ជាតិ
កូរ៉េខាងត្បូង​ចុះ​MOUជាមួយ​មី​យ៉ាន់​ម៉ា ឡាវ និង​កម្ពុជា​ដើម្បី​ការពារ​ព្រៃឈើ
12, Dec 2014 , 7:00 pm        
រូបភាព
ដោយ:
កូរ៉េខាងត្បូង បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយនឹង​ប្រទេស​អាស៊ាន​បី រួមមាន មី​យ៉ាន់​ម៉ា ឡាវ និង​កម្ពុជា ដើម្បី​ធ្វើការ​អភិរក្ស​ព្រៃឈើ ការពារ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ការបំពុល​ដោយសារតែ​ការកាប់​ព្រៃឈើ។ ការចុះហត្ថលេខា​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប២៥ ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ។



កាលពី​ថ្ងៃទី១០ខែធ្នូ​កន្លងទៅនេះ​កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​មួយ​ជាមួយ​សមាជិក​អាស៊ាន​បី​ប្រទេស​រួមមាន​មី​យ៉ាន់​ម៉ា​ឡាវ និង​កម្ពុជា នៅក្នុង​គោលបំណងផ្សេងៗគ្នា​ដែល​ពាក់​ព​ន្ធ័​ការអភិរក្ស​ព្រៃឈើ​ការដាំ​ឈើ​ឡើងវិញ​ការការពារ​ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​និង​ការបំពុល​ដោយសារតែ​កាប់​ព្រៃឈើ។ការចុះហត្ថលេខា​នេះ ធ្វើឡើង​ក្នុង​ឳ​កាស​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប ២៥ ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​អាស៊ាន-សាធារណរដ្ឋ​កូរ៉េ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។

ប្រទេស​អាស៊ាន​បី​ដែល​ត្រូវបាន​ស្គាល់​ថា​ជា​ប្រទេស​ដែលមាន​ព្រៃឈើ​ច្រើន​និង​ការកាប់​ព្រៃឈើ​ច្រើន​ផងដែរ​បាន​ផ្តើម​រឹតបន្តឹង​ការការពារ និង​ចាត់​វិធាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សហការ​ជាមួយ​កូរ៉េខាងត្បូង។ក្នុងនោះ​ស្ថាប័ន​សេវា​ព្រៃឈើ​កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ជាមួយ​មី​យ៉ាន់​ម៉ា​លើ​កិច្ចសហការ​វិនិយោគ​លើ​ការដាំ​ដើមឈើ​ឡើងវិញ​និង​ប្រយុទ្ធប្រឆាំង​និង​ការផ្លាស់ប្តូរ​អាកាសធាតុ។

បន្ថែម​ពីនេះ​ទៅទៀត​ស្ថាប័ន​សេវា​ព្រៃឈើ​កូរ៉េខាងត្បូង​ក៏បាន​ចុះហត្ថលេខា​អនុស្សារណៈ​យោគយល់​ជាមួយនិង​កម្ពុជា​លើ​ការកាត់បន្ថយ​ការបំពុល​ដោយសារតែ​ការកាប់​ព្រៃឈើ​និង​ការកាប់បំផ្លាញ​ព្រៃឈើ​កាន់តែ​ធ្ងន់ធ្ងរ។ចុងក្រោយ​កូរ៉េខាងត្បូង​បាន​ចុះហត្ថលេខា​លើ​អនុស្សារណ​ជាមួយនិង​ឡាវ​ផងដែរ​លើ​ការវិនិយោគ​លើ​ការដាំ​ដើមឈើ​ឡើងវិញ​និង​អភិរក្ស​ពូជឈើ​ដែលមាន​តម្លៃ។

គួរបញ្ជាក់​ផងដែរ​ថា​កិច្ចសហប្រតិបត្តិការ​ថ្មី​នេះ​អាចជា​សញ្ញាណ​ថ្មី​មួយ​ក្នុងការ​ថែរក្សា​ព្រៃឈើ​និង​រឹតបន្តឹង​កុំអោយ​មានការ​កាប់បំផ្លាញ​ខុសច្បាប់។យ៉ាងណាមិញ កិច្ចសហការ​នេះ​អាច​នឹង​ដំណើរ​ការល្អ​ប្រសិន​ច្បាប់​នៅក្នុង​ប្រទេស​ធ្វើការ​រឹតបន្តឹង​និង​អនុវត្តបាន​តឹងរឹង៕



© រក្សាសិទ្ធិដោយ thmeythmey.com