ជាតិ
កម្ពុជា​ទៅ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ​ប្រទេស​ជប៉ុន
12, Dec 2014 , 8:50 am        
រូបភាព
ដោយ:
រដ្ឋាភិបាល​ជប៉ុន​បាន​អញ្ជើញ​បុគ្គល​ចំនួន​ពីររូប ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត​នៅ​កម្ពុជា ដើម្បី​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​ជា​សកល​លើក​ទី៤៧ នៃ​ការជ្រើសរើស​តំណាងរាស្ត្រ​នៅ​ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤នេះ។ នេះ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​AKP។



ការអញ្ជើញ​បុគ្គល​ពីររូប របស់​រដ្ឋាភិបាល​ជប៉ុន​នេះ​ក្នុង​គោលបំណង​ផ្តល់ឱកាស​សម្រាប់​សង្កេត​ការណ៍​បោះឆ្នោត​នៅ​ប្រទេស​ជប៉ុន។ បុគ្គល​ពីររូប​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត​នៅ​កម្ពុជា ដែល​ស្នើ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នោះ នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃ១១-១៦ ខែធ្នូ​នេះ ដើម្បី​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត​ជា​សកល​លើក​ទី៤៧ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី១៤ ខែធ្នូ​ខាងមុខនេះ។

ក្នុងអំឡុង​ពេលធ្វើ​ទស្សនកិច្ច​នេះ អ្នក​ដែល​ទទួលបាន​ការអញ្ជើញ​ទាំងអស់​គ្រោង​នឹង​សង្កេតមើល​យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ដំណើរការ​បោះឆ្នោត​នៅតាម​ការិយាល័យ​ឆោះ​ឆ្នោត និង​ទទួល​ការពន្យល់ត្រួសៗពី​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​បាឋកថា​ពី​ក្រុម​បញ្ញវន្ត​ជប៉ុន​ដែលមាន​ចំណេះដឹង​លើ​ការងារ​បោះឆ្នោត​ទាំងនោះ។

ការអញ្ជើញ​នេះ ជា​ផ្នែក​មួយ​នៃ​ជំនួយ​របស់​ប្រទេស​ជប៉ុន​លើ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា បន្ត​ពី​ក្រុម​សិក្សា​ស្រាវជ្រាវ​ដែល​ត្រូវបាន​បញ្ជូនមក​កម្ពុជា​កាលពី​ខែឧសភា ឆ្នាំ២០១៤ ហើយ​លទ្ធផល​ដែល​ការស្រាវជ្រាវ​នេះ​ត្រូវបាន​តាមដាន​បន្ត​ដោយ​ក្រុម​មួយទៀត​នៅក្នុង​ខែតុលា ឆ្នាំ​ដដែល​នេះ។ ការបញ្ជូន​ក្រុម​សិក្សា​ស្រាវជ្រាវ​នេះ​ឆ្លើយតប​នឹង​ការស្នើសុំ​ពី នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមក៕


© រក្សាសិទ្ធិដោយ thmeythmey.com