ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សន្យា​ដោះស្រាយ​បញ្ហាដីធ្លី​ជូន​ពលរដ្ឋ​ខេត្តកោះកុង
12, Dec 2014 , 2:41 pm        
រូបភាព
រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ សន្យាថា​នឹង​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​ដែល​នៅ​សេសសល់​ទាំងអស់​ឲ្យ​បាន​ចប់ តាមរយៈ​គោលការណ៍​យុត្តិធម៌។ ការសន្យា​នេះ​គឺធ្វើឡើង ក្រោយពី​ជំនួប​ពិភាក្សាគ្នា រវាង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មាការ​ទី១ នៃ​រដ្ឋសភា កាល​ព្រឹក​ថ្ងៃទី១២ធ្នូ​នេះ នៅ​ក្រសួងបរិស្ថាន។



ក្រោយពី​ជំនួប​ពិភាក្សាគ្នា​រយៈពេល២ម៉ោង រវាង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មាការ​ទី១ នៃ​រដ្ឋសភា ទាក់ទង​និង​បញ្ហាដីធ្លី​របស់​ប្រជាពលរដ្ឋ​ខេត្តកោះកុង ដែលមាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន យូ​ញៀន ឌី​វេ​ឡូ​ប​មិន Union Development នាពេល​កន្លងមកនេះ។ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​លោក សាយ សំ​អាល់ សន្យាថា ក្រសួង​នឹង​ដោះស្រាយ​បញ្ហាដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​ដែល​នៅ​សេសសល់​ទាំងអស់​ឲ្យ​បាន​ចប់ តាមរយៈ​គោលការណ៍​យុត្តិធម៌។ បើតាម​លោក សាយ សំ​អាល់ កន្លងមក​ក្រសួង​បាន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ជិត១ពាន់​គ្រួសារ​មកហើយ។ លើសពីនេះ​ក្រសួង​កំពុង​រៀបចំ​កាត់​ដី​ចំនួន៩ពាន់ ហិច​តា ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ។

លោក​បន្ថែម៖«ខ្ញុំ​និង​ព្យាយាម​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​សេសសល់​ទាំងអស់​ជូន​ពួកគាត់។ ហើយ​ក្រសួង​ក៏​កំពុង​រៀបចំ​កាត់​ដី​ជូន​ពួកគាត់​តាម​និតិ​វិធី​ផងដែរ»។
លោក សាយ សំ​អាល់ បន្ថែមទៀតថា កន្លងមកនេះ​ក្រសួង​ក៏បាន​ចុះទៅ​ត្រួតពិនិត្យ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន ដើម្បី​យកមក​ដាក់​នៅក្នុង​គណៈ​ក​ម្មា​ការ​អន្តរក្រសួង ធ្វើការ​សម្រេចចិត្ត​លើ​ក្រុមហ៊ុន​ទាំងនោះ ដើម្បី​ដកយក​ដី​សម្បទាន​មកវិញ។

បើតាម​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី១ នៃ​រដ្ឋសភា  ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង​នៅ​សេសសល់​ទាំងនោះ បាន​ប្ដឹងទៅ​គណៈកម្មការ​របស់លោក ដោយ​ពួកគេម្នាក់ៗលើកឡើងថា ការដោះស្រាយ​របស់​រដ្ឋា​ភិ​បាល​កន្លងមក មិនមាន​ភាពសមរម្យ មានការ​បង្ខិតបង្ខំ និង​គ្មាន​ភាពយុត្តិធម៌​ដល់​ពួកគេ។ លោក​បន្ថែមថា៖«ពួកគេ​ប្រាប់​ខ្ញុំ​ថា​ក្រសួង​បាន​ដោះស្រាយ តែ​វា​មិនមាន​ភាពត្រឹមត្រូវ​សម្រាប់​ពួកគេ ព្រោះ​ឲ្យ​តំលៃ​ទៅលើ​ដី​ពួកគេ​មិន​សមរម្យ ដែល​មិនអាច​ឲ្យ​ពួកគេ​ទទួលបាន ហើយ​មានការ​បង្ខំ​ទៀតផង»។

ប្រជាពលរដ្ឋ​នៅ​ខេត្តកោះកុង ដែលមាន​បញ្ហា​ជាមួយ​ក្រុមហ៊ុន ក្រុមហ៊ុន យូ​ញៀន ឌី​វេ​ឡូ​ប​មិន Union Development កន្លងមក​ពួកគេ​ក៏​ធ្លាប់​បានដាក់​ពាក្យបណ្ដឹង​តវ៉ា​ជា​បន្តបន្ទាប់​ផងដែរ ដើម្បី​រក​អន្តរាគមន៍​ជួយ​ដំណោះស្រាយ​បញ្ហាដីធ្លី​របស់​ពួកគេ៕



© រក្សាសិទ្ធិដោយ thmeythmey.com