ជាតិ
សង្គមជាតិ
ស្លាប់៥នាក់​របួស៤៤នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​កាលពី​ម្សិលមិញ
12, Dec 2014 , 10:57 am        
រូបភាព
ដោយ: ថ្មីៗ

គិត​ត្រឹម​ម៉ោង២រសៀល​ថ្ងៃទី១១ខែធ្នូ​ឆ្នាំ២០១៤ មាន​មនុស្ស៥នាក់​បាន​ស្លាប់ និង៤៤នាក់​របួសធ្ងន់​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១៧លើក​នៅ​ទូទាំងប្រទេស​កម្ពុជា។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​នៅក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ។



ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទាំង១៧លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន២៩គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន២១គ្រឿង រថយន្ត​ធុន​ធំ០៧គ្រឿង រថយន្ត​ធុន​តូច០៧គ្រឿង និង​អ្នក​ថ្មើរជើង០២នាក់។

មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ចំនួន០៨លើក មិន​គោរព​សិទ្ធិ០២លើក ប្រជែង​គ្រោះថ្នាក់០៣លើក បត់​គ្រោះថ្នាក់០៣លើក និង​ស្រវឹង០១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន៣៤នាក់។

ដោយឡែក​យានយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព​មាន​ចំនួន៨៦៧គ្រឿង រួមមាន​រថយន្ត​ទេសចរណ៍​គ្រួសារ៨៣គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច​ចំនួន៣៦០គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​តូច១៤១គ្រឿង រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធំ​ចំនួន១៤គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​ធំ២៦៩គ្រឿង៕





© រក្សាសិទ្ធិដោយ thmeythmey.com