ជាតិ
សុខភាព
ប្រធាន​ពេទ្យ​គន្ធបុប្ផា ប្រាប់​ឲ្យ​រដ្ឋ​ត្រៀម​ថវិកា​ទុកពេល​គាត់​មិនអាច​រកប្រាក់​ជំនួយ​បាន
12, Dec 2014 , 8:15 pm        
រូបភាព
ដោយ:
ប្រធាន និង​ជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត Beat Richnerបាន​ប្រាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ត្រៀម​ថវិកា​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​មួយ​នេះ​នៅក្នុង​ពេលខាងមុខ នៅពេលដែល​លោក មិនអាច​លេង​សែ​ល​ឡូ​ដើម្បី​រៃអង្គាស​ថវិកា​បាន​ទៀត​នោះ។



នៅក្នុង​លិខិត​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី ៧ ខែធ្នូ ដែលមាន​ចំណងជើង​ថា «តើ​នឹងមាន​អ្វី​កើត​ឡើងទៅ ចំពោះ​កុមា​របើ​មន្ទីរពេទ្យ​គន្ធបុប្ផា មិន​ដំណើរការ​នៅ​ថ្ងៃអាទិត្យ?» នោះ លោក​វេជ្ជបណ្ឌិត Beat Richner បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល​បាន​ចូលរួម​តែ ១ ភាគរយ​នៃ​ថវិកា​សរុប​សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​នេះ ក្នុង​រយៈពេល​មួយឆ្នាំ។

បើតាម​លិខិត​ដដែល​នោះ ៨៥ ភាគរយ​នៃ​ថវិកា​ជាង ៤០ លាន​ដុល្លារ ក្នុងមួយឆ្នាំៗ គឺ​បានមកពី​ការបរិច្ចាគ​ពី​សប្បុរសជន​ផ្នែក​ឯកជន។ មន្ទីរពេទ្យ​កុមារ​មួយ​នេះ បាននិងកំពុង​ជួយ​ព្យាបាល​ជំងឺ​ដល់​កុមារ ៨៥ ភាគរយ​នៃ​កុមារ​កម្ពុជា​សរុប និង ៩២ ភាគរយ​ប្រសិនបើ​មាន​ករណី​ជំងឺគ្រុនឈាម​នោះ។

សូមបញ្ជាក់ថា ក្នុងមួយថ្ងៃៗមន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវ​ចំណាយ​ថវិកា​អស់​ជាង ១២ម៉ឺន ដុល្លារ​អាមេរិក សម្រាប់​ទ្រទ្រង់​ដល់​ការព្យាបាល​ទាំង​អស់ ដោយ​គ្មាន​ការបង់ប្រាក់។ ក្នុង​រយៈពេល ២៣ ឆ្នាំ​កន្លងមកនេះ មន្ទីរពេទ្យ​មួយ​នេះ បាន​ចំណាយ​ថវិកា​អស់​ប្រហែល ៥៦០ លាន​ដុល្លារ ដែល​ក្នុងនោះ​មាន ៩២,៥ ភាគរយ​បានមកពី​ការបរិច្ចាគ​ដោយ​សប្បុរសជន ជាពិសេស​ពី​ប្រជាជន​ស្វ៊ី​ស និង ៧,៥ ភាគរយ​គឺជា​ថវិកា​ដែល​បានមកពី​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​រដ្ឋាភិបាល​ប្រទេស​ស្វ៊ី​ស៕



© រក្សាសិទ្ធិដោយ thmeythmey.com