ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
Selfie or not? បង្ហោះរូបខ្លួនឯង ឬអត់? មូលហេតុអ្វី?
× ភ្នំពេញ៖ ចាប់តាំងពីមានវត្តមានបណ្តាញសង្គមហ្វេប៊ុកនៅក្នុងប្រទេសកម្ពុជាមក ព័ត៌មានជាច្រើនត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គមមួយនេះ។ ជីវិតឯកជន ជីវិតនយោបាយ អត្ថាធិប្បាយលេងសើច អត្ថាធិប្បាយអប់រំ អត្ថាធិប្បាយបែបនយោបាយ ត្រូវបានគេដាក់នៅក្នុងបណ្តាញសង្គម។ រូបថតគ្រប់ប្រភេទ បែបហិង្សា កម្សាន្ត លេងសើច ក៏ត្រូវបានគេបង្ហោះដែរ។ លើសពីនេះទៅទៀត មានអ្នកខ្លះចូលចិត្តបង្ហោះរូបខ្លួនឯង តែអ្នកខ្លះទៀត មិនចូលចិត្តទេ។ តើនេះបណ្តាលមកពីមូលហេតុអ្វី?
អ្នកស្រី កង កល្យាណ អ្នកផលិតកម្មវិធីប្រចាំទូរទស្សន៍ C T N ដែលចូលចិត្តបង្ហោះរូបខ្លួនឯងញឹកញាប់នៅតាមបណ្តាញហ្វេសប៊ុក បាននិយាយថា ការបង្ហោះរូបភាពស្អាតៗ ធ្វើអោយអ្នកស្រីមានអារម្មណ៍សប្បាយចិត្ត និងកាត់ផ្តាច់ពីជីវិតការងារបន្តិច។ «ខ្ញុំរឹតតែសប្បាយចិត្តបន្ថែមទៀត នៅពេលមានគេចុច Like និង Comment ច្រើន។ គេចុច Like និង Comment ច្រើនមានន័យថា យើងមានអ្នកចូលចិត្ត និងអ្នកស្គាល់ច្រើន។ និយាយតាមត្រង់ទៅ បើគេ Comment មិនល្អក៏មិនសូវសប្បាយចិត្តដែរ»។
អ្នកស្រី កល្យាណ ដែលបានប្រើប្រាស់ហ្វេសប៊ុកតាំងពីឆ្នាំ២០០៧មក បាននិយាយថា រូបខ្លះរបស់អ្នកស្រីបានធ្វើអោយអ្នកស្គាល់គ្នាចុច Like រហូតដល់ទៅ៥០០ Like ក៏មានដែរ។ អ្នកស្រី កង កល្យាណ បានបន្តអោយដឹងទៀតថា ជីវិតការងារវាពោរពេញទៅដោយភាពហ្មត់ចត់ទៅហើយ ដូច្នេះ ក្រោយពីការងារ អ្នកស្រីចង់មានអារម្មណ៍«ជាយុវវ័យ»ខ្លះនៅក្នុងបណ្តាញហ្វេសប៊ុក។ «ពេលលេងហ្វេសប៊ុក ខ្ញុំមានអារម្មណ៍ថា យុវភាពបានវិលត្រឡប់មកវិញ»។ នេះគឺជាបញ្ជាក់បន្ថែមរបស់អ្នកស្រី កល្យាណ ដែលមានអាយុ៣២ឆ្នាំ នៅឆ្នាំ២០១៤នេះ។
កញ្ញា សុជាតា ម្នាក់ទៀតដែលកំពុងធ្វើការងារអោយក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញបាននិយាយដូចអ្នកស្រី កល្យាណ ដែរថា ការបង្ហោះរូបខ្លួនឯង ធ្វើអោយកញ្ញាសប្បាយចិត្ត រំភើប និងបាត់កង្វល់។ តែបើបង្ហោះហើយ មិនសូវមានអ្នកចុច Like កញ្ញាមិនសូវសប្បាយចិត្តទេ។ «បើគេចុច Like ច្រើន ខ្ញុំសប្បាយចិត្ត»។ នេះគឺជាការបន្ថែមរបស់កញ្ញា សុជាតា។
អ្នកចូលចិត្តបង្ហោះរូបខ្លួនឯងផ្សេងទៀត បានអត្ថាធិប្បាយថា ការបង្ហោះរូបភាព គឺដោយសារពួកគេចង់អោយអ្នកផ្សេងដឹងថា តើពួកគេកំពុងធ្វើសកម្មភាពអ្វី? ពួកគេនៅទីណា? តើការថតបង្ហោះខ្លួនឯង មិនមែនជាការបង្អួតទេឬ? អ្នកថតរូបខ្លួនឯងបានឆ្លើយតបមកវិញថា នេះវាមិនមែនជាការថតបង្អួតទេ តែជាការថតបង្ហោះបែបកម្សាន្តប៉ុណ្ណោះ។
មានមែនអ្នកចូលចិត្តថតបង្ហោះរូបខ្លួនឯង ឬអ្នក Selfie។ ប៉ុន្តែ អ្នកខ្លះទៀត មិនចូលចិត្តបង្ហោះរូបខ្លួនឯង ឬ Selfie អ្វីឡើយ។ «ខ្ញុំមិនដែលថតរូបខ្លួនឯង ហើយបង្ហោះនៅក្នុងបណ្តាញហ្វេសប៊ុកទេ។ អត់ចូលចិត្ត។ អ្នកចូលចិត្តថត ហើយបង្ហោះរូបខ្លួនឯង ប្រហែលជាចង់បង្ហាញពីភាពអស្ចារ្យរបស់គេហើយមើលទៅ»។ នេះគឺជាការអត្ថាធិប្បាយរបស់លោក សុវណ្ណា អាយុជាង២០ឆ្នាំ កំពុងបម្រើការអោយក្រុមហ៊ុនឯកជនមួយនៅទីក្រុងភ្នំពេញ។ លោក សុវណ្ណា បានបន្តទៀតថា លោកបង្ហោះសកម្មភាពការងារច្រើនជាងរូបខ្លួនឯង។លោកមិនបង្ហោះ ដោយសាររូបរាងលោកមិនសង្ហាទេឬ? លោក សុវណ្ណា បានឆ្លើបតបមកវិញថា «មិនមែនអ៊ីចឹងទេ»។
ដៃកាន់ទូរសព្ទរវល់ចុចហ្វេសប៊ុកស្ទើរគ្រប់ពេល យុវជន បូរ៉ា អាយុជិត២០ឆ្នាំបាននិយាយថា គាត់ចូលចិត្តលេង ឬតាមដានព័ត៌មាននៅក្នុងបណ្តាញហ្វេសប៊ុកដែរ។ តែលោកមិនចូលចិត្តអ្នកបង្ហោះរូបខ្លួនឯងនោះទេ។
«Selfie ឬបង្ហោះរូបខ្លួនឯង គឺគ្មានន័យអ្វីទេ។ ខ្ញុំអត់ចូលចិត្តទាល់តែសោះ។ ខ្ញុំអាចបង្ហោះរូបទេសភាព ឬរូបអ្វីៗផ្សេងពីរូបខ្ញុំ វាប្រសើរជាង»។ នេះគឺជាបញ្ជាក់របស់យុវជន បូរ៉ា។ យុវជនរូបនេះ បន្ថែមទៀតថា លោកមិនចូលចិត្តទាល់តែសោះ អ្នកណាដែល Selfie ហើយ បង្ហោះរូបខ្លួនឯងជារៀងរហូតនោះ។
មានទស្សនៈពីរផ្សេងគ្នាជុំវិញការថតរូបបង្ហោះខ្លួនខាងលើនេះ។ មតិទី១ថា ការបង្ហោះរូបខ្លួនឯងច្រើនពេកនៅតាមបណ្តាញហ្វេសប៊ុកអាចធ្វើអោយបាត់បង់តម្លៃខ្លួនឯង ពីព្រោះជីវិតឯកជនមួយចំនួនគួរត្រូវបានលាក់បាំង។ តែមតិទី២វិញថា ការបង្ហោះរូបភាពខ្លួនឯងវារឹតតែធ្វើអោយមនុស្សកាន់តែច្រើនស្គាល់ទៅវិញ ហើយវា គឺជាសកម្មភាពកម្សាន្តអារម្មណ៍តែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com