើងជាងមុនទ្វេឡើងពិសេសតាមរយៈបទថ្មីៗរបស់នាង ។
តាមរយៈទឹកដមសំនៀងនិងការចាប់ផ្តើមលេងស្ទីលថ្មីប្លែកៗនោះធ្វើឲ្យទស្សនិកជនមួយចំនួនពិបាកវាយតម្លៃថា សួនលីនដា អាចនឹងក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃមួយគ្រាប់នៅផលិតកម្មសាន់ដេ ខណៈដែលវត្តមានរបស់នាងនៅសាន់ដេទើបតែបានជិត២ឆ្នាំសោះ តែប្រជាប្រិយភាពរបស់នាងបានស្ទុះឡើងស្របាលគ្នានឹងនាង អ៊ីវ៉ា ទៅហើយ។
ស្របគ្នានឹងការឡើងកូដចំពោះការងារនៅផលិតកម្ម ដោយឡែករឿងរ៉ាវស្នេហាវិញ ប្រភពនៅក្នុងសិល្បៈក៏បានឲ្យដឹងផងដែរថា សួន លីនដា ក៏កំពុងមានហ្វូងកន្លង់មិនតិចតាមសុំស្នេហ៍នោះដែរ រហូតប្រភពមួយបានបង្ហើបឲ្យដឹងថា មានបុរសខ្លះហ៊ានដាក់ទុនទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារទៀតផងឲ្យតែនាងព្រមទទួលយកស្នេហារបស់គេដាក់ក្នុងបេះដូងនោះ។
ប៉ុន្តែនៅពេលនិយាយដល់រឿងរ៉ាវស្នេហានេះ តារាចម្រៀងចំណូលថ្មីរបស់សាន់ដេវ័យ២៣ឆ្នាំនាង សួន លីនដា បានបញ្ចេញស្នាមញញឹមរួចបានឲ្យដឹងថា សម្រាប់រូបនាងផ្ទាល់នាងមិនទាន់បានត្រៀមចិត្តទទួលយកស្នេហារបស់បុរសណាម្នាក់ឡើយ អ្វីដែលនាងគិតនាពេលនេះ គឺជាការងារសិល្បៈដែលកំពុងហុចផលឲ្យនាង។ ស្របគ្នានោះ នាងបានបញ្ជាក់ថា នៅពេលនេះ បេះដូងរបស់នាងគឺនៅទំនេរស្អាតមិនមានប្រឡូកប្រឡាក់ដោយឥទ្ធិពលទឹកប្រាក់របស់បុរសណាម្នាក់នោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com