ជាតិ
សង្គមជាតិ
សង្កេតការណ៍ចង់អោយក្រសួងអប់រំ និងACU បន្តពង្រឹងវិន័យពេលប្រឡងបាក់ឌុប
× អង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំពិធីបូកសរុប និងផ្តល់បណ្ណសរសើរដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តប្រលងបាក់ឌុបលើកទី២ និងអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ ឆ្នាំ២០១៤ក្រោមប្រធានបទ៖«តូនាទីដ៏វិសេសវិសាលនៃអ្នកសារព័ត៌មានក្នុងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ» ។ កម្មវិធីនេះបានរៀបចំនៅ វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
កម្មវិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាពលោក ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកស៊ាន បូរ៉ាត អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ។
នៅក្នុងពិធីនោះ មានការបូកសរុបលទ្ធផលនៃការងារប្រឆាំងអំពើពុករលួយ ពីធីប្រគល់លិខិតសរសើរ និងលិខិតថ្លែងអំណរគុណដល់តំណាងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនូន២៨រូប របាំប្រពៃណី ការសម្តែងរឿងអប់រំខ្លី ការប្រគំតន្ត្រី ជាដើម។
លើសពីនេះទៅទៀតនោះក៏មានចំណាប់អារម្មណ៍ពីអ្នកសង្កេតការណ៍ស្ម័គ្រចិត្តប្រលងបាក់ឌុបលើកទី២ផងដែរ។ លោក ភិន យុទ្ធ អាយុ ២៣ឆ្នាំ ជានិស្សិតនៅសកលវិទ្យាល័យភ្នំពេញ ផ្នែកទស្សន:វិទ្យា បានមានប្រសាសន៍ថា លោកបានធ្វើជាអ្នកសង្កេតការនៅវិទ្យាល័យស្គន់ ខេត្ត កំពង់ចាម។ លោកមានការពេញចិត្តចំពោះការងារនេះណាស់។ លោកសង្កេតឃើញថា ការប្រលងក្នុងឆ្នាំនេះពិតជាមានភាពតឹងរ៉ឹងខ្លាំងណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏នៅមានសិស្សមួយចំនួននៅលួចមើលឯកសារ។ លោកសង្ឃឹមថា ក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយនៅតែបន្តការរឹតបន្តឹងនេះបន្ថែមទៀតដើម្បីគុណភាពនៃការអប់រំរបស់សិស្សានុសិស្សទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com