ជាតិ
សង្គមជាតិ
ពលរដ្ឋ​​មិន​សប្បាយចិត្ត ចំពោះ​​​​ផ្លូវ​កំពង់​ក្របៅ ដែលកាន់តែទ្រុឌទ្រោម​
11, Dec 2014 , 10:31 am        
រូបភាព
ដោយ:
កំពង់ធំ៖ ផ្លូវ​មួយ​ខ្សែ​លាតសន្ធឹង​តាម​បណ្តោយ​មាត់​ស្ទឹងសែន ដែល​អ្នកស្រុក​ស្គាល់​គ្រប់គ្នា​ថា ផ្លូវ​កំពង់ក្របៅ ស្ថិតក្នុង​ភូមិ​កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ កំពុង​រង​ការខូចខាត​ជា​ដំណំ បន្ទាប់ពី​ទឹកជំនន់​តាំងពី​ឆ្នាំ២០១០ ។


តាម​ការ​ឱ្យដឹងពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​វិថី​មួយ​នេះ ផ្លូវ​នេះ​បានធ្វើ​រួចរាល់​ហើយ និង​បាន​ដាក់ឱ្យ​ប្រជាជន​ប្រើប្រាស់​មុន​ឆ្នាំ២០១០ ដែល​កាលណោះ​វា​មាន​លក្ខណៈ​ល្អប្រសើរ​ណាស់។ ប៉ុន្តែ​អំឡុង​ឆ្នាំ២០១០ មាន​ទឹកជំនន់​ធំ ទឹក​ឡើង​លិច​ផ្លូវ​មួយ​ខ្សែ​នេះ​អស់ ហើយ​វា​ក៏ចាប់ផ្តើម​ខូចខាត​ធ្ងន់ធ្ងរ​ខ្លាំង​ពី​ពេល​នោះដែរ។ សព្វថ្ងៃ ផ្លូវ​នេះ កាន់តែ​យ៉ាប់យ៉ឺន​ទៅទៀត ដោយសារ​មាន​ឡាន​ដឹក​ដី​របស់​ក្រុមហ៊ុន​ឯក​មួយ ដែល​បានធ្វើអោយ​ស្ថានភាព​កាន់តែ​ទ្រុឌទ្រោម។

អ៊ំស្រី លី គឹម​ស្រ៊ាង អាយុ៥០ឆ្នាំ​ប្លាយ ជា​ប្រជាជន​រស់នៅ​តាម​មាត់​ផ្លូវ​កំពង់​ក្របៅ​នេះ​បាន​ប្រាប់ថា៖ «រឿង​ផ្លូវ​នេះ​វា​ខូច គឺ​វា​លំបាក​ហើយ តែ​យើង​មិនដឹង​ធ្វើ​ដូចម្តេច​នោះទេ។ ហើយ​ក្នុងនាមជា​ប្រជាពលរដ្ឋ​ម្នាក់ ខ្ញុំ​សំណូមពរ​ឱ្យធ្វើ​ផ្លូវ​មួយ​នេះ​ឱ្យ​ស្អា​តទៅ នោះ​ស្ថានភាព​ក៏​វា​ល្អប្រសើរ​ជាង​ពេលមាន​ជង្ហុក​បែបនេះ​ដែ​រ»។

ផ្លូវ​នេះ​អាជ្ញាធរ​ក៏​ធ្លាប់​ជួសជុល​ដែរ តែ​ធ្វើ​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ។ ហើយ​នាពេលថ្មីៗនេះ​ក៏​គេ​ជួសជុល​ដែរ ត្រង់​កន្លែង​ណា​ដែល​ខូច​ខ្លាំង តែ​វា​មិនបាន​ទាំងស្រុង​នៅឡើយ។

ចំណែក​លោកពូ សឿ អាយុ៤០ឆ្នាំ អ្នក​ប្រកបរ​បរជា​អ្នករត់ម៉ូតូឌុប បាន​រៀបរាប់​ឱ្យដឹងថា ផ្លូវ​នេះ​ទទួលរង​ការខូចខាត​ជាង៣ឆ្នាំ​ហើយ តាំងពី​ទឹកធំ​ម្តង​មក។ អ្នករត់ម៉ូតូឌុប ដែល​តែងតែ​បើកបរ​លើ​បណ្តោយ​ផ្លូវ​នេះ បាន​រអ៊ូរទាំ​ថា គាត់​ពិបាក​បើកបរ​ដឹក​ភ្ញៀវ​នៅលើ​ផ្លូវ​នេះ​ណាស់។ គាត់​ក៏​ប្រាប់​បន្ថែមថា ផ្លូវ​នេះ​វា​ខូច​ខ្លាំង​ដោយ​ឡាន​ដឹក​ដី​របស់​ក្រុមហ៊ុន​ឯកជន​មួយ ហើយ​នៅ​ខែវស្សា​វិញ កង់ឡាន​វា​ជាប់​ដី ហើយ​វា​ធ្វើឱ្យ​ប្រឡាក់​ជាប់​ថ្នល់​ជា​ដីដុំៗ ។ លោក សឿ បញ្ជាក់​យ៉ាង​ដូច្នេះ៖«ពេល​ភ្លៀង​មក គឺ​រអិល បើ​ជិះ​ម៉ូតូ​មិន​ស្រួល អាច​ដួល​ម៉ូតូ ធ្វើឱ្យមាន​គ្រោះថ្នាក់​មិន​ខាន។ ថ្មីៗនេះ​ក៏​ឃើញ​មាន​គេ​ជួសជុល​ដែរ​តែ​ធ្វើ​ដោយ​អន្លើ​ទេ។ ខ្ញុំ​ក៏​មិនដឹងថា អ្នក​ជួលជុល​នោះ គឺជា​រដ្ឋ ឬក៏​ឯកជន​ទេ​បើសិនជា​គេ​ឆាប់​ធ្វើ​ផ្លូវ​មួយ​ខ្សែ​នេះ​វា​ក៏​ល្អ​ម្យ៉ាងដែរ ព្រោះ​វា​នឹង​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​បានជា​ប្រយោជន៍​សាធារណៈ​ទូទៅ​ផងដែរ»។

ពាក់ព័ន្ធ​នឹង​ផ្លូវ​កំពង់​ក្របៅ​ដែល​កំពុង​រង​ការគំរាមកំហែង​នេះ លោក​ចៅសង្កាត់​កំពង់​ក្របៅ ចាន់ ប៊ុន បាន​ពន្យល់ថា ផ្លូវ​នេះ​បើ​គិតពី​គល់ស្ពាន​ទៅដល់​ចុង​ភូមិ មាន​ប្រវែង​ប្រមាណ​ជា១៨០០ម៉ែត្រ ហើយផ្លូវ​នេះដែរ បាន​ខូចខាត​ក្នុងកំឡុងពេល​មាន​ព្យុះ​កេ​ត​សា​ណា។ អ៊ីចឹង​ការជួលជុល​ផ្លូវ​នេះ ក៏ត្រូវ​ទទួលបាន​លុយ​ពី​គម្រោង​កេ​ត​សា​ណា​មក​ជួសជុល​ដែរ។ ប៉ុន្តែ​ការជួសជុល​នោះ​ត្រូវបាន​អនុវត្ត​តែ​បន្តិច​ប៉ុណ្ណោះ។

លោក​ចៅសង្កាត់​បាន​ប្រាប់​អោយដឹងថា លោក​បានដាក់​ស្នើ​គម្រោង​ឆ្នាំ២០១៥ទៅ​មន្ទីរ​សាធារណការ​ខេត្តហើយ ប៉ុន្តែ​លោក​នៅ​មិនទាន់​ទទួលបាន​ចម្លើយ​នៅឡើយ​ទេ។ លោក​ចៅសង្កាត់ បានទទួល​ស្គា​ល់ពី​ការមិនសប្បាយចិត្ត​ពី​ពលរដ្ឋ ដែល​មិនដឹងថា​ផ្លូវ​នេះ​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​មន្ទីរ​សាធារណការ ហើយ​បាន​រអ៊ូរទាំ​ដាក់​ដ្នា​ក់​ដឹកនាំ​សង្កាត់៕



© រក្សាសិទ្ធិដោយ thmeythmey.com