ជាតិ
សង្គមជាតិ
កុមារ​ក្រីក្រ​រស់នៅ​មាត់​លូទឹកស្អុយ​ប្រឈម​គ្រោះថ្នាក់​រាល់ថ្ងៃ
12, Dec 2014 , 3:09 pm        
រូបភាព
 ក្នុងខណៈ​ពេលដែល​កុមារ​កូនអ្នកមាន​ទ្រព្យសម្បត្តិ​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ មាន​លំនៅដ្ឋាន​សមរម្យ មាន​ម្ហូ​ប​អាហារឆ្ងាញ់ៗ មាន​បន្ទប់​គេង​ម៉ាស៊ីនត្រជាក់ និង​មាន​អាង​ហែល​ទឹក ដែល​ពោ​ពេញ​ដោយ​ផាសុកភាព​ផង​នោះ  មាន​ក្រុម​កុមារ​ដែល​រស់នៅ​តាម​មា​ត់​លូទឹកស្អុយ​ក្នុង​រាជធានី​ភ្នំពេញ​មួយចំនួន​ផ្សេងទៀត គ្មាន​សំណាង​ដូច​កុមា​រទាំ​នោះឡើយ។ ពួកគេ​រស់នៅ​ដោយ​ផ្សាភ្ជាប់​ជីវិត​ជាមួយ​បរិយាកាស​អាប់អួរ​នៃ​លូទឹកស្អុយ និង​ជ្រើស​យក​ទឹកលូ​នេះ ជា​កន្លែង​ហែល​លេង​កំសាន្ត​របស់​ពួកគេ​ផងដែរ។



កុមារ​មួយចំនួន​ដែល​រស់នៅ​ក្នុងភូមិ​នេះ តាម​បណ្តោយ​មាត់​លូទឹកស្អុយ​បឹងត្របែក​ចុង​ខាងត្បូង មានឱកាស​ត្រឹម ជ្រក​ក្រោម​ដំបូល​ខ្ទម ជញ្ជាំង​ធ្លុះធ្លាយ ឬ​ផ្ទះតូចៗប្រក់​ស័ង្កសី ឬ​តង់ និង​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​នោះទេ។ បឹងត្របែក​ចុង​ខាងត្បូង ដែលមាន​ទីតាំងនៅ​កណ្តាល​រាជធានី​ភ្នំពេញ ស្ថិតនៅ​ក្នុងភូមិ៤ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ​ជាង៥០គ្រួសារ​កំពុង​រស់នៅ។

ទស្សនាវីដេអូ


នៅ​កណ្តាល​រាជធានី​ភ្នំពេញ​មែនពិត ប៉ុន្តែ​មិនមែនជា​តំបន់​ដែលមាន​ការអភិវឌ្ឍន៍​ទំនើប ឬ​ជា​តំបន់​ដែលមាន​ផាក​សុខភាព​នោះទេ វា​គឺជា​កន្លែង​ដែល​ពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ផ្សារភ្ជាប់​ជីវិត​រាល់ថ្ងៃ​ជាមួយនឹង​កាកសំណល់​សំរាម និង​ទឹកលូ​ខាប់​ខ្មៅ ដែលមាន​ក្លិនស្អុយ គ្មាន​អនាម័យ និង​គ្មាន​ទឹកស្អាត​ដើម្បី​ប្រើប្រាស់។

ប្រជាពលរដ្ឋ​ទាំងនេះ ភាគច្រើន ជា​អ្នក​ចំណាក ស្រុក​មកពី​តាម​បណ្តា​ខេត្ត​មួយចំនួន មក​តាំង​ទីលំនៅ​នៅទីនេះ​ពី​ដប់ ទៅ​ម្ភៃ ឬ​សាមសិប​ឆ្នាំ​មកហើយ។ ពួកគេ​ប្រក​បរបរ​តូចតាច​ដើម្បី​ចិញ្ចឹម​គ្រួសារ អ្នកខ្លះ​លក់​លៀស​ហាល អ្នកខ្លះ​លក់​បាយ កាហ្វេ និង​អីវ៉ាន់​ចាប់ហួយ​តិចតួច អ្នកខ្លះ​រត់​ម៉ូតូឌុប និង​អ្នក​ខ្លះទៀត​ដាំ​បន្លែបង្ការផ្សេងៗនៅលើ​ទឹកលូ​នេះ​តែម្តង។

មាន​សំណួរ​ជាច្រើន​បាន​ចោទ​សួរថា តើ​ប្រជាពលរដ្ឋ​ទាំងនេះ​រស់នៅ​យ៉ាងដូចម្តេច​នៅលើ​ទឹកលូ​ស្អុយ​នេះ?  ហើយ​តើ​ពួកគាត់​ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ?
ជា​អ្នក​មក​រស់នៅ​ភូមិ​នេះ​មុនគេ ពោលគឺ​តាំងពី​អំឡុង​ទសវត្ស៨០មក អ្នកស្រី ហ៊ួ សៀក​លន អាយុ៥៥ឆ្នាំ មានប្រសាសន៍ថា៖«បើ​និយាយ​ពី​រឿង​លំបាក គឺ​ពិបាក​មែនទែន។ បើ​ខែ​ភ្លៀង​វិញ កូន​នៅលើផ្ទះ ហើយ​ត្រូវ​ជីក​អណ្តូង ដើម្បី​បាន​ទឹក​សម្រាប់​ប្រើប្រាស់ ក្រោយមក​ទើប​ត​ទឹក​ពី​ផ្ទះ​អ្នកជិតខាង​មក​ប្រើ​វិញ»។

ពេល​ភ្លៀង​លិចម្តងៗ ត្រូវ​នាំ​ចៅ​នៅលើផ្ទះ​ដោយ​ដាក់​គ្រែ ឬ​កៅអី​ឲ្យ​ផុត​ទឹក ព្រោះ​ទឹក​លិច​ត្រឹម​កជើង ហើយ​បើ​នៅ​ខាងក្រៅ​ផ្ទះ​វិញ លិច​ត្រឹម​ទ្រូង​ឯណោះ។ នេះ​ជាការ​បញ្ជាក់​របស់​ពល​រដ្ឋ​មកពី​ខេត្តស្វាយរៀង។ ទើបតែ​មក​រស់នៅ​ជាមួយ​បាន​ប្រមាណ៣ខែ អ្នកស្រី បន្តថា៖«២ទៅ៣ថ្ងៃ​ទើប​ទឹក​ស្រក​អស់ ហើយ​ដល់ពេល​ហូបបាយ រូបគាត់​ត្រូវ​ដើរកាត់​ទឹក ដើម្បី​ទៅ​ទិញ​ម្ហូប​ឲ្យ​ចៅ»។

ដោយ​ស្រូបយក​បរិ​យា​អាប់​អ៊ួ​រាល់ថ្ងៃ អ្នកភូមិ​នៅទីនេះ​ជាពិសេស​កុមារ តែង​ឈឺ​ជាប្រចាំ ជាងនេះទៅទៀត​ពួកគេ ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅពេល​មាន​ភ្លៀង។ ពេល​ភ្លៀង​ធ្លាក់ម្តងៗទឹកលូ​ខាប់​ខ្មៅ​ជន់​ហូរ​លិច​ផ្ទះ​ពួកគេ​គ្មាន កន្លែង​សម្រាក​នោះទេ ហើយ​អាជីវកម្ម​ទាំងឡាយ​ក៏ត្រូវ​ផ្អាក​បណ្តោះអាសន្ន​ផងដែរ។ កុមារ​ត្រូវ​ប្រឈម​នឹង​គ្រោះ​លង់ទឹក ព្រោះ​រាល់ពេល​ភ្លៀង​ទឹក​លិច ពួកគេ​តែង​នាំគ្នា​ហែល​លេង​ក្នុង​ទឹកលូ​នេះ។

កំពុង​អង្គុយ​នៅមុខ​ផ្ទះ​ឈើ​តូច​មួយ ដែល​សសរ​ទាំងអស់​ល​យ​ចូលទៅក្នុង​លូទឹកស្អុយ អ្នកស្រី ថៃ យ៉​ន អាយុ៦០ឆ្នាំ មក​រស់នៅ​មាត់​លូ​នេះ​ជាង​ដប់​ពីរ​ឆ្នាំ​មកហើយ បាន​រៀបរាប់ថា៖«វេទនា​បំផុត ពេលខ្លះ​ទឹក​លិច​ត្រឹម​ទ្រូង ពេលខ្លះ​ត្រឹម​ករ​ក៏មាន។ ពេល​ទឹក​លិចម្តងៗគ្មាន​កន្លែងដេក​ទេ នាំ​កូន​នាំ​ចៅ ទៅ​ក្រាល​ថង់កៅស៊ូ​ដេក​គរ​គ្នា​តាម​ចិញ្ចើមថ្នល់។ ខ្ញុំ​ឧស្សា​ឈឺ​ណាស់ ឈឺក្បាល វិលមុខ ផ្តាសាយ ព្រោះ​ទ្រាំ​នឹង​ក្លិនស្អុយ​មិនបាន។ ជាពិសេស​ចៅ​ខ្ញុំ​តែម្តង ពួកវា​ឈឺ​ក្តៅ រាក​បន្ត​គ្នា»។

«ពេល​ទឹក​លិច​មក គ្មាន​អ្នកណាម្នាក់​លក់​អី​កើត​ទេ ខ្ញុំ​ក៏​គ្មាន​លក់​អី​កើត​ដែរ ទឹក​លិច​តែ​ទាំងអស់​នឹង...។ នេះ​ជាការ​លើក ឡើង​របស់លោក ញ៉ែម សៅ ដែល​រស់​នៅតាម​បណ្តោយ​លូទឹកស្អុយ​នេះ ជាង​ប្រាំ​មួយឆ្នាំ​មកហើយ។ជា​អ្នកលក់ដូរ​គ្រឿងទេស នៅ​មាត់​លូ​នេះ លោក ញ៉ែម សៅ បន្តថា៖«ពេលខ្លះ​ភ្លៀង​រហូត​ពេក​ទៅរក​តែ​លុយ​ទិញ​បាយ​អោយ​កូន​មិនបាន​ផង។ និយាយ​ពី​លាមក​វិញ អណ្តែត​ពេញ​នឹង​តែម្តង»។

និយាយ​ពី​ការរស់នៅ​របស់ក្មេងៗនៅតាម​បណ្តោយ​លូ​នេះ​វិញ កុមារី ស្រី​ណា អាយុ​ដប់ឆ្នាំ ដែល​មក​រស់នៅ​ជាប់មាត់​លូទឹកស្អុយ​នេះ​តាំងពី​នាង​មាន​អាយុ​ប្រាំ​ឆ្នាំ​នោះ ក៏បាន​អោយដឹង​ផងដែ​រថា៖«នៅទីនេះ​លំបាក​ណាស់ សំរាម​ហូរ​ចាក់គរ​ក្រោមផ្ទះ​ឡើង​ស្អុយ»។ ពេល​ភ្លៀង​លិចម្តងៗ ស្រី​ណា ត្រូវ​ឆ្លង​ទឹក​មករក​កន្លែង​ទួល​នៅក្នុង​ភូមិ ព្រោះ​ផ្ទះ​របស់​របស់​នាង​ទឹក​លិច​ចូល​ពេញ។ ស្រី​ណា បាន​បន្ថែមថា៖« ពេល​ភ្លៀង​លិច​សត្វ​ក្អែប ដង្កូវ​អី វា​ចូល​ផ្ទះ​តែម្តង គួរអោយ​ខ្ពើម​ណាស់។ ហើយ​ខ្ញុំ​ក៏​ឧស្សា​ឈឺ រាក ផ្តាសាយ តឹង​ច្រមុះ​ផងដែរ​ព្រោះ​ក្លិនស្អុយ​ពេក»។

ដោយឡែក​កុមារី​ស្រីនាត​វិញ បាន​និយាយថា រូបគេ​មិន​ចង់​រស់នៅ​ទីនេះ​ទេ នៅពេលដែល​ទឹក​លិច។ «ខ្ញុំ ឧស្សាហ៍​ឈឺ​ណាស់ ដូចជា រាក​រួស ផ្តាសាយ និង​ឈឺក្បាល​ជាដើម»។

ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់​លូទឹកស្អុយ​ចុង​ខាងត្បូង ជាពិសេស​កុមារ​រស់នៅ​ប្រឈម​ខ្លាំង​នឹង​បញ្ហា​គ្រោះថ្នាក់​សុខភាព​រៀងរាល់​ថ្ងៃ។ ពួកគេ​រំពឹងថា អាជ្ញាធរ ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង​ជួយ​យកចិត្តទុកដាក់​សំអាត ដើម្បីអោយ​បរិយាកាស​នៅទីនេះ​បានល្អ​ប្រសើរ៕





© រក្សាសិទ្ធិដោយ thmeythmey.com