ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី រិះគន់​ចលនា​ថ្មី​ដែល​ចង់​បង្កើត​គណបក្ស
12, Dec 2014 , 4:18 pm        
រូបភាព
លោក សម រង្ស៊ី
លោក សម រង្ស៊ី
ពី​វេទិកា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​ល្ងាច​ថ្ងៃទី១០ធ្នូ​ដែលជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នោះ លោក សម រង្ស៊ី ប្រធាន​គណបក្សជំទាស់ បាន​និយាយ​ច្រើន​ពី​លទ្ធផល​នៃ​ការចរចា​ជាមួយ​គណបក្សកាន់អំណាច​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន។ ពី​វេទិកា​ដដែល ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ឆ្លៀត​រិះគន់​ចលនា​ថ្មី​ដែល​គំរាម​បង្កើត​គណបក្សប្រឆាំង​ថ្មី​ទៀត​ដែរ។


លោក សម រង្ស៊ី បាន​និយាយ​ស្រែក​ខ្លាំង​ដាក់​ក្បាល​មីក្រូ  ដើម្បី​ពន្យល់​ប្រាប់​អ្នកគាំទ្រ​ដែល​ស្តាប់​លោក​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថា ពួកគេ និង​ពលរដ្ឋ​ខ្មែរ​កំពុង​ទទួលបាន​ផ្លែផ្កា​ពី​ដើមឈើ​មួយ​ដើម ដែល​បាន​ដាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​ថា​ផ្លែផ្កា​នេះ កំពុង​ចេញ​រូបរាង​ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី​តែប៉ុណ្ណោះ។ លោក សម រង្ស៊ី កំពុងនិយាយ​អំពី​ការសម្រេចចិត្ត​របស់​គ​ណ​បក្ស​នេះ​ក្នុងការ​ដើរចូល​រដ្ឋសភា ហើយ​ចាប់ផ្តើម​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​ការកែទម្រង់​ថ្នាក់ជាតិធំៗមួយចំនួន។

«ក្នុង​រយៈពេល២ខែ​ទៀត យើង​នឹង​បាន​ប្តូរ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហើយ។ ខ្ញុំ​សន្យាថា នៅ​ឆ្នាំ២០១៥ គណបក្ស​សង្គ្រោះ​ជាតិ​នឹងមាន​ទូរទស្សន៍​ហើយ សូម​បងប្អូន​ចាំ​បើក​មើល! ការផ្លាស់ប្តូរ​មួយទៀត គណបក្ស​មិន​នៅក្នុង​រដ្ឋាភិបាល នឹងត្រូវ​ទទួលស្គាល់​ជា​ផ្លូវការ​តាមច្បាប់…»។ លោក សម រង្ស៊ី បានចាត់ទុក​លទ្ធផល​ទាំងនេះ ជា​ផ្លែផ្កា​ដ៏​ល្អ​ដែល​ចេញពី​ដើមឈើ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាំ តែ​រយៈពេល​ប៉ុន្មាន​ខែ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ប៉ុន្តែ​សម្រាប់​លោក សម រង្ស៊ី មាន​មនុស្ស​មួយចំនួន​មិនបាន​ពេញ​ចិត្តនឹង​ផ្លែផ្កា​នេះ​ទេ ហើយ​ចង់​កាប់បំផ្លាញ​ដើមឈើ​នេះ​ចោល​ទៀត។ លោក សម រង្ស៊ី កំពុងនិយាយ​អំពី​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​របស់​ក្រុម​សង្គម​ស៊ីវិល និង​អ្នកស្រាវជ្រាវ​មួយចំនួន​ដែល​គេ​ស្គាល់ឈ្មោះ​ហើយ ដែល​បាន​ព្រមាន​បង្កើត​គណបក្សនយោបាយ​របស់ខ្លួន​មួយ។

លោក សម រង្ស៊ី និយាយ​យ៉ាង​ដូច្នេះ​ថា៖ «អ្នកខ្លះ គេ​មិន​សប្បាយចិត្ត។ គេ​ឃើញ​យើង​ដាំ​ដើមឈើ ពូជ​សង្គ្រោះ​ជាតិ យើង​ដាំ​តែ៤ ឬ៥ខែ ស្រាប់តែ​លូតលាស់​ធំ ចេញ​ជា​ផ្លែ គេ​ថា​ឲ្យ​កាប់​ចោល​ទៅ។ គេ​សុំ​ដាំ​ថ្មី។ បងប្អូន​មាន​ដែល​ឮ​ទេ? ប៉ុន្តែ​ដើមឈើ​នោះ មិនដឹង​រើស​ពូជ​ពី​ណា​មក​ទេ?» លោក សម រង្ស៊ី អំពាវនាវ​ដល់​អ្នកគាំទ្រ​ឲ្យ​ថែរក្សា​ដើម​សង្គ្រោះ​ជាតិ​វិញ ដោយនិយាយ​យ៉ាង​ដូច្នេះ៖«ដើមឈើ​យើង​ធំ​ហើយ​ណា បងប្អូន។ សូមជួយ​ថែទាំ​ណា! បាន​ផ្លែ​ប៉ុណ្ណេះ​ហើយ សូម​រង់ចាំ​បន្តិច​ទៅ ទុំ​ហើយ។ បាន​ហូប​ទាំងអស់គ្នា មិន​ត្រឹមតែ​យើង​ទេ ប៉ុន្តែ​សម្រាប់​កូនចៅ​យើង​ជំនាន់ក្រោយៗទៀត»៕



© រក្សាសិទ្ធិដោយ thmeythmey.com